​បុរស​ម្នាក់​ស្ទើរ​ក្អួត​ឈាម​ ញ៉ាំ​បង្គា​មួយ​ចាន គិត​លុយ​អស់​​២៤០​ដុល្លារ​

  • 2015-10-08 15:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​ជន​ជាតិ​ចិន​ម្នាក់​ បាន​ហួស​ចិត្ត​ស្ទើរ​ក្អួត​ឈាម​​ ពេល​ទទួល​​បាន​វិក្កយបត្រ​​​គិត​លុយ​ថ្លៃ​ញ៉ាំ​អាហារ​ អស់​បង្គា​មួយ​ចាន ​២៤០​ដុល្លារ។

 

  តាម​ការ​ចុះ​ផ្សាយ​របស់​ Shanghaiist បុរស​​ខាង​លើ​មាន​ត្រកូល​ Zhu បាន​ធ្វើ​ដំណើរ​កម្សាន្ត​លេង​ទៅ​ទីក្រុង​កំពង់​ផែ Qingdao ក្នុង​ខេត្ត​​សាន​ទុង ភាគ​ខាង​កើត​ប្រទេស​ចិន។ ក្រោយ​មក​​លោក​ និង​គ្រួសារ​បាន​​ចូល​ទៅ​ញ៉ាំ​អាហារ​ល្ងាច​ក្នុង​​ភោជនីយដ្ឋាន​​អាហារ​សមុទ្រ​ស្រស់​ៗ ​និង​បាប៊ីឃ្យូ​ Shande ដោយ​បាន​កុម្ម៉ង់​បង្គា​​​មួយ​ចាន​ និង​មុខ​​ម្ហូប​​បន្តិច​បន្តួច​ទៀត។

 

ក្រោយ​ពេល​គិត​លុយ​លោក​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​ពេល​​​បាន​វិក្កយបត្រ​​ទឹក​ប្រាក់​ថ្លៃ​អាហារ​ញ៉ាំ​​សរុប​​​ចំនួន​ ២៧០០​យាន់ ( ៤២៥​ដុល្លារ)។ ក្រោយ​​ពិនិត្យ​​រួច​​ឃើញ​ថា​ បង្គា​​ដែល​លោក​បាន​ញ៉ាំ​​មាន​តម្លៃ​សរុប​​១៥២០​យាន់ ( ២៤០​ដុល្លារ)។ នៅ​ពេល​លោក ​Zhu ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ថ្លៃ​ដូច​នោះ? ខាង​​ម្ចាស់​ហាង​ថា​​ប្រាប់​ថា លោក​ Zhu មិន​បាន​មើល​​​ឲ្យ​ច្បាស់​ព្រោះ​ បញ្ជី​​មុខ​ម្ហូប​គឺ​ដាក់​បញ្ជាក់​ច្បាស់​ថា ​​គិត​តម្លៃ​​​ បង្គា​ស្រស់​មួយ​​​ក្បាល គឺ​៣៨​យាន់ (៦​ដុល្លារ) ក្នុង​​បង្គា​មួយ​ចាន​​ដែល​មាន​ប្រហែល​៤០​​បង្គា មិន​មែន​តម្លៃ​សរុប​​បង្គា​​មួយ​ចាន​នោះ​ទេ។

 

 

យ៉ាង​ណា​​ក្ដី​លោក​ Zhu បាន​បដិសេធ​មិន​ព្រម​បង់​​លុយ​តាម​ចំនួន​វិក្កយបត្រ​​នោះ​ទេ ប៉ុន្តែ​ម្ចាស់​ហាង​​​មាន​ទាំង​ដំបង​មក​​ព្រមាន​ផង បង្ខំ​ឲ្យ​បង់​ប្រាក់​រហូត​ដល់​​មាន​ជម្លោះ​​ និង​អន្តរាគមន៍​ពី​ប៉ូលិស។

 

តាម​ប្រភព​សារព័ត៌មាន​ Net Ease ទោះ​​មាន​ការ​អន្តរាគមន៍​ពី​ប៉ូលិស​ក្ដី​​ លោក Zhu ​ចុង​ក្រោយ​ត្រូវ​បង់​ប្រាក់​​២០០០​យាន់​ (៣១៥​ដុល្លារ)​ ​សម្រាប់​ថ្លៃ​អាហារ​ល្ងាច​មួយ​ពេល​នោះ។ ចំណែក​ម្ចាស់​បាន​ប្រាប់​ថា​អ្នក​យក​ព័ត៌មាន​​ថា​​​តម្លៃ​​បង្គា​​គិត​ថ្លៃ​​មួយ​ៗនោះ​ ​ព្រោះ​​ជា​បង្គា​ស្រស់​ៗ​ទើប​នឹង​ចាប់​មក ទើប​បាន​ជា​ថ្លៃ ។

 

 

ទោះ​ជា​យ៉ាង​ណា​ បង្គា​​តូច​មួយ​ក្បាល​​​តម្លៃ​៦​ដុល្លារ​​ កំពុង​ជា​ប្រធាន​បទ​ក្ដៅ​ក្នុង​បណ្ដាញ​សង្គម​ប្រទេស​ចិន។ បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​ជា​​ច្រើន​​មាន​ការ​ខឹង​សម្បារ​នឹង​តម្លៃ​ម្ហូប​ថ្លៃ​នោះ ដូច​បុរស​ខាង​លើ​ដែរ។

 

បញ្ជាក់៖ ព័ត៌មាន​ថ្មី​ចុង​ក្រោយបាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​បាន​ផាក​ពិន័យ​​ម្ចាស់​ហាង​ខាង​លើ​ចំនួន ៩ម៉ឺន​យាន់ (១៤០០០ដុល្លារ) ​ពី​បទ​ក្លែង​បន្លំ​អតិថិជន (ធ្វើ​អោយ​អតិថិជន​ច្រឡំ​បង្គា​មួយក្បាល និង​បង្គាមួយ​ចាន នៅ​ក្នុង​បញ្ជី​មុខ​ម្ហូប)៕

  ចុចអាន៖ ញ៉ាំ​អស់​៩៣ដុល្លារ ឲ្យ​លុយ​ធីប​២០០០​ដុល្លារ​

ចុចអាន៖ ពេល​ល្ងាច​អញ្ចឹង​ ឃើញ​អាហារ​៣​មុខ​នេះ​ភ្លាម​ ចង់​ទៅ​ញ៉ាំ​​ភ្លែត​​ហ្មង!

  ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ shanghaiist​​​​​​​​​