សៀវ​ម៉ី និង​​ដាវីន ​ស្នើ​ឲ្យ​​មហា​ជន​ទទួល​ស្គាល់ ស៊ន អេលីត ​ជា​ម្ចាស់​មេដាយ​មាស​​ពិភពលោក​ផង​

  • 2015-08-05 23:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ន ដាវីន និង​ស៊ន សៀវម៉ី​ បាន​សំណូម​ពរ​ឲ្យ​ពល​រដ្ឋ​កម្ពុជា​ និង​ថ្នាក់​ដឹក​នាំ​ទទួល​ស្គាល់​បង​ប្រុស​របស់​ពួក​នាងគឺ​លោក​ ស៊ន អេលីត ​ជា​អ្នក​ឈ្នះ​មេដាយ​មាស​​​ពិភព​លោក​​ផ្នែក​កីឡា​វ៉ូវីណាម​ម្នាក់​ផង​ដែល​ការ​សំណូម​ពរ​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​គណៈកម្មាការ​ជាតិ​អូឡាំពិក​កម្ពុជា​ប្រកាស​ថា អ្នក​ឈ្នះ​មេដាយ​មាស​ពិភព​លោក​មាន​តែ​ពីរ​នាក់។

 

ស៊ន សៀវម៉ី ​បាន​ទូរសព្ទ​ប្រាប់​ថា​ នាង និង​​ក្រុម​គ្រួសារ​​​គ្មាន​ចង់​បាន​អ្វី​​ឡើយ​​ក្រៅ​ពី​សូម​ឲ្យ​ទទួល​ស្គាល់​ស្នាដៃ​បង​ប្រុស​របស់​នាង​ ស៊ន អេលីត​ ដែល​បាន​ឈ្នះ​មេដាយ​មាស​វ៉ូវីណាម​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១១​នៅ​ប្រទេស​វៀតណាម។ ការ​ឈ្នះ​មេដាយ​មាស​របស់ ស៊ន អេលីត​ ​កាល​ពី​ឆ្នាំ​២០១១​នោះ​គឺ​ដូច​គ្នា​ទាំង​ស្រុង​នឹង​ការ​ឈ្នះ​មេដាយ​មាស​វ៉ូវីណាម​ពិភព​លោក​របស់​ សែន​ រ៉ាឌី។

 

នៅ​ពេល​ សែន​ រ៉ាឌី​ និង​ មើត អះម៉ាត់ វិល​ត្រឡប់​មក​ពី​ប្រទេស​អាល់ហ្សេរី​ក្រោយ​ឈ្នះ​មេដាយ​មាស​ពិភព​លោក និង​មេដាយ​សំរឹទ្ធ​ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ទៅ​ទទួល​ និង​បាន​ប្រសាសន៍​ចំពោះ​មុខ​​អ្នក​សារព័ត៌មាន​ថា ទិន ភាព (សែន រ៉ាឌី)​ជា​កីឡាករ​ទី​ពីរ​ដែល​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ បន្ទាប់​ពី​លោក​ស្រី​ កែ ឡេង ដែល​បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ផ្នែក​ប៉េតង់៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​ រូបថត៖ ស៊ន ដាវីន