អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង រ៉ូណាន ចាន់ណា ចាកចេញ​ពី​ផលិតកម្ម Rich Kids Media?

  • 2015-09-02 21:55:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ណា រ៉ូណាន  បាន​សម្រេច​ចិត្ត​ចាក​ចេញ​ ពី​ផលិតកម្ម Rich Kids Media ខណៈ​រឿង "ក្រមុំ​៣១ កំលោះ​៥២" នៅ​មិន​ទាន់​រួចរាល់ និង​ ចរាចរណ៍​តាម​រោង​ភាពយន្ត​នានា​នៅ​ឡើយ។

 

 

ក្នុង​ជំនួប​ជាមួយ Sabay អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​រូប​នេះ ​បញ្ជាក់​ថា មាន​ហេតុ​ផល​មួយ​ចំនួន​ធ្វើ​ឱ្យ​រូប​គេ​សម្រេច​ចិត្ត​ចាកចេញ​ ពី​ផលិតកម្ម​ខាង​លើ ប៉ុន្តែ​គ្មាន​ទំនាស់ ឬ​ការ​ថ្នាំងថ្នាក់​ចិត្ត​គ្នា​ណា​មួយ​ឡើយ។ លោក​បន្ថែម​ថា៖ "ខ្ញុំ​បើក​ផលិតកម្ម​ខ្លួន​ឯង​វិញ​ម្ដង ព្រោះ​ពី​មុន​ធ្លាប់​បាន​និយាយ​ជាមួយ​គាត់​ហើយ​ថា ពេល​ដែល​មាន​លទ្ធភាព នឹង​ចេញ​បើក​ផលិតកម្ម​ខ្លួន​ឯង"។

 

បច្ចុប្បន្ន ចាន់ណា រ៉ូណាន  បាន​ចូលហ៊ុន​ជាមួយ​បង​ស្រី​បង្កើត​បើក​ផលិតកម្ម​រួម​គ្នា ហើយ​កំពុង​រៀបចំ​តួ​សម្ដែង ដើម្បី​ត្រៀម​ថត​រឿង​ដំបូង​ក្នុង​ផលិតកម្ម​របស់​ពួក​គេ​នៅ​ចុង​ខែ​កញ្ញា​នេះ​ទៀត​ផង។ ការ​សម្រេច​បើក​ផលិតកម្ម​ដូច្នេះ ក៏​ព្រោះ​តែ​មើល​ឃើញ​អំពី​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន​កំពុង​មាន​ការ​កើន​ឡើង ខណៈ​មាន​ទស្សនិកជន​កាន់​តែ​ច្រើន​និយម​គាំទ្រ​ស្នាដៃ​ភាពយន្ត​ខ្មែរ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​នានា​យ៉ាង​ណា​ក្ដី។

 

 

រ៉ូណាន់ ចាន់ណា អះអាង​ថា បច្ចុប្បន្ន​រូប​គេ​មាន​ក្រុម​ការងារ​ស្រាប់ ដែល​ជា​បច្ច័យ​ល្អ​សម្រាប់​ការ​បង្កើត​ជា​ផលិតកម្ម និង​ផលិត​រឿង​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង មាន​អតីតកាល​រស់​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ដដែល​បង្ហាញ​ជំហរ​ថា មិន​បាន​ផ្ដាច់​ខ្លួន​ទាំង​ស្រុង​ពី​ផលិតកម្ម​ចាស់​នោះ​ទេ អាច​នឹង​មាន​ការ​សហការ​ផលិត​ភាពយន្ត​រួម​គ្នា​ទៀត​ផង អាស្រ័យ​លើ​ភាព​ជាក់​ស្ដែង​នា​ពេល​ខាង​មុខ។

 

ចាន់ណា រ៉ូណាន  ប្រឡូក​ក្នុង​ការងារ​ភាពយន្ត​អស់​រយៈ​ពេល ៦ ឆ្នាំ​ហើយ ដោយ​ធ្លាប់​ចូលរួម​ជាមួយ​ផលិតកម្ម RGB, LD Picture ជា​ដើម ដោយ​ទទួល​បាន​ជោគជ័យ​លើ​ស្នាដៃ​បន្តបន្ទាប់។ ដោយ​ឡែក​រឿង "ក្រមុំ​៣១ កំលោះ​៥២" នៃ​ផលិតកម្ម Rich Kids Media ក៏​កំពុង​ដំណើរ​ការ​កាត់ត​នៅ​ឡើយ ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​ឆាប់ៗ​នេះ បន្ទាប់​ពី​រឿង"៧​ថ្ងៃ" ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។

 

អ្នក​ដឹក​នាំ​រឿង​ខាង​លើ​អះអាង​ថា នឹង​ធ្វើ​ឱ្យ​កាន់​តែ​ល្អ​ឡើង​ចំពោះ​ស្នាដៃ​រឿង​ក្រោយ​នេះ ព្រោះ​នៅ​ក្នុង​ផលិតកម្ម​ផ្ទាល់​ខ្លួន ដែល​អាច​សម្រេច​ចិត្ត​ដោយ​ដោយ​ខ្លួន​ឯង​ក្នុង​ការ​ផលិត ស្រប​ពេល​យល់​ច្បាស់​ពី​តម្រូវ​ការ​របស់​ទស្សនិកជន៕​

 

អាន​អត្ថបទ៖  ពែកមី ​ល្បី​ឈ្មោះ​​ខ្លាំង​ប៉ុណ្ណាដាច់​ខាត​មិន​ចោល​…​ អានអត្ថបទ៖  តួ Stunt ហូលីវូដ​ដើម​កំណើត​ខ្មែរ Jean-Paul Ly ត្រៀម​មក​ថត​រឿង​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា

សកម្មភាព​ដឹក​នាំ​រឿង​របស់ រ៉ូណាន ចាន់ណា

 

 

អត្ថបទ៖ សំ ជំនាញ រូប​ថត៖ ផ្ដល់​ឱ្យ