យឹម ណារ៉ា ចាប់​ដៃ សុខ សោម៉ាវត្តី សម្ដែង​ភាពយន្ត​ខ្នាត​ធំ​រឿង​ស្នេហា​យុវវ័យ

  • 2015-09-09 19:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា ​សម្ដែង និង​ពិធីករ យឹម ណារ៉ា បាន​ចាប់​ដៃ​គ្នា​សម្ដែង​ជា​លើក​ដំបូង​ជាមួយ សុខ សោម៉ាវត្តី សម្ដែង​ភាពយន្ត​ខ្នាត​ធំ​មួយ​រឿង និយាយ​ពី​ស្នេហា​យុវវ័យ​ដែល​បើក​ពិធី​ក្រុង​ពាលី​ព្រឹក​មិញ​នេះ។

 

 

ភាពយន្ត ​នោះ​មាន​ចំណង​ជើង​ថា "សិស្ស​ប្អូន​សំណព្វ​ចិត្ត" ឬ "My Junior My Crush” ផលិត​ដោយ​ផលិតកម្ម Rock។ ណារ៉ា ដែល​សម្ដែង​ជា​តួឯក​ប្រុស​ឈ្មោះ "សង្ហារ" គឺ​ជា​តួ​ដែល​មាន​ចរិត​ឡូយ មិន​សូវ​ចេះ​ខ្វល់​នឹង​នរណា។ ប៉ុន្តែ​ដោយ​សារ រូប​រាង​សង្ហារ និង​ជា​កំលោះ​ឡូយ​ឆាយ​ផង ចរណៃ សម្ដែង​ដោយ សុខ សោម៉ាវត្តី ក៏​បាន​បាក់​ចិត្ត​ស្រឡាញ់។

 

ណារ៉ា ថ្លែង​ថា "បើ​មើល​ចំណង​ជើង​ថា ប្រិយមិត្ត​អាច​ច្រឡំ​ថា សិស្ស​ច្បង​គឺ​ជា​ខ្ញុំ ដោយ​សារ​ភាគ​ច្រើន​គឺ​មនុស្ស​ប្រុស​នៅ​រៀន​ច្រើន​មាន​អាយុ​ច្រើន​ជាង​ស្រី​ៗ តែ​ក្នុង​រឿង​នេះ​គឺ​ផ្ទុយ​គ្នា​វិញ គឺ​ស្រី​តី ជា​សិស្ស​ច្បង​ខ្ញុំ ខ្ញុំ​សិស្ស​ប្អូន ហើយ​ស្រី​តី ជា​អ្នក​ស្រឡាញ់​ខ្ញុំ​មុន ទាល់​យូរ​ទៅ​បាន​ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​នាង​វិញ"។

 

វិល​មក​តួឯក​ ស្រី សុខ សោម៉ាវត្តី វិញ​ឲ្យ​ដឹង​ថា ក្នុង​រឿង​នេះ គឺ​នាង​សម្ដែង​ជា​តួឯក​ស្រី​មាន​រាង​ធាត់ និង​មិន​សូវ​ស្អាត ទើប​មិន​សូវ​មាន​អ្នក​ស្រឡាញ់។ ផ្ទុយ​ទៅ​វិញ គឺ​នាង​បាក់​ចិត្ត​ស្រឡាញ់ ណារ៉ា ជា​តួឯក​ប្រុស​ថែម​ទៀត​។ តារា​សម្ដែង​កូន​មួយ​រូប​នេះ ថ្លែង​ទៀត​ថា នេះ​ជា​រសជាតិ​ថ្មី​មួយ​នៃ​សម្រាប់​ការ​សម្ដែង​របស់​នាង និង​សង្ឃឹម​ថា ទស្សនិកជន​គាំទ្រ។

 

 

 

ផលិតកម្ម Rock បាន​វិនិយោគ​ថវិកា​ប្រមាណ​ជា​៥​ទៅ ៦ម៉ឺន​ដុល្លារ សម្រាប់ "សិស្ស​ប្អូន​សំណព្វ​ចិត្ត" ឬ "My Junior My Crush” ដើម្បី​ធ្វើ​ឲ្យ​សាច់​រឿង​មាន​ភាព​ទាក់​ទាញ ដោយ​នាំ​យក​សិល្បករ សិល្បការិនី​ល្បីៗ និង​វ័យ​ក្មេង​ជា​ច្រើន​ដួង។ រឿង​នេះ ឆ្លុះ​បង្ហាញ​ពី​សង្គម​ស្នេហា​យុវវ័យ​ក្នុង​មហាវិទ្យាល័យ និង​បង្កប់​ការ​អប់​រំ។

 

យឹម សុសត្យា នាយក​គ្រប់​គ្រង​ការ​ផលិត​របស់ Rock បង្ហើប​ថា ខ្លឹម​សារ​អប់​រំ​សំខាន់​មួយ​របស់​រឿង​នេះ គឺ​លើក​ទឹក​ចិត្ត​ឲ្យ​យុវវ័យ​ស្រឡាញ់​ការសិក្សា ក្នុង​បើ​ទោះ​មាន​ស្នេហា​ក្នុង​ពេល​សិក្សា ប៉ុន្តែ​មិន​ត្រូវ​បោះបង់​ការ​សិក្សា​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រឹង​រៀន​ដើម្បី​ស្នេហា។ "ក្នុង​រឿង​នេះ តួឯក​ប្រុស​បាន​ដាក់​លក្ខខណ្ឌ​ដល់​តួឯក​ស្រី​ថា បើ​ស្រឡាញ់​គេ​គឺ​ត្រូវ​តែ​ប្រឹង​ប្រែង​រៀន​សូត្រ បើ​មិន​អីចឹង គឺ​មិន​អោយ​ស្រឡាញ់​ទេ។ អីចឹង​ទេ នេះ​គឺ​ជា​ខ្លឹម​សារ​អប់រំ​សំខាន់​មួយ"។

 

ក្រៅ ​ពី​តួ​សម្ដែង​ខាង​លើ "សិស្ស​ប្អូន​សំណព្វ​ចិត្ត" ឬ "My Junior My Crush” ចូល​រួម​សម្ដែង​ដោយ​សិល្បករ សិល្បការិនី​ជា​ច្រើន​ទៀត​មាន​ដូច​ជា៖ នាយ ចើម Checky ភីម៉ៃ អ្នក​នាង កាតុ B.I.G ឆ័យលី ដាឡែន យាយ​យ៉យ ព្រំ​ម៉ាញ និង​នាយ តេឡេ ជា​ដើម។

 

Checky និង កាតុ ដែល​សម្ដែង​ជា​តួអង្គ "អាម៉ាប់" និង​គណៈកម្មការ​រៀង​ខ្លួន ថ្លែង​ថា តាម​ការ​អាន​ខ្លឹម​សារ​រឿង ពួក​គេ​អះអាង​ថា នេះ​ជា​ខ្សែ​ភាពយន្ត​ដ៏​ល្អ​មួយ។ ដូច្នេះ​ហើយ​ស្នើ​ប្រិយមិត្ត​ចូល​រួម​គាំទ្រ។ តាម​ផែន​ការ "សិស្ស​ប្អូន​សំណព្វ​ចិត្ត" ឬ "My Junior My Crush” គ្រោង​នឹង​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​ក្នុង​រង្វង់​ដើម​ឆ្នាំ ២០១៦៕

 

 

 

 

 

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម