៤​ចំណុច​ប្លែក​គ្នា​របស់​ ស៊ន​ សៀវម៉ី​ មុន និង​ក្រោយ​ឈ្នះ​មេដាយ​មាស​

  • 2014-10-16 16:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​ជើង​ឯក​តេក្វាន់ដូ​កីឡា​អាស៊ី​ Asian Games 2014 ស៊ន​ សៀវម៉ី​ មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ បន្ទាប់​ពី​នាង​ឈ្នះ​មេដាយ​មាស​ជា​ប្រវត្តិសាស្ត្រ​ជូន​ជាតិ​មាតុភូមិ​ពី​ព្រឹត្តិការណ៍​ខាង​លើ​ ដែល​ពី​មុន​មក​កម្ពុជា​មិន​ដែល​ស្គាល់​រសជាតិ​មេដាយ​មាស​ម្ដង​ណា​សោះ​ឡើយ​ ហើយ​ក៏​បាន​ខក​ខាន​មេដាយ​ផ្សេងៗ​អស់​រយៈ​ពេល​៤៤​ឆ្នាំ​មក​ហើយ។ ក្នុង​ពេល​ល្បី​នេះ​គេ​សង្កេត​ឃើញ​មាន​បួន​ចំណុច​ដែល​ ម្ចាស់​មេដាយ​មាស​នេះ​មាន​ការ​ប្រែ​ប្រួល​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។

 

ចំណុច​ទី​១​នោះ​គឺ​មុន​ពេល​ល្បី​គេ​អាច​ធ្វើ​ការ​សម្ភាសន៍​ សៀវម៉ី​ ដោយ​ផ្ទាល់​តែ​ម្ដង​ ដោយ​ពុំ​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​ពី​ខាង​សហព័ន្ធ​ ឬ​ខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​ក្រោយ​នាង​ឈ្នះ​មេដាយ​មាស​រាល់​ការ​ទាក់​ទង​សម្ភាសន៍​ សៀវម៉ី​ គឺ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ខាង​សហព័ន្ធ​ ឬ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មុន​ ហើយ​ប្រសិន​បើ​អនុញ្ញាត​ទើប​អាច​ធ្វើ​សម្ភាសន៍​បាន។

 

ចំណុច​ទី​២​គឺ​មុន​ពេល​ល្បី​មិន​មាន​នរណា​នឹក​នា​បង្កើត​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ ស៊ន​ សៀវម៉ី​ នោះ​ទេ​ ប៉ុន្តែ​ក្រោយ​ក្លាយ​ជា​វីរ​នារី​​កម្ពុជា​ គេ​ឃើញ​មាន​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​ដែល​បាន​បង្កើត​ឡើង​ ហើយ​ដាក់​ឈ្មោះ​ថា​ ស៊ន​ សៀវម៉ី។

 

 

ចំណុច​ទី​៣​នោះ​គឺ​មុន​ពេល​ល្បី​ពុំ​សូវ​មាន​អ្នក​ស្គាល់​គ្រួសារ​កម្ពស់​ខ្ពស់​ត្រកូល​ ស៊ន​ នេះ​ទេ​ ហើយ​ក៏​ពុំ​សូវ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ដល់​វិស័យ​កីឡា​ ពិសេស​កីឡា​តេក្វាន់ដូ​នោះ​ដែរ​ ប៉ុន្តែ​ក្រោយ​ ស៊ន​ សៀវម៉ី​ បាន​សាង​ស្នាដៃ​ធំធេង​ជូន​ជាតិ​មាតុភូមិ​ គេ​សង្កេត​ឃើញ​មាន​ស្ថាប័ន​រដ្ឋ​ បុគ្គល​ និង​ក្រុម​ហ៊ុន​ឯក​ជន​ជា​ច្រើន​បាន​យក​ចិត្ត​ទុក​ដាក់​ និង​​​ឧបត្ថម្ភ​ដល់​នាង​ អញ្ជើញ​នាង​ចូល​រួម​កម្មវិធី​នេះ​ កម្មវិធី​នោះ​រក​ពេល​សម្រាក​សឹង​មិន​មាន។

 

ចំណុច​ទី​៤​ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ សៀវម៉ី​ ជា​អត្តពលិក​កម្ពុជា​ដំបូង​គេ​ដែល​អង្គ​ព្រះមហាក្សត្រ​ព្រះ​បាទ​ ​នរោត្តម ​សីហមុនី​ ប្រោស​ប្រទាន​ឲ្យ​ចូល​គាល់​ព្រះ​អង្គ​នៅ​ក្នុង​ព្រះបរមរាជវាំង​ ជាមួយ​សម្ដេច​​យាយ នរោត្តម ​មុនីនាថ​ សីហនុ។

 

ទាំង​នេះ​អាច​ចាត់​ទុក​ថា​ជា​ចំណុច​ប្រែប្រួល​របស់​ សៀវម៉ី​ ផ្ទាល់​ ក៏​ដូចជា​ការ​ប្រែប្រួល​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ ក្នុង​ការ​ងាក​សម្លឹង​ទៅ​មើល​ និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ម្ចាស់​មេដាយ​មាស​រូប​នេះ។

 

ក្រៅ​ពី​បូន​ចំណុច​ខាង​លើ​ តើ​ប្រិយមិត្ត​គិត​ថា​នៅ​មាន​ចំណុច​អ្វី​ខ្លះ​ទៀត​ដែល​វីរៈនារី​ ស៊ន​ សៀវម៉ី​ មាន​ការ​ប្រែប្រួល​អ្វី​ខ្លះ​ទៀត?

 

អត្ថបទ៖ អៀង សូទ្រី