ជប៉ុន បានយក​​ឈ្នះ​ កម្ពុជា ៣-០ ​ក្នុង​ដី​របស់​ខ្លួន

  • 2015-09-04 02:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​បាន​​​យក​ឈ្នះ​​​ក្រុម​​ជម្រើស​ជាតិ​​កម្ពុជា​ដោយ​លទ្ធផល ​៣-០ ទាំង​ទឹក​មុខ​មិនសូវ​​សប្បាយ​ចិត្ត​​នៅ​​​កីឡដ្ឋាន​ Saitama Stadium 2002 របស់​ខ្លួន​ សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក ឆ្នាំ​២០១៨ នៅ​ពូល E សម្រាប់​តំបន់​អាស៊ី​ ជុំ​ទី​ពីរ​ជើង​ទី១​ដែល​ទើប​បញ្ចប់​ទៅ​មុន​នេះ​បន្តិច។

 

 

ការ​ប្រកួត​នេះ​ពិត​ជា​លំបាក​ណាស់​សម្រាប់​ក្រុម​កម្ពុជា​ដែល​លេង​នៅ​ក្នុង​ដី​របស់​ក្រុម​ខ្លាំង​ជប៉ុន។ គ្រាន់​តែ​ចាប់​ផ្តើម​ភ្លាម ក្រុម​ជប៉ុន​ចាប់​ផ្តើម​វាយ​សម្រុក​យ៉ាង​ខ្លាំង​​គ្មាន​ត្រា​ប្រណី​ឡើយ​ដើម្បី​រកគ្រាប់​បាល់​ឲ្យ​បាន​ច្រើន ប៉ុន្តែ​របាំង​ការពារ​របស់​កម្ពុជា​ពិត​ជា​រឹង​មាំ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ព្យាយាម​លេង​ថយ​ក្រោយ​ដើម្បី​ទាញ​កម្លាំង​របស់​កម្ពុជា។

 

ការ​វាយ​សម្រុក​ខ្លាំង​រហូត​ដល់​នាទី​ទី​២៨​ទើប​ ជប៉ុន​អាច​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​ដោយ​តារា​ឆ្នើម​មក​ពី​អឺរ៉ុប Honda តាម​រយៈ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាំ​ទី ស៊ូ យ៉ាទី ទះ​បាល់​មិន​ផុត។ បន្ទាប់​មក​ទៀត ជប៉ុន​នៅ​តែ​វាយ​សម្រុក​តែ​មិន​អាច​ទម្លាយ​របាំង​ការពារ​កម្ពុជា ហើយ​ចប់​តង់​ទី​មួយ ជប៉ុន​នាំ​មុខ ១-០។​  

ចូល​តង់​ទី​ពីរជប៉ុន​បាន​វាយ​​លុក​បន្ថែម​ទៀត និង​រក​គ្រាប់​បាល់​បាន​យ៉ាង​លឿន​គឺ​២គ្រាប់​ជាប់​គ្នា​​​ដោយ​នាទី​ទី​៥០ Yoshida បាន​ទម្លាយ​សំណាញ់​ទី​មួយ​គ្រាប់ ហើយ​​១​នាទី​ក្រោយ​មក​ Kagawa បាន​បន្ថែម​១​គ្រាប់​​ទៀត។ ជប៉ុ​ន​​នៅ​តែ​សម្រុក​វាយ និង​​ស៊ុត​ជា​ច្រើន​ជើង​ ប៉ុន្តែ​អ្នក​ចាំ​ទី និង​ខ្សែ​ការពារ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​​ជា​ច្រើន​លើក​ច្រើន​សារ។ ស៊ូ យ៉ាទី​ពិត​ជា​គួរ​ឲ្យ​សរសើរ​ដែល​​បាន​ជួយ​សង្គ្រោះ​បាល់​ជា​ច្រើន​គ្រាប់។ បន្ទាប់​ពី​លោក​អាជ្ញា​កណ្តាល​បញ្ចប់​ការ​ប្រកួត មើល​ទៅ​ទឹក​មុខ​គ្រូ​​បង្វឹក និង​កីឡាករ​របស់​ជប៉ុន​ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ​នឹង​លទ្ធផល ៣-០​នេះ៕

 

អ្នក​គាំទ្រ​កម្ពុជា​នៅ​កោះ​ពេជ្រ យប់​នេះ

 

អត្ថបទ៖ ជាន​ ចាន់រ៉ា