កូឡុំប៊ី​​គ្រោង​​ទិញ​ដី​ពី​​​​​អ្នក​មាន​ ​​​ផ្ដល់​​ឲ្យ​​អ្នក​ក្រី​ក្រ​

  • 2015-08-05 23:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ប្រទេស​កូឡុំប៊ី​​​បាន​ប្រកាស​​​ប្រាប់​ពី​ផែន​ការ​​ទិញ​ដី​​​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​មាន​ៗ​ មក​ចែក​ជូន​ប្រជាជន​ក្រីក្រ​នៅ​ក្នុង​ប្រទេស។

 

 

តាម​​​ការ​​ឲ្យ​ដឹង​ពី​​រដ្ឋមន្ត្រី​កសិកម្ម របស់​​កូឡុំប៊ី​​​​ លោក Aurelio Iragorri ​​តាមរយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ El Tiempo ​បាន​ឲ្យ​ដឹង​ថារដ្ឋាភិបាល​នឹង​​ចំណាយ​ថវិកា​ទិញ​​ដី​​​ស្រែ​ទំហំ​សរុប​២,៥​លាន ​Acre (ប្រហែល​១​លាន​ហិកតារ​) ដែល​ជា​គម្រោង​មួយ​ឈ្មោះ​Landbank។​ ដី​ស្រែ​ដែល​​ជា​ទ្រព្យ​របស់​អ្នក​មាន​ៗ ទុក​ចោល​ទំនេរ​​​​ទាំង​​នោះ​ នឹង​ត្រូវ​​​យក​ទៅ​ឲ្យ​​គ្រួសារ​អ្នក​ក្រី​ក្រ​ប្រើ​ប្រាស់​​។

 

គម្រោង​នៃ​ការ​ធ្វើ​បែប​នេះ​ គឺ​រំពឹង​ថា​នឹង​​មាន​ប្រជាជន​មក​តាំង​ទី​លំនៅ​ក្នុង​​ដី​កំណើត​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​មាន​វិបត្តិ​ជម្លោះ​​ក្នុង​​ប្រទេស​ជាង​​៥​ទសវត្ស​​មក​។ ជម្លោះ​រ៉ាំរ៉ៃ​​​ដែល​បង្ក​ឡើង​​​ពួក​ឧទ្ទាម ជន​ទុច្ចរិត​ និង​មន្ត្រី​យោធា​រដ្ឋាភិបាល បាន​បង្ក​ឲ្យ​ប្រជាជន​ចាក​ចេញ​ពី​កន្លែង​ដែល​គេ​រស់​នៅ និង​ធ្វើ​ឲ្យ​មាន​​គម្លាត​ឆ្ងាយ​​រវាង​​អ្នក​មាន ​និង​អ្នក​ក្រ។

 

ដោយ​ឡែក​​ចំពោះ​ដី​ធ្លី​ដែល​​ត្រូវ​បាន​ទិញ​ដោយ​ឈ្មួញ​គ្រឿង​ញៀន​ទុច្ចរិត ​នឹង​ត្រូវ​យក​​បញ្ចូល​ក្នុង​គម្រោង ​Landbank នេះ​ផង​ដែរ។ លោក​ប្រធានាធិបតី​កូឡុំប៊ី ​​​​​Juan Manuel Santos នឹង​​ដាក់​សំណើ​​​នេះ​ទៅ​ឲ្យ​សភា​អនុម័ត ប្រសិន​បើ​សភា​មិន​ជំទាស់​ទេ​នោះ គម្រោង​នេះ​​នឹង​ដំណើរការ​តាម​ការ​គ្រោង​ទុក៕

 

ចុច​អាន៖ មហាសេដ្ឋី​ចិន​ទិញ​ដី​នៅ​អាមេរិក​ ២៣​លាន​ដុល្លារ​ទុក​អភិរក្ស​ព្រៃ​ឈើ

​​​​​​​​​​​​​​​​​​​​​​

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ metro , AFP