មនុស្ស​ប្រុស​សុទ្ធ​តែ​​មិន​បាន​ថែ​រក្សា​ភាព​បរិសុទ្ធ​ឱ្យ​ភរិយា​មែន​ឬ?

  • 2015-09-02 16:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ប្រុស​ជា​ទូទៅ​តែង​តែ​ចង់​បាន​ ភរិយា​ដែល​​បាន​រក្សា​ភាព​បរិសុទ្ធ តែ​នាង​មិន​បាន​ដឹង​ឡើយ​ថា​ ស្វាមី​របស់​នាង​ បាន​ទុក​ភាព​បរិសុទ្ធ​ឱ្យ​នាង​ឬ​ក៏​អត់​ទេ ពីព្រោះ​គេ​ចាត់​ទុក​បុរស​ជា​មាស​ទឹក​ដប់។  ទោះ​បី​ជា​បុរស​បាន​បាត់​បង់​​ខ្លួន​ប្រាណ​ ប៉ុន្មាន​ដង​ក៏​ដោយ​ក៏​គ្មាន​អ្នក​ណា​ដឹង​ ឡើយ​​ ក្រៅ​ពី​បុរស​នោះ​ធ្លោយ​មាត់​ប្រាប់​គេ​ដោយ​ខ្លួន​ឯង។

 

តើ​មនុស្ស​ប្រុស​ពិត​ជា​មិន​បាន​ទុក​ភាព​បរិសុទ្ធ​ឱ្យ​ភរិយា​មែន​ឬ?

 

រូបតំណាង

 

«សម្រាប់​ខ្ញុំ​មិន​បាន​ទុក​មែន!» នេះ​ជា​ការ​ឆ្លើយ​តប​របស់​ ប្រភព​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ មក​កាន់​ Sabay។ លោក​បាន​បន្ត​ទៀត​ថា មនុស្ស​ស្រី​មិន​ក្រោម​ ១០០​ នាក់​ទេ ដែល​លោក​ធ្លាប់​គេង​ជា​មួយ ដូច្នេះ​លោក​គ្មាន​ ភាព​បរិសុទ្ធ​ឯណា​ដើម្បី​ទុក្ខ​ឱ្យ​ភរិយា​នោះ​ទេ។

 

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​  លោក​ជឿ​ជាក់​ថា មនុស្ស​ស្រី​ត្រូវ​ការ​ ការ​កែ​ខ្លួន​ របស់​មនុស្ស​ប្រុស  ទោះ​មុន​រៀប​ការ​ មនុស្ស​ប្រុស​ធ្លាប់​ខូច​ខិល​យ៉ាង​ណា​​ក៏​ដោយ​ តែ​ក្រោយ​រៀប​ការ​គួរ​តែ​ឈប់​ប្រព្រឹត្ត​ ត្រូវ​ស្មោះ​ស្ម័គ្រ​មួយ​នឹង​មួយ ទើប​គេ​ហៅ​ថា មនុស្ស​ប្រុស​មាន​ទំនួល​ខុស​ត្រូវ។

 

ពេល​ដែល​ចោទ​សំណួរ​ថា ប្រពន្ធ​ដឹង​រឿង​​នេះ​ដែរ​ឬ​ទេ? លោក​បាន​​និយាយ​ថា « ដឹង! ព្រោះ​មុន​រៀប​ការ​ខ្ញុំ​បាន​ប្រាប់​គាត់​ហើយ​ថា​ខ្ញុំ​ជា​​មនុស្ស​ខូច​ណាស់ ខ្ញុំ​អត់​មាន​បរិសុទ្ធ​ទេ»។ ការ​និយាយ​គ្នា​ ឱ្យ​ដឹង​ស្រេច​ជា​មុន​ ជា​រឿង​ល្អ​ប្រសើរ ជាង​ឱ្យ​រឿង​នោះ​បែក​ធ្លាយ​ដោយ​ខ្លួន​ឯង នៅ​ថ្ងៃ​ក្រោយ ដែល​អាច​បណ្ដាល​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស់។ លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ។

 

ចំណែក​ប្រភព​ម្នាក់​ទៀត ដែល​សុំ​ដាក់​​ងារ​ថា សេវេន បាន​ឱ្យ​ដឹង​ថា តាម​តម្លាភាព​រវាង​មនុស្ស​ប្រុស​នឹង​មនុស្ស​ស្រី គេ​ទាំង​ពីរ​នាក់​គួរ​តែ​រក្សា​ភាព​បរិសុទ្ធ​  ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​រហូត​ដល់​ថ្ងៃ​រៀប​ការ​ តែ​ដោយ​ឡែក​សម័យ​នេះ មនុស្ស​មួយ​ចំនួន​​មិន​សូវ​គិត​គូ​លើ​រឿង​អស់​ទាំង​នេះ​ទេ។ «គេ​ថា​មនុស្ស​ប្រុស​ ៩៩% ហើយ​ដែល​ខូច តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មាន ១% ដែរ​ដែល​ត្រឹម​ត្រូវ​​ ហើយ​គេ​ពិត​ជា​បាន​ថែ​រក្សា​ភាព​បរិសុទ្ធ​​របស់​គេ​បាន​ល្អ​មែន!»។​ លោក សេវេន បាន​បញ្ជាក់។

​​​

ងាក​មក​​ប្រភព​វ័យ​ក្មេង​ម្នាក់​នេះ​វិញ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ឡាង បាន​ឱ្យ​ Sabay ដឹង​ថា​ រូប​គេ​ផ្ទាល់​អស់​ភាព​បរិសុទ្ធ​តាំង​ពី​ចូល​មហាវិទ្យាល័យ​ដំបូង​ម្ល៉េះ។ និស្សិត​ឆ្នាំ​ទី​ បួន​រូប​នេះ​ បាន​បន្ត​ថា រូប​គេ​បាន​ខូច​ខិល​ជាមួយ​មិត្ត​ស្រី​របស់​គេ ហើយ​បន្ត​បែក​គ្នា​អស់​ជា​ច្រើន​នាក់។ សំណួរ​​សួរ​ថា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​បើ​ អនាគត​ភរិយា​​លោក​ក៏​មិន​បាន​ថែរក្សា​ភាព​បរិសុទ្ធ​ឱ្យ​លោក​ដូច​គ្នា? «ខ្ញុំ​មិន​គិត​ម៉េច​ទេ ខ្ញុំ​មិន​ប្រកាន់​ឡើយ​ បើ​គាត់​ប្រាប់​ខ្ញុំ​មុន​រៀប​ការ ហើយ​ខ្ញុំ​ក៏​ប្រាប់​គាត់​ដូច​គ្នា តែ​ខ្ញុំ​មិន​រំពឹង​ថា​អនាគត​ប្រពន្ធ​ខ្ញុំ​ នៅ​បរិសុទ្ធ​ទេ ព្រោះ​ខ្ញុំ​ម្នាក់​ឯង​បាន​​យក​ ភាព​បរិសុទ្ធ​ពី​គេ​អស់ ពីរ​ បី​នាក់​ហើយ!»។

 

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ ឡាង នៅ​តែ​ចង់​ឱ្យ​បុរស​ គ្រប់​រូប​ស្មោះ​នឹង​ភរិយា​ក្រោយ​រៀប​ការ​ដែរ ។ វា​ជា​រឿង​អយុត្តិធម៌​មួយ​ទៅ ហើយ​សម្រាប់​ភរិយា​ដែល​មិន​បាន​ភាព​បរិសុទ្ធ​ពី​ស្វាមី តែ​ខ្លួន​ឯង​ប្រឹង​រក្សា​ដើម្បី​ស្វាមី ​ដូច្នេះ​អ្វី​ដែល​ធ្លាប់​ខូច​ខិល​មុន​​រៀប​ការ​ គួរ​តែ​លះបង់​ចោល​ឱ្យ​អស់។ លោក​បាន​បន្ថែម៕

 

ចុះ​ចំណែក​ប្រិយមិត្ត​ បុរស​ឯ​ទៀត​វិញ​ ឯកភាព​នឹង​មតិ​ខាង​លើ​ទេ? 

 

អត្ថបទ៖ ណេង ណេង