ធនាគារ BIDV រៀប​ចំ​ពិធី​ថ្លែង​អំណរគុណ​ដល់​អតិថិជន​​និង​ពិធី​រំលឹក​ខួប៦ឆ្នាំ នៃ​ការ​បង្កើត​ធនាគារ BIDC

  • 2015-08-31 17:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៨ ខែ សីហា ឆ្នាំ ២០១៥ នៅ​រាជធានី​ភ្នំពេញ ​ព្រះរាជាណាចក្រ​កម្ពុជា​ ធនាគារ​ពាណិជ្ជ​វិនិយោគ និង​អភិវឌ្ឍន៍ វៀតណាម (BIDV) និង ធនាគារ​វិនិយោគ និង អភិវឌ្ឍ​កម្ពុជា (BIDC)​បាន​រៀបចំ​កម្មវិធី​ថ្លែង​អំណរគុណ​អតិថិជន​ក្នុង​ឱកាស​រំលឹក​ខួប​គម្រប់ ២០ឆ្នាំ ធនាគារ BIDV​បាន​ផ្លាស់​ប្ដូរ​រចនា​សម្ព័ន្ធ​ប្រតិបត្តិការ​មក​ជា​ធនាគារ​ពាណិជ្ជ​ដោយ​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ពិធី​រំលឹក​ខួប០៦ ឆ្នាំ​នៃ​ការ​បង្កើត​ធនាគារ BIDC។

 

 

កម្មវិធី​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​មោទនភាព និង​ភាព​កិត្តិយស​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម ជា​ភ្ញៀវ​កិត្តិយស​ពី​សំណាក់៖ លោក​ជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាល​​ធនាគារ​ជាតិ​នៃ​កម្ពុជា ឯកឧត្ដម មិន ឃិន រដ្ឋមន្រ្តី​ក្រសួង​ធម្មការ​និង​សាសនា ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្រ្តី អម​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម សៅ សុខា អគ្គ​មេបញ្ជាការ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម ថាច់ យឺ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​រួម​ជាមួយ​តំណាង​ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​អតិថិជន​ដ៏​ពិសេស​របស់ ធនាគារ BIDV និង ធនាគារ BIDC ប្រមាណ​ជាង ១០០ នាក់។

 

ព្រឹត្តិការណ៍​កម្មវិធី​ថ្លែង​អំណរគុណ​អតិថិជន​របស់ BIDV/BIDC គឺ​បង្ហាញ​ចេញ​នូវ​វប្បធម៌​ទំនាក់ ទំនង​ល្អ​ប្រពៃ​របស់ BIDV/BIDC ដើម្បី​សំដែង​នូវ​ការ​អរគុណ​ចំពោះ​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់ ​ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល​កម្ពុជា និង អតិជន​ទាំងអស់​របស់ BIDV/BIDC ក្នុង​រយៈ​ពេល​កន្លង​មក។

 

 

ធនាគារ BIDV ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៥៧ នៅ​ពេល​ចាប់​ផ្តើម​ដំបូង​ជា​ធនាគារ​ដែល​មាន​មុខងារ​បែងចែក​ធនធាន​ដែល​ជា​ថវិកា​របស់​រដ្ឋាភិបាល។ រហូត​មក​ដល់​ឆ្នាំ១៩៩៥ ធនាគារ BIDV​បាន​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ប្រតិបត្តិការ​មក​ជា​ធនាគារ​ពាណិជ្ជ​វិញ និង​មាន​ការ​រីកចម្រើន​គួរ​ជាទី​កត់សំគាល់។ បច្ចុប្បន្ន​ទ្រព្យ​សរុប​របស់ BIDV កើន​ឡើង​ដល់ ៣៥ ពាន់​លាន​ដុល្លារ​អាមេរិក​ស្ថិត​ក្នុង ​ចំណោម ៤ ធនាគារ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​វៀតណាម។ ដើម្បី​សម្រេច​បាន​លទ្ធផល​ដូច​ក្នុង​ពេល​នេះ តាំង​ពី​ពេល​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ប្រតិបត្តិការ​ទៅ​ជា​ធនាគារ​ពាណិជ្ជ ធនាគារ BIDV បាន​ព្យាយាម​ធ្វើ​ការ​ប្រមែប្រមូល​ចលនា​ទុន​ទាំង​ក្នុង​ប្រទេស និង​ធ្វើ​ការ​ស្វែង​រក​ប្រភព​ទុន​ពី​បរទេស​ព្រមទាំង​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ​ពង្រីក​សកម្មភាព​អាជីវកម្ម​ផ្គត់ផ្គង់​ដើមទុន​ដល់​គ​ម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​ជាតិ។

