អ្នក​គាំទ្រ​ធ្លាប់​រិះគន់ តែ​ FFC ចេញ​​តម្លៃ​សំបុត្រ​ជម្រុះ​ World Cup ​រវាង​កម្ពុជា​និង​ស៊ីរី​ ​ខ្ពស់​ដូច​មុន​ៗ​

  • 2015-08-31 16:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​(FFC)​បាន​ចេញ​តម្លៃ​សំបុត្រ​សម្រាប់​លក់​ចូល​ទស្សនា​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​សម្រាប់​តំបន់​អាស៊ី​ ជុំ​ទី​២​​ ជើង​ទី​១ រវាង​កម្ពុជា​ និង​ស៊ីរី​ហើយ​ដោយ​តម្លៃ​សំបុត្រ​នៅ​តែ​រក្សា​ដូច​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ពីរ​លើក​កន្លង​មក​នៅ​កម្ពុជា។

 

 

ព្រឹក​មិញ​នេះ​ សហព័ន្ធ​បាន​ប្រកាស​ជា​សាធារណៈ​​លើ​ Page របស់​សហព័ន្ធ​បាន​ថា ការ​ប្រកួត​ពាន​រង្វាន់​ពិភពលោក​ឆ្នាំ​២០១៨​ ​​តំបន់​អាស៊ី ​ជុំ​ទី​២​ ជើង​ទី​១​នា​ថ្ងៃ​ទី​៨​ ខែ​កញ្ញា ឆ្នាំ​២០១៨​នៅ​ពហុកីឡដ្ឋាន​ជាតិ​ខាង​មុខ​នេះ​តម្លៃ​សំបុត្រ​មាន​ពីរ​ប្រភេទ។ ប្រភេទ​ទី​១​ ​តម្លៃ​៣​ម៉ឺន​រៀល​ និង​ប្រភេទ​ទី​ពីរ​តម្លៃ​១​ម៉ឺន​រៀល។

 

ដើម្បី​ទាក់​ទាញ​អ្នក​គាំទ្រ​ឲ្យ​ឆាប់​ទៅ​ទិញ​សំបុត្រ​ សហព័ន្ធ​បាន​រៀប​ចំ​ការ​បញ្ចុះ​តម្លៃ​២០​%​សម្រាប់​សំបុត្រ​ទាំង​ពីរ​ប្រភេទ​។ ចាប់​ពី​ថ្ងៃ​ទី​៣១​ ខែ​សីហា​នេះ​ដល់​ថ្ងៃ​ទី​៦ ខែ​​កញ្ញា អ្នក​គាំទ្រ​ទិញ​សំបុត្រ​ប្រភេទ​ទី​១​អស់​តម្លៃ​ត្រឹម​តែ​២៤​០០០​​រៀល​ និង​ប្រភេទ​ទី​២​​អស់​តម្លៃ​៨ពាន់​រៀល។​ សំបុត្រ​ចាប់​ផ្តើម​លក់​ពី​ថ្ងៃ​ទី​៣១​សីហា​នេះ​ត​ទៅ​នៅ​ពហុកីឡដ្ឋាន​ជាតិ។ បន្ទាប់​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា សំបុត្រ​នឹង​តម្លៃ​ពេញ​វិញ។

 

សម្រាប់​តម្លៃ​ខាង​លើ​នេះ​មិន​ប្រែប្រួល​​ទេ​សម្រាប់​តម្លៃ​ប្រភេទ​ទី​១​ បើ​ប្រៀប​ធៀប​នឹង​ការ​ប្រកួត​របស់​កម្ពុជា​​ពេល​ប៉ះ​សិង្ហបុរី​ និង​អាហ្វហ្គានីស្ថាន​កន្លង​មក​​ ប៉ុន្តែ​មាន​ការ​ប្រែប្រួល​សម្រាប់​តម្លៃ​ប្រភេទ​ទី​២។

 

 

សម្រាប់​​ការ​ប្រកួត​រវាង​កម្ពុជា​ និង​សិង្ហបុរី​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ​តម្លៃ​សំបុត្រ​​៤​ប្រភេទ៖ A- ​តម្លៃ​៣​ម៉ឺន​រៀល​ ​B- ​តម្លៃ​២​ម៉ឺន​រៀល​ C- ​តម្លៃ​១​ម៉ឺន​រៀល D- ​តម្លៃ​៥​ពាន់​រៀល​

 

ចំពោះ​​​ការ​ប្រកួត​រវាង​កម្ពុជា​ និង​អាហ្វហ្គានីស្ថាន​​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ​តម្លៃ​សំបុត្រ៣​ប្រភេទ​៖ A- ​តម្លៃ​៣​ម៉ឺន​រៀល​ ​B- ​តម្លៃ​២​ម៉ឺន​រៀល​ C- ​តម្លៃ​៨​ពាន់​រៀល ​

ដោយ​ឡែក​ការ​ប្រកួត​រវាង​កម្ពុជា​ និង​ម៉ាកាវ​​នៅ​ស្តាត​ចាស់​​ ​តម្លៃ​សំបុត្រ​៤​ប្រភេទ៖ A- ​តម្លៃ​២​ម៉ឺន​រៀល​ ​B- ​តម្លៃ​១៥​ពាន់​រៀល​ C- ​តម្លៃ​១​ម៉ឺន​រៀល D- ​តម្លៃ​៤​ពាន់​រៀល

 

កន្លង​មក​​ ​តម្លៃ​សំបុត្រ​ខាង​លើ​ត្រូវ​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​មួយ​ចំនួន​បាន​រិះ​គន់​ថា​ សហព័ន្ធ​បាន​ដាក់​លក់​សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ​ខ្ពស់​ហួសហេតុ​ពេក​ ស្រប​ពេល​ដែល​វិស័យ​បាល់ទាត់​កម្ពុជា​ទើប​តែ​ងើប​ឡើង​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហា​ជន​ក្នុង​រយៈ​ពេល​ប្រហែល​ជា​ជិត​២​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​សហព័ន្ធ​គួរ​តែ​ដាក់​តម្លៃ​ទាប​ជាង​នេះ​ឲ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ចូល​មើល​កាន់​តែ​ច្រើន​ឡើង។

 

ចំពោះ​មន្ត្រី​សហព័ន្ធ​បាល់ទាត់​កម្ពុជា​វិញ​ធ្លាប់​បាន​លើក​ឡើង​ថា​ ​តម្លៃ​ខាង​លើ​នេះ​មិន​ខ្ពស់​នោះ​ទេ​ បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង។ ការ​លក់​សំបុត្រ​បែប​នេះ​ក៏​កាន់​តែ​បញ្ជាក់​ថា បាល់ទាត់​កម្ពុជា​កំពុង​មាន​តម្លៃ​​ដែល​ពី​មុន​សូម្បី​តែ​អត់​លក់​សំបុត្រ​ក៏​មិន​សូវ​មាន​មនុស្ស​មើល​ច្រើន​ផង៕

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​