AFC U-16៖ U-16 កម្ពុជា​ប៉ះ​ក្រុម​ខ្លាំង​​ U-16 កូរ៉េ​ខាង​ជើង​ល្ងាច​នេះ

  • 2015-09-02 16:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វ័យ​ក្មេង​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​ (U-16)​​ត្រូវ​ប្រឈម​នឹង​ក្រុម​ខ្លាំង​យុវជន​U-16 ​កូរ៉េ​ខាង​ជើង​វេលា​ម៉ោង​១៧​​ម៉ោង​នៅ​សិង្ហបុរី (ម៉ោង​៤​ល្ងាច​នៅ​កម្ពុជា​)​សម្រាប់​ការ​បើក​ឆាក​​យុទ្ធនាការ​ជម្រុះ​​ពូល​ H​ នៃ​ពាន​យុវជន​ទ្វីប​អាស៊ី​ 2016 AFC U-16 Championship ​នៅ​កីឡដ្ឋាន​Jalan Basar Stadium​ ប្រទេស​សិង្ហបុរី។

 

ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​តឹង​តែង​សម្រាប់​ក្រុម​យុវជន​កម្ពុជា​ដោយ​សារ​តែ​ក្រុម​កូរ៉េ​ខាង​ជើង​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ក្រុម​ខ្លាំង​​មួយ​ប្រចាំ​នៅ​អាស៊ី​ ហើយ​សូម្បី​តែ​លោក​គ្រូ​បង្វឹក​កម្ពុជា​ជន​ជាតិ​ជប៉ុន​ក៏​ទទួល​ស្គាល់​ថា ការ​ប៉ះ​នឹង​កូរ៉េ​ខាង​ជើង​ពិត​ជា​ពិបាក​បំផុត​សម្រាប់​កម្ពុជា។

 

លោក ​ Iki Yusuke ​គ្រូ​បង្វឹក​ U-16​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​​​លោក​អត់​សូវ​ដឹង​ពី​ទម្រង់​លេង​​របស់​ក្រុម​ U-16 ​កូរ៉េ​ខាង​​ជើង​ឡើយ ​ដោយ​សារ​​តែ​មិន​មាន​​ឯក​សារ និង​វីដេអូ​ប្រកួត​របស់​ក្រុម​ខ្លាំង​​មួយ​នេះ​​​ដែល​ធ្វើ​ឲ្យ​រូប​លោក​ពិបាក​ក្នុង​ការ​រៀប​ចំ​ទម្រង់​លេង។

 

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ឆ្នាំ​២០១៥​នេះ​ ក្រុម​យុវជន​U-16 កម្ពុជា​បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ​ច្រើន​ដែល​ជា​ប្រភព​នៃ​បទ​ពិសោធន៍​ធ្វើ​ឲ្យ​ពួក​គេ​មាន​​បច្ចេកទេស​ ល្បឿន​ និង​ភាព​បត់បែន​តាម​ស្ថានភាព​បាន​ច្រើន។ ៤​ប្រកួត​ផ្លូវ​ការ​ក្នុង​ពាន​ 2015 AFF U-16 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ U-16 កម្ពុជា​ឈ្នះ​១ ស្មើ​១ និង​ចាញ់​២​គឺ​ឈ្នះ​ហ្វីលីពីន​​១-០, ស្មើ​សិង្ហបុរី​ ០-០, ចាញ់​អូស្ត្រាលី​ ៤-០ និង​ចាញ់​មីយ៉ាន់ម៉ា​៣-០។ បន្ទាប់​មក​ U-16 កម្ពុជា​ចាញ់U-16 ម៉ាឡេស៊ី​ ២-០ សម្រាប់​ការ​ប្រកួត​មិត្តភាព​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​សិង្ហបុរី។

 

បន្ទាប់​ពី​ប៉ះ​កូរ៉េ​ខាង​ជើង​ យុវជន​កម្ពុជា​ត្រូវ​ប៉ះ​ជើង​ឯក​ 2015 AFF U-16 Championship ថៃ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ​ មុន​ពេល​ប្រកួត​បញ្ចប់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​៦​ ខែ​សីហា​ ឆ្នាំ​២០១៥។ ពាន​រង្វាន់​យុវជន​ទ្វីប​អាស៊ី​ 2016 AFC U-16 Championship ​​នេះ​មាន​ប្រទេស​​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន​៤៥​​​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា៕

 

H៖ សិង្ហបុរី​ជា​ម្ចាស់​ផ្ទះ

 

អត្ថបទ៖ ជាន ចាន់រ៉ា​​