អាថ៌កំបាំង​មិត្ត​ភ័ក្ដិ​បង្កើត​

  • 2015-08-31 21:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាំងពីក្មេង​ខ្ញុំ​ជា​មនុស្ស​ដែល​រួសរាយ​រាក់ទាក់ និង​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាមួយ​អ្នក​ជុំវិញខ្លួន ហើយ​ខ្ញុំ​ក៏​មាន​មិត្តភក្តិ​ម្នាក់ ដែល​អាច​ហៅ​បាន​ថា​ដូច​បងប្អូន​អញ្ចឹង​។ ពួកយើង​រាប់អាន​គ្នា​អស់​រយៈពេល​ជាង​ដប់ឆ្នាំ ដោយ​ភាព​ស្និត​ស្នាល់​​​​ឪពុក​ម្តាយ​របស់​ពួក​យើង​ក៏​ស្គាល់គ្នា ពួក​យើង​ក៏​នៅតែ​រាប់អាន​គ្នា​រហូត​មក​។ ឪពុក​ម្តាយ​របស់​អាសម្លាញ់​ខ្ញុំ​តែងតែ​និយាយ​លេង​ថា “​ពីរ​នាក់​ឯង​បើ​ស្និត​ស្នាល​​​ម្លឹងៗ​ស្រលាញ់​គ្នា​រៀបការ​ជាមួយគ្នា​តែម្តង​ទៅ​?” កាល​នោះ​ពួក​យើង​គ្រាន់តែ​សើច​ហើយ​មិន​តបត​អ្វី​ទេ ណា​មួយ​ខ្ញុំ​ក៏​មិន​ជា​សូវ​ចាប់​អា​រម្ម​ណ៏​ប៉ុន្មាន​ដែរ ព្រោះ​ពួក​យើង​គ្មាន​អា​រម្ម​ណ៍​​មនោសញ្ចេតនា​របៀប​ជា​មនុស្ស​ស្រី​នឹង​មនុស្ស​ប្រុស​ឡើយ។

 

ជា​ការពិត ពួក​យើង​បារម្ភ​ពី​គ្នា​ទៅវិញទៅមក យកចិត្តទុកដាក់​គ្នា​ទៅវិញទៅមក​ហួស​ពី​ពាក្យ​ថា​មិត្ត​ធម្មតា រហូត​ដល់​ធ្វើ​អោយ​មនុស្ស​ជុំវិញ​ខ្លួន​ពួក​យើង​នាំគ្នា​យល់ច្រឡំ​ថា​ជា​សង្សារ​នឹង​គ្នា​។ ខ្ញុំ​សូម​ប្រើ​ឈ្មោះ​ហៅ​ក្រៅ​ដែល​ពួក​យើង​បាន​ដាក់​នៅ​លើ​ប្លុក​ដែល​ពួក​យើង​បាន​បង្កើត ខ្ញុំ Ashley ហើយ​អាសម្លាញ់​​ខ្ញុំ​ឈ្មោះ Jean។ កាលណោះ ពេល​ប្រឡង​ជាប់​ថ្នាក់​ទី​១២​ទាំងអស់គ្នា ខ្ញុំ​​​ និង​Jean ពួក​យើង​ទទួលបាន​អាហារ​រូប​ក​រណ៏រៀងៗ​ខ្លួន ដោយ​ខ្ញុំ​ដែល​ជា​ស្រី​ទទួលបាន​អាហារ​រូប​ក​រណ៏​ផ្នែក IT និង​អាសម្លាញ់​Jean ទទួលបាន​អាហារ​រូប​ក​រណ៏​ផ្នែក​ច្បាប់​។ ដូច្នេះ​ហើយ​ពួក​យើង​ត្រូវ​បែក​គ្នា​រៀន​រៀងៗ​ខ្លួន ដោយ​ការសិក្សា​របស់​ខ្ញុំ​ប្រើ​អស់​រយៈពេល​តែ​២​ឆ្នាំ​គត់ ចំណែក​ផ្នែក​ច្បាប់​របស់​អាសម្លាញ់​ប្រើពេល​៤​ឆ្នាំ​ពេញ​។

 

