រឿង "ដុំ​ហ្វ៊ីល​ចុង​ក្រោយ" ត្រៀម​បញ្ចាំង​ជា​ផ្លូវ​ការ​​នៅ​កម្ពុជា

  • 2015-08-31 17:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "ដុំ​ហ្វ៊ីល​ចុង​ក្រោយ" ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ៤ ខែ​កញ្ញា​នេះ ក្រោយ​ទទួល​ជោគជ័យ​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន​កន្លង​មក។

 

 

អ្នក​ដឹក​នាំ​រឿង សុទ្ធោ គុល្លិកា បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​យក​រឿង​នេះ​មក​ចាក់​បញ្ចាំង​នៅ​ប្រទេស​កំណើត គឺ​បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​មក​ហើយ​ទាំង​ក្នុង​តំបន់​អាស៊ី និង​ តំបន់​អឺរ៉ុប​ជា​ដើម។ រឿង​នេះ​បញ្ចាំង​ពី​ជីវិត ៣ ជំនាន់​រួម​មាន​ជំនាន់​មុន​សង្គ្រាម កំពុង​មាន​សង្គ្រាម និង​ក្រោយ​សង្គ្រាម ដែល​មាន​តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី ឌី សាវ៉េត, ​កញ្ញា ម៉ា រីណែត និង ​តួ​សម្ដែង​មួយ​ចំនួន​ទៀត។

 

“ខ្ញុំ​ចង់​ឱ្យ​អ្នក​ទាំង​អស់​គ្នា ​អញ្ជើញ​មក​ចូលរួម​ទស្សនា​រឿង​ខ្មែរ​យើង ដែល​បាន​ទទួល​ពាន​រង្វាន់​អន្តរជាតិ​យ៉ាង​ច្រើន​ដូច្នេះ"។ អ្នក​ស្រី សុទ្ធោ គុល្លិកា បញ្ជាក់​មក​កាន់ Sabay។ "ដុំ​ហ្វ៊ីល​ចុង​ក្រោយ" ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់ Black Dragon ពី​មហោស្រព​ភាពយន្ត ២០១៥ ប្រទេស​អ៊ីតាលី​ផង​ដែរ។

 

ខ្សែ​ភាពយន្ត​នេះ នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នានា​ទូទាំង​ភ្នំពេញ និង ​រោងភាពយន្ត​នៅ​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃ​ទី ៤ ខែ​កញ្ញា​នេះ​តទៅ ដែល​ជា​ការ​ផ្ដល់​ឱកាស​សម្រាប់​ទស្សនិកជន​ខ្មែរ​បាន​ចូលរួម​ទស្សនា។ អ្នក​ស្រី​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន ព្រោះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ៕

 

អាន​អត្ថបទ៖  យុវវ័យ​ជា​ច្រើន​ចូល​រួម​ការ​ប្រគំ​តន្ត្រី “សប្បុរសធម៌​មិត្ត​យើង”

អាន​អត្ថបទ៖  ដឹង​អត់ ម៉េង ប៊ុនឡូ បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ទៅ​ណា​វិញ?

 

 

 

អត្ថបទ៖ សំ ជំនាញ