«ខ្ញុំធ្លាក់​បាក់ឌុប ទំាងដែល​​បាន​ខំ​អស់​ពី​សមត្ថភាពហើយ»

  • 2015-09-14 21:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជនក្នុងរូបថត ​​ទទួល​ទាន់​បាយ​ថ្ងៃ​ត្រង់​ តែ​ម្នាក់​ឯង​ លើ​កៅអី​ក្បែរ​កង់​កញ្ចាស់ នៅ​ខាង​ក្រៅ​របង​​មណ្ឌល​ប្រឡង​ នៃ​​វិទ្យាល័យ​បឹង​ត្របែក​ ពុំ​បាន​ជាប់​ សញ្ញាបត្រ័​ទុតិយភូមិ​​ទេ។ «បាទ ធ្លាក់!» បួន​ បញ្ញា ​យុវជន​កម្សត់​ខាង​លើ បាន​ថ្លែង​យ៉ាង​ខ្លី មក​កាន់​ Sabay នៅព្រឹកនេះ។

បញ្ញាធ្លាក់​បី​មុខ​វិជ្ជា មាន​ដូច​ជា​ គណិតវិទ្យា រូបវិទ្យា​ និង ជីវវិទ្យា ចំណែក​មុខ​វិជ្ជា​ផ្សេង​ទៀត​គេ​ទទួល​បាន​និទ្ទេស E និង​ D។

 

មាន​ស្រុក​កំណើត នៅ​ខេត្ត​ព្រៃវែង និង​ ឪពុក​ជា​ទាហាន ម្ដាយ​ជា​អ្នក​លក់ដូរ បញ្ញា​បាន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង ព្រោះ​រូប​គេ​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ហើយ ​តែ​អ្វី​ដែល​បញ្ញា​ស្ដាយ​នោះ​គឺ មិន​បាន​ផ្ដល់​មោទនភាព​ដល់​ លោក​ឪពុក​អ្នក​ម្ដាយ​ សម្រាប់​ការ​ប្រឡង​បាក់ឌុប​នេះ។ ស្ថិត​ក្នុង​វ័យ ២២ ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ ព្រែក​កំពឹស យុវជន​ខាង​លើ​នេះ កំពុង​តែ​គិត​ពិចារណា​ ថា​តើ​គួរ​ធ្វើ​យ៉ាង​ណា​បន្ត ហើយ​ឥឡូវ​គេ​ បាន​គិត​ថា ចង់​រៀន​បន្ត​មហាវិទ្យាល័យ​ថ្នាក់​បរិញ្ញាបត្រ​រង ជំនាញ​អគ្គិសនី ព្រោះ​វា​មិន​ខាត​ពេល​វេលា និង ប្រាក់កាស​​ឪពុក​ម្ដាយ។

 

 

ចំណែក​លោក ខ្លៀច​ បួន​ ដែល​ជា​ឪពុក​របស់​ យុវជន​រូប​នេះ​បាន​ សម្ដែង​ការ​ខក​ចិត្ត​ដែរ​ថា «ស្ដាយ​ដែរ! ព្រោះ​ខ្ញុំ​ឃើញ​វា​រៀន​មួយ​ថ្ងៃ​ទល់ ល្ងាច ទល់​យប់​តែ​នៅ​តែ​ធ្លាក់!»។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ឪពុក​រូប​នេះ​នឹង​តាម​កូន​ជានិច្ច បើ​ទោះ​គេ​ចង់​រៀន​បរិញ្ញាបត្រ​រង ឬ ក៏​រៀន​ទី ១២ ឡើង​វិញ​ក៏​ដោយ។ គួរ​បញ្ជាក់​ផង​ដែរ ថា​ មាន​សប្បុរសជន​មួយ​រូប​សន្យា​ថា នឹង​ផ្ដល់​​អាហារូបករណ៍​បួន​ឆ្នាំ​ដល់​ បញ្ញា​ ប៉ុន្តែ​រហូត​មក​ទល់​ពេល នេះ​ម្ចាស់​សាមី​ខ្លួន​បាន​ប្រាប់​ថា មិន​ទាន់​ឃើញ​សប្បុរសជន​នោះ ទាក់​ទង​មក​នៅ​ឡើយ​ទេ បើ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​លទ្ធផល​រួច​មក៕

 

អត្ថបទ៖ ណេង ណេង