បន្ទាប់ពី​ចប់​ការសិក្សា​ខ្ញុំ​រក​ការងារ​ធ្វើ​មិន​បាន​សោះ ដោយ​ទទួលបាន​ការប្រមាថ​ពី​បុគ្គលិក​ពេញ​សិទ្ធិ​​ថា គេ​មិន​ទទួល​យក​មនុស្ស​ស្រី​មក​ធ្វើការ IT ឡើយ ពីព្រោះ​គេ​គិតថា​មនុស្ស​ស្រី​ពិបាក​ប្រើ​អោយ​លើក​របស់របរ​និង​មិន​អាច​ធ្វើ​ការងារ​ផ្នែក​នេះ​បាន​ឡើយ​។ ខ្ញុំ​ក៏​ធ្វើ​ការពិភាក្សា​ជាមួយនឹង​ឪពុក​ម្តាយ​របស់​ខ្ញុំ​ពី​បញ្ហា​នេះ ដូច្នេះហើយ ខ្ញុំ​ក៏​សំរេចចិត្ត​ចាប់​ជំនាញ​ផ្នែក​ធនាគារ​ហិរញ្ញវត្ថុ​វិញ​ម្តង​ដោយ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ដែល​Jean​បាន​អាហារ​រូប​ក​រណ៏​។ ប៉ុន្តែ​ពួកយើង​បាន​រៀន​វេន​ខុសគ្នា អញ្ចឹង​ហើយ​ពួក​យើង​ក៏​មិនសូ​វ​បាន​ជា​ជួប​គ្នា​ប៉ុន្មាន​ដែរ គឺ​ដោយសារតែ​អា​សម្លាញ់ ​Jean ​វា​មាន​ការងារ​បង្រៀន​ក្រៅ​ម៉ោង​នៅ​សាលា​ភាសា​មួយ​កន្លែង ដល់​ចឹង​ទៅវា​មិនសូវ​ជា​មាន​ពេលបា​ន​មក​រក​និង​ចេញ​ទៅ​ណា​មក​ណា​ជាមួយ​វា​នោះទេ​។

 

 

រូបតំណាង

 

ដល់​ពេល​វា​រៀន​ជិត​ចប់​វា​ប្រាប់ថា វា​បាន​អាហារ​រូប​ក​រណ៍​​ទៅ​រៀន​នៅ​កូរ៉េ ​២​ឆ្នាំ​ បន្ត​យក​អនុបណ្ឌិត កាល​នោះ​ពិត​ត្រេកអរ​ជំនួស​វា​មែន ព្រោះ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដែល​ប្រឡង​យក​អាហារ​រូប​ក​រណ៏ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​នោះ តែ​វា​ធ្វើ​បាន​ព្រោះ​វា​ជា​សិស្ស​ដែល​មាន​ឆន្ទៈ​​​ខ្ពស់​ក្នុងការ​ធ្វើ​អ្វីមួយ​។ មុន​ពេល​វា​ទៅ ខ្ញុំ​បាន​ទៅ​ជប់លៀង​នៅផ្ទះ​របស់​វា បងប្អូន​និង​ញាត្តិមិត្ត​របស់​អាសម្លាញ់​បាន​នាំ​គ្នា​សួរថា “​តើ​អ្នកណា​ដែល​ជា​សង្សារ​របស់ ​Jean?” ម៉ាក់​នឹង​ប៉ា​របស់​វា​   នាំគ្នា​ចង្អុល​មករក​ខ្ញុំ ដូច្នោះ​ហើយ​ធ្វើអោយ​គេ​យល់ច្រឡំ​គ្រប់គ្នា​។

 

អំឡុង​ពេល​ដែល ​Jean ​រៀន​នៅ​ប្រទេស​កូរ៉េ ខ្ញុំ​មិនដឹងថា​មានរឿង​អ្វី​ខ្លះ​កើតឡើង​ចំពោះ​វា​នោះ​ទេ ហើយក៏​មិន​បានដឹង​ពី​ការ​ប្រែប្រូល​របស់​វា​នោះ​ដែរ​។ មុន​ពេល​វា​ត្រឡប់មក​ប្រទេស​កំណើត​វិញ វា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បែក​អ៊ឺរ៉ុប​៣​ឬ​៤​ប្រទេស។​ ពេល​វា​មក​វិញ​ខ្ញុំ​បាន​សុំ​អោយ​វា​ទិញ​កាត​ប៉ូ​ស្តាល់​អោយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ចូលចិត្ត​សន្សំ​វា ពេល​មើល​វា​ហើយ​មាន​អា​រម្ម​ណ៍​​​​ថា មិនដឹង​ជា​ពេល​ណា​បាន​ទៅលេង​នោះទេ ហើយ​បើ​ចង់​បាន​វា​ក៏​ពិបាក​ដែរ ដូច្នេះ​ហើយ​អោយតែ​មាន​អ្នក​ដែល​ខ្ញុំ​ស្គាល់​បាន​ទៅ​ទី​ដែល​ឆ្ងាយៗ ខ្ញុំ​តែងតែ​ចង់បាន​កាត​ប៉ូ​ស្តាល់​ជា​របស់​អនុស្សាវរីយ៏​។

 

