Beyonce និង Jay Z រក​បាន​ផ្ទះ​ជួល​ថ្មី​ ក្រោយ​ម្ចាស់​ផ្ទះ​ចាស់​បង្ខំ​ឲ្យ​រើ​ចេញ

  • 2015-10-08 17:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Beyonce និង Jay Z នឹង​ត្រូវ​រើ​ចូល​នៅ​ភូមិគ្រឹះ​ថ្មី​​ដែល​មាន​តម្លៃ ១៥ម៉ឺន​​ដុល្លារ ក្នុង​មួយ​ខែ​ បន្ទាប់​ពី​​បាន​បង្ខំ​ចិត្ត​រើ​ចេញ​ពី​ភូមិគ្រឹះ​ចាស់​ដែល​ពួក​គេ​បាន​ជួល​កន្លង​មក។ យោង​តាម​សារព័ត៌មាន TMZ ប្ដី​ប្រពន្ធ​តារា​ចម្រៀង​ទាំង​ពីរ​រូប​បាន​ចុះ​កិច្ចសន្យា​ជួល​ផ្ទះ​ថ្មី​នេះ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​អភិជន Holmby Hills នៃ​ទីក្រុង Los Angeles។​​

 

 

ផ្ទះ​ដែល​មាន​បន្ទប់​គេង​ចំនួន​៥ និង​​បន្ទប់​​ទឹក​ចំនួន​៦នេះ គឺ​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​អង់គ្លេស​ម្នាក់ ដែល​មាន​តម្លៃ​សរុប​ចំនួន ៤៥លាន​ដុល្លារ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា Beyonce និង Jay Z នឹង​រើ​ទៅ​នៅ​ផ្ទះ​ថ្មី​នេះ នៅ​ចុង​សប្ដាហ៍​នេះ។​

 

ជាមួយ​អាង​ហែល​ទឹក​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ សួន​ច្បារ​ធំ​ទូលាយ រួម​ទាំង​ទឹក​ជ្រោះ​​លើ​ផ្ទៃ​ដី​សរុប​ជិត ២០០០ម៉ែត្រការ៉េ ផ្ទះ​ថ្មី​នេះ​នឹង​មិន​ធ្វើ​ឲ្យ​កូន​ស្រី Blue Ivy របស់​តារា​ទាំង​ពីរ​រូប​​ខ្វះ​កន្លែង​លេង​ឡើយ។

 

មុន​ចូល​នៅ​ផ្ទះ​នេះ គ្រួសារ​តារា​ទាំង​ពីរ​រូប​បាន​ជួល​ភូមិគ្រឹះ​មួយ​នៅ​ទីក្រុង Los Angeles ដែរ​និង​មាន​តម្លៃ ១៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ដូច​គ្នា ក៏​ប៉ុន្តែ​ម្ចាស់​ផ្ទះ​បាន​ប្រាប់​ឲ្យ​ពួក​គេ​រើ​ចេញ​កាល​ពី​ខែ​មុន ដោយ​សារ​គេ​បាន​សម្រេច​ចិត្ត​លក់​ផ្ទះ​នោះ។​

 

គូ​ស្នេហ៍​តារា​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លំដាប់​ទី​ពីរ​លើ​ពិភពលោក​នេះ មាន​ Apartment ផ្ទាល់​ខ្លួន​មួយ​នៅ​ទីក្រុង New York ក៏​ប៉ុន្តែ​ពួក​គេ​បាន​សម្រេច​ចិត្ត​មក​នៅ​ទីក្រុង Los Angeles ជា​អចិន្ត្រៃយ៍​ដោយ​ជឿ​ថា​នៅ​ទីនោះ​ កូន​ស្រី​របស់​ពួក​គេ​អាច​មាន​អនាគត​ប្រសើរ​ជាង។ តារា​ទាំង​ពីរ​រូប​បាន​ផ្លាស់​ពី​អគារ Empire State នៅ New York មក​ទីក្រុង Los Angeles រដ្ឋ California កាល​ពី​ដើម​ឆ្នាំ​នេះ ហើយ​កូន​ស្រី​របស់​ពួក​គេ Blue Ivy បាន​ចូល​រៀន​នៅ​មត្តេយ្យសាលា​ដែល​មាន​តម្លៃ ១៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ ៕​​

 

 
 

 

ចុចអាន៖Jay Z នាំ ​Beyonce ទៅ​លេង​សមុទ្រ​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​រឿង​លែងលះ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail

អត្ថបទពេញនិយម