ចិត្ត​ស្រលាញ់​អក្សរ​ខ្មែរ​ពុះពារ​​រចនាពុម្ពច្រើន​ម៉ូត​ បំពេញ​តម្រូវការ​អ្នក​ប្រើ​ប្រាស់

  • 2015-09-11 17:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពុម្ព​​អក្សរ​ខ្មែរ​យូនីកូដ​​​កំពុង​មាន​ការ​ប្រើប្រាស់យ៉ាង​ទូលាយ​មិន​ថា​នៅ​លើ​​កុំព្យូទ័រ​ ឬ លើ​ទូរសព្ទ​ដៃ​នោះ​ទេ ដោយសារ​មាន​​ក្រុម​អ្នក​អភិវឌ្ឍ​បាន​បំបែក​ពុម្ពអក្សរ​ដំបូង​របស់​ស្ថាបនិក​យូនីកូដ​ លោក ​ដាញ់ ហុង ជាមួយ​ការ​រចនា​ម៉ូត​​កាន់​តែ​ប្លែកៗ​​​​ដើម្បី​បំពេញ​តាម​តម្រូវការ​អ្នក​ប្រើ​ប្រាស់។

 

 

លោក​ នៅ​ សំណាង ប្រធាន​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​​ បាន​លើក​ឡើង​ថា ដោយ​សារ​មាន​ការ​ប្រើ​ប្រាស់​ពុម្ព​​អក្សរ​ខ្មែរ​កាន់​ទូលាយ និង​​មិន​សូវ​មាន​ម៉ូដ​ប្លែក​ៗ​ទើប​ក្រុម​លោក​ចាប់​ដៃ​គ្នា​បង្កើត​ម៉ូដ​ប្លែក​ៗ​ជា​ច្រើន​ដើម្បី​បំពេញ​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​។

 

សំណាង​ បន្ត​ថា ការ​បង្កើត​ពុម្ព​​អក្សរ​ខ្មែរ​ម៉ូដ​ប្លែកៗ​​នេះ​ឡើង​ក្នុង​គោល​បំណង​សំខាន់​ៗ​គឺដើម្បី​លើកស្ទួយ​អក្សរ​ជាតិ​ផង​ និងបង្ហាញ​ពី​ការ​ច្នៃ​ប្រឌិត​ផង​ និង​ជា​ការ​ជំរុញ​ការ​ប្រើប្រាស់អក្សរ​ខ្មែរ​​កាន់តែ​ច្រើន​ថែម​ទៀត។

 

ការ​បង្កើត​ពុម្ព​​អក្សរ​ខ្មែរ​របស់​​ក្រុម​​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​​គឺ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​មិន​មាន​ការ​ឥត​គិត​ថ្លៃ និង​មានជាង ២០០ ម៉ូដ​។

 

ពុម្ភអក្សរ​​ផ្សេងៗ​ដែល​បង្កើត​ឡើង​ដោយ​​ក្រុម​អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ

 

​លោក​ ឆូយ ប៊ុន​សុខហេង​ សមាជិក​ក្រុម​បាន​បន្ថែម​លើ​ចំណុច​ទាំង​នេះ​ថា ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ដែល​ក្រុម​លោក​រចនា​គឺ​ផ្អែក​ទៅ​លើភាព​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន​ តាម​រយៈ​ការ​ប្រមូល​យក​គំនិត​ពី​អ្នក​ជុំវិញ​ខ្លួន​មក​បង្កើត​ជា​របស់​ថ្មី​អាច​បម្រើ​ដល់​ខ្លួន​ឯង​ និង សង្គម​ជាតិ​ទាំង​មូល។ ​

 

"ការ​ងារ​នេះ​បើ​និយាយ​ទៅ​វា​មិន​ទទួល​បាន​កម្រៃ​ ឬ ជួយ​ឲ្យ​ជាតិ​រីក​ចំរើន​ខ្លាំង​ក្លា​នោះ​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ឃើញ​អក្សរ​ខ្មែរ​នៅ​លើ​គ្រប់​ឧបករណ៍​អេឡិចត្រូនិក​ដើម្បី​កាត់​បន្ថយ​អក្សរ​បរទេស​នៃ​សម័យ​ឌីជីថល​នេះ"​។ សុខហេង​បញ្ជាក់។

 

ងាក​មក​ចំណុច​នៃ​ការ​បង្កើត​វិញ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ លោក​ នៅ​ សំណាង បាន​ឲ្យ​ដឹង​ថា​ ការ​បង្កើត​ម៉ូត​ពុម្ព​អក្សរ​ខ្មែរ​ថ្មី​ មិន​ទាម​ទារ​ឲ្យ​ចេះ​ IT ឬ ការ​សិក្សា​ជ្រៅ​ជ្រះ​នោះ​ទេ គ្រាន់​តែ​ចេះ​គូរ​រូប កាត់​ត​រូបភាព​តិចតួច​លើ​កុំព្យូទ័រ​គឺ​អាច​ធ្វើ​បាន​ហើយ។

 

ប្រធាន​ក្រុម​រូបនេះ​ថា អ្វី​ដែល​ពិបាក​បំផុត​គឺ​កា​រធ្វើ​តម្រូវ​ទៅ​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ ដើម្បី​ឲ្យ​គាំទ្រ​នូវ​ពុម្ព​អក្សរ​ខ្មែរ​នោះ​ឬ​អត់ ព្រោះ​មាន​ភាព​ Error បច្ចេកទេស​ផ្សេង​ៗ អក្សរ​មិន​ស្គាល់​ដៃ​ជើង​ជាដើម។

 

លោក​បន្ថែម​ថា ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​បង្កើត​ឡើង​តាំង​ពី​​ឆ្នាំ​២០១៣ ដែល​មាន​គ្នា​ប្រហែល​ជាង ១០ នាក់។ បើ​ប្រិយមិត្ត​មាន​ចម្ងល់​ ឬ មាន​សំណួរ​អាច​សួរ​ និង អាច​ចែក​រំលែក​នូវ​ចំណេះ​ផ្សេង​ៗ​ដែល​ទាក់​ទង​និង​ការ​ គូរ ឬ បង្កើត​ពុម្ព​អក្សរ​ខ្មែរ ចុច​ត្រង់​នេះ …។

 

ចុច​អាន៖ ត្រួសៗរៀន​ពី​ការ​ភ្ជាប់​ព្យញ្ជនៈ និង ស្រៈ​ដើម្បី​បង្កើត​ពុម្ពអក្សរ​ខ្មែរ​

 

អត្ថបទ៖ ដារ៉ាឆានី​

អត្ថបទពេញនិយម