ប៉ុន្តែ​វា​មិនបាន​អោយ​នោះ​ទេ វា​បាន​ទិញ ប៉ុន្តែ​វា​ភ្លេច​អោយ ហើយ​មិនដឹងថា ​​​​​អាសម្លាញ់​នឹង​វា​វង្វេង​ដៃ​ទុក​នៅ​ណា​នោះទេ ចង់​ខឹង​វា​ក៏​ខឹង​មិនកើត ព្រោះ​វា​បាន​ទិញ​សូកូឡា​មក​ផ្ញើ​ដែរ​។ ​ពេល​ហ្នឹង ​ខ្ញុំ​ទើបតែ​រៀន​បាន​ឆ្នាំ​ទី​៣​នៅ​សាកល ហើយ​ស្របពេល​ជាមួយគ្នា​នោះ ខ្ញុំ​ក៏​បាន​ការងារ​នៅ​អង្គការ គឺ​រៀន​បណ្តើរ​ធ្វើ​ការងារ​បណ្តើរ។ តែ​អា​ពួកម៉ាក​ដែល​ចប់​អនុបណ្ឌិត​វិញ វា​បែរជា​មិន​រក​ការងារ​ធ្វើ​អោយបាន​ត្រឹមត្រូវ​ទេ វា​ថា​វា​ចូលចិត្ត​បង្រៀន ចឹង​ហើយ​វាសុខចិត្ត​បង្រៀន​នៅ​មហាវិទ្យាល័យ​ដែល​មួយ​ថ្ងៃ​បង្រៀន​ត្រឹមតែ​២​ឬ​៣​ម៉ោង ហើយ​ ១​ ឆមាស​បើ​កលុយ​ម្តង តែ​ផ្គត់ផ្គង់​ខ្លួន​វា​នឹង​មិន​គ្រប់​ផង​។

 

ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ថា​ហេតុ​អី​បានជា​វា​ជ្រើសរើស​ធ្វើ​ចឹង បើ​វា​រក​ការងារ​ណា​ល្អ​មួយ​នោះ​មិន​ពិបាក​ហើយ​ថែមទាំង​បាន​ប្រាក់ខែ​ច្រើន​ទៀត​ផង​។ ពួក​យើង​មិន​សូវ​ជា​បាន​និយាយ​ឬ​ជួប​គ្នា​ច្រើន​ទេ ក៏​ដោយសារ​តែ​ខ្ញុំ​នឹង​ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅតាម​ខេត្ត​ញឹកញាប់ ចឹង​ទោះជា​មាន​រឿង​អី​កើត​ឡើង​ជាមួយ​អាសម្លាញ់​ក៏​ខ្ញុំ​មិន​ដឹង​ដែរ។​​ មាន​ពេល​មួយ​នោះ ​​​​​ខ្ញុំ​ខឹង​វា​ខ្លាំង​ព្រោះ​ជិត​ដល់​ថ្ងៃ​ខួបកំណើត​វា ខំ​ណា​ត់វា​ទុក​មុន​ឡើង​កន្លះ​ខែ វា​បែរជា​បដិសេធ​មិន​ព្រម​ទៅ​ញ៉ាំ​​​អី​ជាមួយគ្នា ហើយ​វា​ថែម​ទាំង​ទេសនា​អោយស្តាប់​ឡើង​ឈឺ​ក្បាល​ទៀត​។

 

ខ្ញុំ​និយាយ​តាម​ត្រង់ កាល​ហ្នឹង​​​ខ្ញុំ​គិតថា​វា​ឡប់​ហើយ​អី បាន​ជា​ហៅ​ទៅ​វា​មិន​ទៅ ហើយ​វា​មើល​ទៅ​ដូច​មិន​សប្បាយចិត្ត​ទៀត សួរ​ក៏​មិន​ឆ្លើយ​ដែរ​។ ប្លែក​ឬ​អត់​បើ​ខ្ញុំ​ប្រាប់ថា ថ្វី​ត្បិត​តែ​ពួក​យើង​ជិតស្និត​នឹង​គ្នា តែ​ពួក​យើង​មិន​ដែល​ប្រាប់​ពី​រឿង​សង្សារ ឬ​មាន​សង្សារ​អោយ​គ្នា​ដឹង​ម្តងណា​ឡើយ។​​ វា​ដូចជា​ថា អា​រឿង​បេះដូង​រវាង​យើង​ទាំង​ពីរ​ត្រូវបាន​បិទ​ជិត មិន​អោយ​ភាគី​ម្ខាងៗ​ដឹង​ថា​វា​មាន​អ្វី​ផ្ទុក​នៅក្នុង​នោះ មិន​អាច​បង្ហាញ​ប្រាប់​គ្នា​ទៅវិញទៅមក​ឡើយ​។ បន្ទាប់​ពី​ខួបកំណើត​វា​បាន​ពីរ​ខែ ខ្ញុំ​ក៏​បាត់បង់​ការងារ​ធ្វើ ដូច្នេះ​ហើយ​ពួក​យើង​ក៏​មាន​ពេល​ជួប​គ្នា​វិញ ហើយ​តែងតែ​មាន​ពេល​ទៅញ៉ាំ​​​​អី​ជាមួយគ្នាបាន​ញឹកញាប់​ជាង​មុន​។ អំឡុង​​ពេល​ដែល​​​ខ្ញុំ​ដើរដាក់​ការងារ​ធ្វើ   ​​​វាក៏​ជួយ​ខ្នេះខ្នែង​រក​អោយ​ដែរ តែ​នៅ​តែ​មិន​បាន​សោះ អញ្ចឹង​​​​​​ហើយ​នៅ​ថ្ងៃ​មួយ​ខ្ញុំ​បាន​ហៅ​វា​អោយ​ជូន​ទៅ​សាលា​ដើម្បី​ធ្វើ​លិខិតបញ្ជាក់​ការសិក្សា​ដើម្បី​ងាយស្រួល​ក្នុង​ការរក​ការងារ​ថ្មី​ធ្វើ​។ នៅថ្ងៃនោះ រឿង​ដែល​នឹង​ស្មាន​មិន​ដល់​បាន​កើតឡើង ខ្ញុំ​នៅ​ចងចាំ​មិន​ភ្លេច​ហេតុ​ការណ៏​ថ្ងៃនោះ ថ្ងៃ​នោះ​វា​ហាក់ដូចជា​រសាប់រសល់​ហើយ​វា​ប្រាប់​ខ្ញុំ​ថា​៖

 

“​យើង​មាន​រឿង​សំខាន់​ចង់​ប្រាប់​”។​​ Jean និយាយ ប៉ុន្តែ​ទឹកមុខ​វា​ហាក់ដូចជា​រឿង​ដែល​វា​នឹង​ប្រាប់​នោះ​ហាក់ដូចជា​មាន​ទំងន់​ដ៏​សែន​ធ្ងន់​នៅ​ក្នុង​ចិត្ត​វា​ចឹង​។​ ​​​​​ខ្ញុំ​ក៏​ឆ្លើយតប​វា​វិញ​ថា “​មានរឿង​អី​និយាយ​មក​” ប៉ុន្តែ​វា​មិន​បាន​ឆ្លើយតប​ភ្លាមៗ​នោះទេ វា​បែរជា​និយាយ​វិញ​ថា “​មិន​អី​ទេ ចាំ​លើក​ក្រោយ​ក៏​បាន​ដែរ​” ខ្ញុំ​មាន​អា​រម្ម​ណ៍​​​ចង់ខឹងវា ព្រោះ​បើ​មិន​ចង់​អោយ​ដឹង​មិនបាច់​និយាយ​ទេ មក​បង្ហើប​ហើយ​បែរជា​មិន​និយាយ ចង់​តែ​ដាក់​ពីរ​បី​ជើង​អោយ​វា​ដឹង​គ្នា​ម្តង​ទេ​។ ​​​ហើយ​វា​ក៏​សំរេចចិត្ត​ប្រាប់​ខ្ញុំ​ថា “​ប្រសិនបើ​យើង​ប្រាប់​ហើយ​កុំ​តក់ស្លុត​ណា​” វា​ឈប់​តិច​ហើយ​បន្ត “​ពួកម៉ាក​ឯង​ជា​ខ្ទើយ ខ្ញុំ​ស្រលាញ់​មនុស្ស​ប្រុស​” អស់​ពាក្យ​នឹង​ថ្លែង នៅ​ក្នុង​ខួរក្បាល​ខ្ញុំ​ទទេ​​​ស្អាត​អស់​ជាច្រើន​នាទី ព្រោះ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយតប​ទៅ​វា​វិញ​យ៉ាង​ម៉េច ព្រោះ​នៅ​សុខៗ មិត្តភក្តិ​ដែរ​ដើរ​ជាមួយ​គ្នា​ទៅ​ណា​មក​ណា​ជាមួយគ្នា​អស់​ជាង​ដប់ឆ្នាំ​បែរ​ជា​លាក់​រឿង​វា​ជា​ខ្ទើយ​អោយ​ជិតឈឹង​។

 

