Dortmund ​បន្ត​កំណត់ត្រា​ឥត​ខ្ចោះ ឡើង​​កំពូល​តារាង​លើ​ Bayern

  • 2015-08-31 16:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម​ Borussia Dortmund ​ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី Thomas Tuchel ​បាន​​​បន្ត​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន សម្រាប់​រដូវ​កាល​​ថ្មី​នេះ បន្ទាប់​ពី​ឈ្នះ​៣​ប្រកួត​ជាប់ៗ ក្រោយ​ឈ្នះ​ Hertha Berlin ៣-១ យប់​មិញ​ទៀត និង​ឡើង​ទៅ​ឈរ​កំពូល​តារាង​ Bundesliga ​លើ​ក្រុម​ជើង​ឯក​ចាស់​ Bayern Munich ​ថែម​ទៀត។

 

 

 

​ការ​ប្រកួត​យប់​មិញ​នេះ ខ្សែ​បម្រើ​ជម្រើស​ជាតិ​ជប៉ុន​ Shinji Kagawa ​គឺជា​តួអង្គ​ដ៏​សំខាន់​ ដែល​ជួយ​ឲ្យ​ Dortmund ទទួល​បាន​៣​ពិន្ទុ​ពេញ​ក្នុង​ដី​ខ្លួន​ឯង បន្ទាប់​ពី​អតីត​កីឡាករ​ក្រុម​ Manchester United រូប​នេះ ជួយ​រួម​ចំណែក​ assist ឲ្យ​មិត្ត​រួម​ក្រុម​រក​គ្រាប់​ចូល​ទី​២​គ្រាប់។

 

បើក​ការ​ប្រកួត​បាន​២៧​នាទី​ ខ្សែ​ការពារ​និង​ប្រធាន​ក្រុម​ Mats Hummels ​បាន​តែត​បញ្ចូល​ទី​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​បាន​សម្រេច ក្រោយ​ការ​បញ្ជូន​ដ៏​ល្អ​ពី​ Kagawa ខណៈ​ដែល​នៅ​តង់​ទី​២​ កីឡាករ​ជប៉ុន​វ័យ​២៦​ឆ្នាំ (Kagawa) បាន​ទាត់​​បំប៉ោង​ទៅ​ឲ្យ​ Matthias Ginter ​រួច​ទៅ​ដល់​ជើង​ Pierre-Emerick Aubameyang ​ស៊ុត​គ្រាប់​ទី​២​​ នៅ​នាទី​៥១។ ប៉ុន្តែ​ Salomon Kalou ​របស់​ Hertha Berlin ស៊ុត​តាម​១​គ្រាប់​វិញ នៅ​នាទី​៧៨ មុន​នឹង​ Adrian Ramos ​បាន​ថែម​គ្រាប់​ទី​៣​ឲ្យ​ Dortmund នៅ​ម៉ោង​បន្ថែម​មាន​របួស។

 

​ដូច្នេះ​ Dortmund ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​ Bundesliga បណ្ដោះ​អាសន្ន ដោយ​មាន​៩​ពិន្ទុ​ស្មើ​ Bayern ​ដែល​យក​ឈ្នះ​ Bayer Leverkusen ​៣-០ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ​ប៉ុន្តែ​លើ​គ្រាប់​ស៊ុត​​១​គ្រាប់ ​ខណៈ​ដែល​ VfL Wolfsburg ​ដែល​យក​ឈ្នះ Schalke 04 ​ដោយ​លទ្ធផល​ ៣-០ កាល​ពី​ថ្ងៃ​សុក្រ នៅ​ចំណាត់​ថ្នាក់​លេខ​៣ មាន​៧​ពិន្ទុ៕

 

 

 

 

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail