រឿង​មួយ​ចំនួន​ដែល​ត្រូវ​ដឹង​ពី​ខ្សែ​ប្រយុទ្ធ​​ថ្មី​របស់​ Man Utd

  • 2015-09-02 16:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ទិញ​ខ្សែ​ប្រយុទ្ធ ​Anthony Martial ​ពី​ក្រុម Monaco ​ក្នុង​តម្លៃ​ខ្លួន​៣៦​លាន​ផោន (ជាង​៥៥​លាន​ដុល្លារ) ក្នុង​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ។ កីឡាករ​វ័យ​ក្មេង​នេះ​ ​ត្រូវ​បាន​គេ​ហៅ​ក្រៅ​ថា​ជា New Thierry  Henry​ ដោយសារ​តែ​រូប​គេ​មាន​សមត្ថភាព​ខ្លាំង​ពី​តូច ហើយ​ធ្លាប់​ហាត់​ក្នុង​ក្លិប​យុវជន​ដែល Henry ​ធ្លាប់​ហាត់​ដែរ។ ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​ត្រួស​ៗ របស់  Martial ៖

 

 

ចាប់​ផ្ដើម​អាជីព​បាល់​ទាត់​ដំបូង​ដោយ​ហាត់​ជាមួយ​ក្រុម CO Les Ulis ​ដែល​ជា​ក្លិប​របស់ Henry ​និង Patrice Evra ​ធ្លាប់​ហាត់​។ ត្រឹម​វ័យ​១៤​ឆ្នាំ Martial ​បាន​ផ្លាស់​ទៅ​ចូល​រួម​ជាមួយ Lyon ​ហើយ​ក៏​បាន​ជាប់​ឈ្មោះ​ក្នុង​ឈុត U16 ​របស់​បារាំង​តែ​ម្ដង ហើយ​រក​គ្រាប់​បាល់​បាន​៩​គ្រាប់​ក្នុង​១៧​ប្រកួត។ ដោយ​មាន​ការ​អភិវឌ្ឍ​ខ្លួន​ខ្លាំង ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចូល​លេង​ទាំង U17 (រក​បាន​៩​គ្រាប់​ក្នុង​១៣​ប្រកួត) , U18 (៣​គ្រាប់​ក្នុង​៤​ប្រកួត) ហើយ​បច្ចុប្បន្ន​កំពុង​លេង​នៅ U21 ។ ចំណែក​ឯ​កាល​នៅ​ជា​យុវជន​របស់ Lyon ​វិញ រូប​គេ​រក​បាន​៣២​គ្រាប់​ក្នុង​២១​ប្រកួត​ មុន​ផ្លាស់​ចូល​ឈុត​ធំ​នៅ​ឆ្នាំ​២០១២។

 

ដោយ​លេង​កាន់​តែ​ឡើង​ជើង​ Monaco ​ក៏​បាន​សម្រេច​ចិត្ត​ទិញ​យក​នៅ​ឆ្នាំ​២០១៣ ​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​៥​លាន​អឺរ៉ូ​ប៉ុណ្ណោះ។ នៅ​ជាមួយ Monaco ​ក្នុង​រដូវ​កាល​ដំបូង រូបគេ​រក​បាន​២​គ្រាប់​ក្នុង​១៥​ប្រកួត ហើយ​រដូវ​កាល​មុន​នេះ​រូប​គេ​រក​បាន​១១​គ្រាប់​ក្នុង​៤២​ប្រកួត។ ចំនួន​នេះ​ដែរ បាន​ធ្វើ​ឱ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​នៅ​អឺរ៉ុប​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ។

 

 

ចំពោះ​រឿង​ផ្លាស់​មក​ Man Utd ​ក្នុង​តម្លៃ​ខ្លួន​៣៦​លាន​ផោន​នេះ​ដែរ គឺ​បាន​ធ្វើ​ឱ្យ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ក្លាយ​ជា​យុវជន​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​លើ​លោក​ ដូច​បង្ហាញ​ក្នុង​​តារាង​ខាង​ក្រោម​នេះ៖

 

 

ហេតុ​ផល​នឹក​ស្មាន​មិន​ដល់

 

គេ​ហៅ Martial ​ជា​ Henry ​ទី​២​គឺ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​ស្រុក​កំណើត​នៅ​ជិត​នឹង Henry ​បំផុត ពោល​គឺ​ Henry ​កើត​នៅ Les Ulis ​ស្រប​ពេល​ដែល Martial ​កើត​នៅ Massy ។ ពួកគេ​ហាត់​នៅ​ក្លិប​យុវជន​ដូច​គ្នា ហើយ​គ្រូ​បង្វឹក​នៅ​ទី​នោះ​បាន​បញ្ជាក់​ថា​២​នាក់​នេះ​មាន​ទម្រង់​លេង​ប្រហែល​គ្នា​ទៀត។

 

Martial ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បិសាច​ក្រហម បន្ទាប់​ពី Di Maria ​និង Mata ។

 

មិន​មែន​មាន​តែ Man Utd ​មួយ​ទេ​ដែល​ចង់​បាន​កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ សូម្បី​តែ Chelsea ​និង Spurs ​ក៏​ចង់​បាន​ខ្លាំង​ដែរ តែ​ខាង​ Monaco ​មិន​ព្រម​លក់​ឱ្យ​ព្រោះ​ក្លិប​ទាំង​ពីរ​ផ្ដល់​តម្លៃ​ខ្លួន​ទាប​ពេក។

 

Martial ​ចូល​ Man Utd ​ចំ​ថ្ងៃ​ដែល Rooney ​ចូល​ដែរ ពោល​គឺ​១១​ឆ្នាំ​មុន Rooney ​ក៏​ផ្លាស់​មក​ក្នុង​ថ្ងៃ​នេះ​ដែរ។

 

កីឡាករ​ពាក់​អាវ​លេខ​៩​រូប​នេះ អាច​លេង​ក្នុង​តំបន់​ប្រយុទ្ធ​ទាំង​កណ្ដាល ឆ្វេង និង​ស្ដាំ​បាន​ទាំង​អស់ ដោយ​មាន​ល្បឿន​ និង​បច្ចេកទេស​ខ្ពស់។

 

មូលហេតុ​ដែល​ធ្វើ​ឱ្យ​រូប​គេ​ផ្លាស់​មក Old Trafford ​គឺ​មិន​មែន​ដោយសារ​តែ​លុយ​នោះ​ទេ ប៉ុន្តែ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​ដោយសារ​តែ​ចង់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Louis van Gaal ៕

 

 

ចុចអាន៖ សរុប​ការ​ទិញ​ដូរ​​កីឡាករ​ទាំង​អស់ ​គ្រប់​ក្លិប​​នៅ​ Premier League​

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ manutd