​​​​ខ្ញុំ​ចាប់ផ្តើម​សម្រួល​​​​អា​រម្ម​ណ៍​​​​ឡើងវិញ​ហើយ​សួរ​វា​អោយដឹង​រឿង​ថា​ម៉េច​បាន​ជាអីចឹង។​​​ “​នឹកឃើញ​ម៉េច​បាន​មក​ប្រាប់​យើង​? ព្រោះ​យូរហើយ​ម៉េច​មិន​ប្រាប់​? ហើយ​ឯង​បាន​ស្រលាញ់គ្នា​ជាមួយ​ប្រុស​ណា​នៅ​?” វា​ថា “​យើង​មាន​សង្សារ​ដែល​ជា​ប្រុស ពួកយើង​ស្រលាញ់គ្នា​យូរហើយ តែ​ទើបនឹង​បែក​គ្នា​កាលពី​២​ខែ​មុន​នេះ​ទេ​” ដល់​វា​ឆ្លើយ​អីចឹង​ខ្ញុំ​សួរ​វាថា “​ចុះ​មួយណា​ស្រី​មួយ​ណា​ប្រុស​?” “យើង​ជា​ស្រី ចំណែក​​​គេ​ប្រុស​ពេញ​លក្ខ​ណៈ”។ ​​​ អា​ពេល​ហ្នឹង​​ ចង់​តែ​​​ធាក់​វា​ពីរ​បី​ជើង​អោយ​ណា​ណីទេ វា​ក្លាយទៅជា​ខ្ទើយ​ចឹង​ទៅ តាមពិត​សង្ស័យ​វា​យូរណាស់​ហើយ ថា​វា​ដូចជា​ចេក​ចេក​ម៉េច​ទេ តែ​មិន​ហ៊ាន​សួរ​វា ព្រោះ​កាលពី​នៅ​រៀន​វិទ្យាល័យ​ជាមួយគ្នា​វា​តែងតែ​និយាយ​អា​រឿង​មនុស្ស​ស្រី​ហ្នឹង ​ថែម​ទាំង​​ចូលចិត្ត​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​អោយ​ស​ស្អាត​ជាង​ខ្ញុំ​ដែល​ជា​មនុស្ស​ស្រី​ទៅទៀត។​​ ហើយ​អា​រឿង​មួយ​ទៀត​នោះ​គឺ​ខ្ញុំ​ដែល​ជា​ស្រី​នឹង​គ្មាន​អា​រម្ម​ណ៍​​​​ថា​ស្រលាញ់​វា​អី​ម៉ា​តិច​ទេ ហើយ​ភាគច្រើន​អោយតែ​ខ្ទើយ​ដឹង​តែ​ដើរ​ចុះសំរុង​នឹង​ខ្ញុំ​ហ្ម​ង​។

 

កាលពី​មិន​ទាន់​ដឹង​រឿង​មាន​អា​រម្ម​ណ៍​​​​ថា​ពិបាកចិត្ត ព្រោះ​ខ្លាច​ឪពុក​ម្តាយ​ពួកយើង​ចេះ​តែ​បង្អាប់​ថា​អោយ​ពួក​យើង​ការ​ជាមួយ​គ្នា​ទៅ ដល់​ឥឡូវ​ធូរចិត្ត​ម៉ា​ទំហឹង​ហ្ម​ង ទោះជា​មិនសូវ​សប្បាយចិត្ត​នឹង​ពត៌មាន​ដែល​វា​ជា​ខ្ទើយ តែ​សប្បាយចិត្ត​ដែល​វា​ជ្រើសរើស​យក​ការ​ប្រាប់​ការពិត​ដល់​ខ្ញុំ។​​ វា​បញ្ជាក់​ថា​ពួក​យើង​មាន​ភាព​ជិតស្និត​នឹង​គ្នា​ដែល​អាច​ទុក​ចិត្ត​ និង​​​​​​ចែករំលែក​រាល់​ការសម្ងាត់​​អោយ​គ្នា​ទៅវិញទៅមក​បាន​។ តែ​ខ្ញុំ​សង្ស័យថា ម៉េច​ក៏​នៅ​សុខៗ​វា​មក​ប្រាប់​ចឹង វា​មិន​ដែល​គ្រាន់តែ​បែក​គ្នា​ធម្មតាៗ​ហើយ​មក​ប្រាប់ចឹង​ទេ ខ្ញុំ​ក៏​សួរ​វា​ថា​ "ម៉េច​បាន​ជា​ទើបនឹង​សារភាព​ប្រាប់​យើង​” “​តាមពិត​ចង់​ប្រាប់​យូរហើយ​តែ​មិន​ហ៊ាន យើង​ក្លាយ​ឯង​ទទួលយក​មិនបាន ថា​យើង​ជា​ខ្ទើយ ខ្លាច​​​ឯង​នឹង​មើលងាយ​យើង ស្អប់ខ្ពើម​យើង។​​ គ្រាន់តែ​មិញ​ហ្នឹង​​​​ពេល​យើង​ប្រាប់​ការពិត​មើលទៅ​ឯង​ភាំង​រក​ពាក្យ​តប​មិន​បាន​ផង​” ខ្ញុំ​មិន​ទាន់​ទាំង​បាន​តប​ផង វា​និយាយ​ត​ថា “​ឯង​ចង់​ថា​ម៉េច​ក៏​ថា​ទៅ ចង់​ស្អប់ខ្ពើម​ដែល​ខ្ញុំ​ជា​អញ្ចឹង​​​​ក៏​ស្អប់​ទៅ ខ្ញុំ​មិន​ថា​អី​ទេ​”។​​

 