 

ក្នុង​រយៈ​ពេល ២០ ឆ្នាំ​ដែល​បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​លោក ​ក៏​ដូចជា​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា ធនាគារ BIDV បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​ក្នុង​កិច្ចការ​បង្កើត​ឡើង​នូវ​បណ្ដា​វត្តមាន​ពាណិជ្ជ​កម្ម​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ២០០៩ មក ដែល​អង្គភាព​ពាណិជ្ជ​កម្ម​មាន​សក្ដានុពល​បំផុត​នោះ​គឺ​ធនាគារ BIDC។ BIDCតែង​តែ​ជា​ធនាគារ ផ្តល់​ទុន និង​សេវាកម្ម ​ដ៏​ទំនើប​សំបូរ​បែប​សមស្រប​តាម​តម្រូវការ​របស់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា រួមមាន​ទំាង​អតិថិជន​ក្នុង​ស្រុក និង​វិនិយោគិន​បរទេស។

 

 

 

គិត​មក​ត្រឹម​ខែ មិថុនា ឆ្នាំ ២០១៥ ធនាគារ BIDCមាន​ទ្រព្យ​សរុប​កើន​ឡើង​ដល់ ៦២០ លាន​ដុល្លារ​អាមេរិក ដែល​កើន​ឡើង ៣,២ ដង ធៀប​នឹង​ឆ្នាំ ២០០៩ ឥណទាន​សរុប​ដែល​បាន​ផ្តល់​ប្រមាណ​ជិត ​៥០០ លាន​ដុល្លារ​អាមេរិក កើន​ឡើង ៣,៥ ដង ធៀប​នឹង​ឆ្នាំ ២០០៩ ប្រាក់​បញ្ញើ​របស់​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន ២២០ លាន​ដុល្លារ​អាមេរិក​ កើន ២,៣ ដង​ធៀប​នឹង​ឆ្នាំ២០០៩។ ជាមួយ​លទ្ធផល​នេះ​បាន​បង្ហាញ​ចេញ លទ្ធផល​ជា​វិជ្ជមាន​ក្នុង​សកម្មភាព​អាជីវកម្ម និង​ផល​ចំណេញ​មាន​កំណើន​កាន់ ​តែ​ប្រសើរ​ឡើង​ជានិច្ច។

 

តាំង​ពី​បង្កើត​បាន​ទីស្នាក់ការ​ដំបូង​មាន​តែ​នៅ​រាជធានី​ភ្នំពេញ​រហូត​មក​ដល់​ពេល​នេះ BIDC មាន​សាខា​ចំនួន ៨ នៅ​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​នៃ​ប្រទេស​កម្ពុជា ​និង​វៀតណាម​ដោយ​បំពាក់​នូវ​ប្រពន្ធ័​បច្ចេកវិទ្យា​ធនាគារ​ទំនើប​ទាន់​សម័យ។ ធនាគារ BIDCជា​ធនាគារ​ដែល​មាន​ហិរញ្ញវត្ថុ​រឹងមាំ ​ តែងតែ​គោរព​តាម​សមាមាត្រ​សុវត្ថិភាព​ស្រប​តាម​ការ​កំណត់​របស់​អន្តរជាតិ​និង​បទបញ្ញត្តិ​ទំាងឡាយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។

 

-ព័ត៌មាន​លម្អិត​សូម​ទាក់ទង ​ធនាគារ វិនិយោគ និង​អភិវឌ្ឍ​កម្ពុជា ភីអិលស៊ី -អាសយដ្ឋាន៖ លេខ ៣៧០ មហាវិថី​ព្រះមុនីវង្ស ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ -លេខ​ទូរសព្ទ៖ + 855978099969 -Email : vannarong.m@bidc.com.kh

 

អត្ថបទ៖ ពាណិជ្ជកម្ម