ការពិត​ខ្ញុំ​ពិតជា​ភាំង​មែន រក​តែ​ពាក្យ​តប​នឹង​វា​វិញ​មិនបាន ព្រោះ​ហេតុ​ការណ៍​​​វា​នឹកស្មាន​មិនដ​ល់​ថា​វា​អាច​ក្លាយទៅជា​ចឹង តែ​ព្រោះ​មិន​ចង់អោយ​វា​បាក់​ទឹកចិត្ត ក៏​ខំ​និយាយ​លួងលោម​វា​វិញ “​មិនមែន​ទេ វា​មិន​អី​ទេ យើង​មិន​ស្អប់ខ្ពើម​ទេ ស្គាល់​យើង​យូរ​ហើយ​ឯង​មិន​ដឹង​ទេ​អី​ហាស​? ចង់​ខ្ទើយ​ឬ​អត់ វា​ជា​សិទ្ធិ​​​សេរីភាព​របស់​ឯង​ទេ ហើយ​ខ្ទើយ​វា​យ៉ាង​ម៉េច​? ពួកយើង​នៅ​តែ​រាប់អាន​គ្នា​ដដែល​ទេ យ៉ាប់​មែន​វ៉ើយ​”។ ថ្ងៃ​នោះ​ ​ពួក​យើង​បាន​និយាយ​គ្នា​ច្រើន​ពី​រឿង​ដែល​វា​ជា​ក្លាយទៅជា​អីចឹង​។ វា​ថា​វា​ដឹងខ្លួន​វា​តាំងពី​តូច​មក​ម៉េស ព្រោះ​អោយតែ​វា​ឃើញ​ប្រុសៗ​ណា​សង្ហារ​អត់​បាន​ទេ វា​ចាប់ចិត្ត​ភ្លាម ហើយ​ពេល​ដែល​វា​ឃើញ​មនុស្ស​ស្រី​ណា​ចង់​ញ៉ែ​វា វា​រត់ចេញ​ពី​គេ​២    ​​​៣ គី​ឡូ មិន​អោយ​នៅ​ជិត​ទេ​។

 

វា​និយាយ​ប្រាប់ប្រ៉ាវៗ​ពី​រឿង​របស់​វា ខ្ញុំ​អង្គុយ​ស្តាប់​ឡើង​ហឹង​ស្លឹកត្រចៀក តាមពិត​ស្តាប់​វា​បណ្តើរ ព្យាយាម​ទទួលស្គាល់​ការ​ពិត​របស់​វា​បណ្តើរ សម្រួល​អា​រម្ម​ណ៍​​ថា​ត្រូវតែ​ទទួលស្គាល់​ការ​ពិត​របស់​វា ហើយ​គាំទ្រ​វា មិន​ថា​មានរឿង​អ្វី​កើតឡើង​មិត្តភក្តិ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅវិញទៅមក គាំទ្រ​ការសំរេចចិត្ត​និង​ជំរុញ​ទឹកចិត្ត​អោយ​វា​ដើរ​ទៅ​តាម​ផ្លូវ​ដែល​វា​ពេញចិត្ត​និង​បានជ្រើសរើស ប្រសើរ​ជាង​រិះគន់​អោយ​វា​កាន់តែ​លិចលង់ ព្រោះ​វា​ទើបតែ​បែកបាក់​ស្នេហា​ថ្មីៗ​​​ជាមួយនឹង​មិត្ត​ប្រុស​របស់​វា​។ យី​ស​!​ ដល់​គិត​សព្វៗ​ទៅ ខ្ញុំ​នេះ​ជា​ស្រី​មិនទាន់​មាន​សង្សារ​ម្តង​ផង វា​ឯណោះ​វិញ​មាន​សង្សា​រហើយ​បែក​គ្នា​ថែមទៀត​ផង អាសម្លាញ់​នេះ​ដូចជា​មាន​មន្ត​ស្នេហ៏​ដល់កហើយ​នេះ ខ្ញុំ​ដូចជា​អន់​ពេក​ហើយ​នេះ​។

 

បាន​តែ​គិត​ទេ មិន​ហ៊ាន​និយាយ​ទេ ព្រោះ​វា​កំពុងតែ​ខូចចិត្ត ហើយ​មាន​រឿង​មួយ​ទៀត​វា​បាន​សារភាព​សុំទោស វា​ថា​កាល​ពី​ខួប​ខ្ញុំ​ឆ្នាំមុន​វា​អត់​បាន​ទិញ​អី​អោយ​ហ្នឹង​​​ព្រោះ​វា​រវល់​តែ​ដើរលេង​ជាមួយ​សង្សារ​វា ហើយ​ពេល​ដែល​ខ្ញុំ​បបួលវា​ទៅ​ណា​មក​ណា វា​ថា “​ខ្ញុំ​ចង់​ដើរលេង​ជាមួយ​សង្សារ​ខ្ញុំ ខ្ញុំ​មិន​ចង់​ដើរលេង​ជាមួយនឹង​មនុស្ស​ស្រី​នោះ​ទេ​”។​​​ ឃើញ​ទេ​អា​ពួកម៉ាក​សម្លាញ់​ពេល​វា​មាន​សង្សារ​វា​ភ្លេច​មិត្តភក្តិ​អីចឹង តែ​អាណិត​វា​ដែរ​ ​​​ពេល​​​​ខ្ញុំ​ហៅ​វា​ដើរលេង​នោះ គឺ​ចំ​ពេល​ដែរ​វា​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត​គឺ​វា​បាន​បែកបាក់​នឹង​សង្សារ​វា​នៅ​ថ្ងៃ​ខួបកំណើត​វា​ហ្នឹង​​ មិនដឹងថា​ត្រូវ​ជេរ​ឬ​ត្រូវ​ធាក់​វា​ទេ​ពេល​នេះ ចិត្ត​មួយ​អាណិត​វា តែ​ចិត្ត​មួយទៀត​នឹក​ខឹង​វា​ថា​បាន​សង្សារ​ភ្លេច​មិត្ត គ្រាន់តែ​ចង់​ជួប​វា​យូរៗ​ម្តង​សោះ​វា​បដិសេធ​ទៀត។​​​ តាមពិត​វា​យក​ពេល​ទៅ​សាសង​ជាមួយនឹង​សង្សារ​វា អាសម្លាញ់​អើយ​អា​សម្លាញ់​។ វា​បន្ត​និយាយប្រាប់​ពី​រឿង​របស់​វា​ថា វា​កំពុង​ខូចចិត្ត​ជា​ទម្ងន់ ដោយសារ​តែ​វា​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​សង្សារ​វា ហើយ​គេ​អស់​ចិត្ត​នឹង​សុំ​បែក​គ្នា ដល់​ពេល​ខ្ញុំ​សួរ​វា “​សង្សារ​របស់​ឯង​មួយណា​? គ្នា​ស្គាល់​អត់​?” “​យាយ​ប៉ិក​ឯង​មិន​ស្គាល់​ទេ យើង​បាន​ស្គាល់​គេ​ពេល​យើង​នៅ​រៀន​នៅ​កូរ៉េ លេង​ឆាត​ជាមួយគ្នា​។ តាមពិត​ពេល​គ្នា​នៅ​កូរ៉េ​មាន​គេ​ញ៉ែ​ច្រើន​សឹង​អី​នឹង តែ​មិន​ដឹង​ម៉េច​គ្នា​ស្រលាញ់​គាត់ ដល់​ពេល​ត្រឡប់​មក​វិញ​ក៏​សេពគប់​គ្នា​ហ្មង​ទៅ គាត់​ធ្លាប់​ទៅលេង​ផ្ទះ​គ្នា​ហើយ​ម៉ាក់​គ្នា​ក៏​ស្គាល់​គាត់​ដែរ​”។​​​ មើល​វា​និយាយ មាត់​វា​នឹង​សម​នឹង​ស្បែកជើង​លេខ​ម៉ាន​ទេ​នេះ សុទ្ធតែ​មាន​ប្រុស​ញ៉ែ​វា​ច្រើន ហើយ​សុទ្ធតែ​នាំ​ប្រុស​ទៅ​អោយ​លេង​ដល់​ផ្ទះ​ទៀត បាន​តា​គិត​ទេ​មិន​ហ៊ាន​និយាយ​កុំ​អោយ​ថា ស្តីអោយ​វា​ថែម​ពេល​វា​កំពុង​ពិបាកចិត្ត។

 

“​គ្នា​ធ្លាប់​ទៅលេង​ផ្ទះ​គាត់​ដែល​នៅតាម​ខេត្ត ហើយ​ម៉ែឪ​យើង​ក៏​ធ្លាប់​ទៅលេង​ដែរ តែ​ពួកគាត់​អត់​ដឹង​ទេ គ្នា​ធ្វើ​ធម្មតា​កុំអោយ​ពួក​គាត់​សង្ស័យ តែ​អា​ឡូ​វ​គ្នា​បែក​គ្នា​ជាមួយ​គាត់​បាន​ជាង​៤​ខែ​ហើយ ហើយ​ម៉ាក់​គ្នា​ចេះ​តែ​សួរ​រក​គាត់ ថា​ម៉េច​អត់​ឃើញ​មកលេង​ចឹង គ្នា​អួលដើមក​មិនដឹងថា​ត្រូវ​តប​ម៉េច មាន​តា​ប្រាប់​ម៉ែ​វិញ​ថា គាត់​ទៅ​ធ្វើការ​តាម​ខេត្ត។​​ ពួកម៉ាក​អើយ​គ្នា​ពិបាកចិត្ត​ណាស់ ពិបាក​ទ្រាំ​ណាស់ គ្នា​នឹក​គាត់ ចង់​ជួប​មុខ​គាត់ នឹក​អនុ​ស្សាវ​រីយ៍​​​ដែលធ្លាប់​ទៅ​ដើរ​លេង​ជា​មួយគ្នា​ទៅញ៉ាំ​​​អី​ជាមួយគ្នា​” ពេល​វា​និយាយ​ហ្នឹង​​​ ទឹកមុខ​វា​ចង់​យំ វា​ធ្វើអោយ​ខ្ញុំ​ចង់​យំ​តាម​វា​ដែរ​។

 

​​​គិតៗ​ទៅ នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​វា​ប្រាប់​ពី​រឿង​ក្នុង​ចិត្ត​អោយ​ខ្ញុំ​ដឹង មាន​អា​រម្ម​ណ៍​​ថា​ប្លែក ហើយ​រក​ពាក្យលួងលោម​វា​មិន​ត្រូវ ក៏​ដោយសារ​តែ​ភ្ញាក់ផ្អើល​ផង លាយឡំ​ជាមួយ​នឹង​អា​រម្ម​ណ៍​​ជាច្រើន​ដែល​មិន​អាច​អធិប្បាយ​ជា​ពាក្យសំដី​បាន​ផង ហើយ​មិនដឹងថា​គួរតែ​ចាប់ផ្តើម​លួងលោម​វាពី​ណា​ទៅ​ណា ពីព្រោះ​ខួរក្បាល​ដូចជា​ទទេរ​ស្អា​តរក​តែ​អក្សរ​មួយ​តួ​​​នៅក្នុង​នោះ​មិន​បាន​ផង​។

 

ពេល​ក្រោយមក​ទៀត​ទើប​ខ្ញុំ​ចាប់ផ្តើម​ផ្តល់​ប្រឹក្សា​អោយ​វា​រៀន​ទទួលស្គាល់​ការពិត​ពី​ការបែកបាក់​ជាមួយនឹង​សង្សារ​វា ហើយ​អោយ​វា​រក​ការងារ​ធ្វើ កុំអោយ​នៅ​តែ​ផ្ទះ ព្រោះ​ខ្លាច​វា​កើតរោគ​ស្ត្រេ​សងាប់ទៅ ទើប​វា​រៀន​ធ្វើ​ចិត្ត ហើយ​វា​ប្រាប់ថា បើសិន​ជា​សង្សារ​វា​ចង់​វិល​មក​វិញ ត្រូវ​សុំ​ទោស​វា​ ​​​អោយ​វា​លើកលែងទោស​អោយ បើ​មិន​ដូច្នោះ​ទេ រឿង​រវាង​វា​នឹង​សង្សារ​វា​នឹង​ចប់​។ មកទល់ពេលនេះ កន្លងផុត​ទៅ​មួយ​ឆ្នាំ​កន្លះ​ហើយ ហើយ​មើលទៅ​វា​ក៏​ក្លាយ​មក​ជា​ធម្មតា​វិញ​ដែ ​​រ​បន្ទាប់​ពី​ខូច​ចិត្តនឹង​យំ​អស់​មួយ​រយៈពេល ហើយ​មើលទៅ​អាសម្លាញ់​ក៏​រឹងប៉ឹង​ជាង​មុន​ដែរ វា​អាច​បែងចែក​ការងារ​ និង​​​​រឿង​ផ្ទាល់​ខ្លួន​ដាច់ដោយឡែក ​ព្រម​ទាំង​​​​មាន​ភាពក្លាហាន​ក្នុង​ការបើក​ចំហរ​ថា “​ខ្ញុំ​ជា​ខ្ទើយ​” ដល់​មិត្ត​មួយចំនួន​ទោះ​មិន​បាន​ទាំងអស់​ក៏ដោយ។​​​ តែ​ខ្ញុំ​មើលឃើញថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អាសម្លាញ់​របស់​ខ្ញុំ​មាន​សេចក្តីសុខ​ជាង​ពេលមុន​ច្រើនឡើងៗ​។​

 

​អតីតកាល បច្ចុប្បន្នកាល និង​ទៅ​ថ្ងៃ​អនាគត មិន​ថា​មានរឿង​អ្វី​កើតឡើង ពួកយើង​នៅ​តែ​ជា​មិត្តភក្តិ​ល្អ និង​ជិតស្និត​នឹង​គ្នា ជួយ​ឈឺ​ឆ្អើល ​​​​និង​ការពារ​គ្នា​ទៅវិញទៅមក។​​​ ការយកចិត្តទុកដាក់ ការបារម្ភ និង​ការ​ដាស់តឿន​ដែល​អាសម្លាញ់​តែងតែ​ផ្តល់អោយ​ខ្ញុំ វា​គ្រប់គ្រាន់​ក្នុងនាម​​ជា​ "​មិត្តភក្តិ​បង្កើត​”​៕

 

​អត្ថបទ​ដោយ Ashley Neo

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

 

លេខ​ទូរសព្ទ៖ ​017 557 688 អ៊ីមែល៖ ​prak.chanseyha@cidc.com.kh លេខ​ទូរសព្ទ៖ ​099 588 880 អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

អត្ថបទពេញនិយម
អត្ថបទថ្មី