Ferguson បារម្ភ​រឿង​តែងតាំង Klopp ខណៈ Klopp ប្ដេជ្ញា​យក​ពាន​ឲ្យ Liverpool ក្នុង​ពេល ៤ ឆ្នាំ

  • 2015-10-10 21:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម Manchester United ដ៏​ជោគជ័យ Sir Alex Ferguson ស្ថិត​ក្នុង​ម្នាក់​ក្នុង​ចំណោម​អ្នក​គាំទ្រ​ Jurgen Klopp អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម​ហង្ស​ក្រហម Liverpool ហើយ​ជឿ​ថា Klopp នឹង​ទទួល​បាន​ជោគជ័យ​នៅ Liverpool។

 

Ferguson បាន​និយាយ​លេង​សើច​ថា លោក "បារម្ភ" ចំពោះ​ការ​តែងតាំង​ Klopp ជា​អ្នក​ចាត់ការ​ក្រុម Liverpool។ អតីត​អ្នក​ចាត់​ការជន​ជាតិ​ស្កុតឡែន​​រូប​នេះ​បាន​បន្ត​ថា "​វា​ជា​ការ​តែងតាំង​ល្អ​មួយ។ ខ្ញុំ​សរសើរ​គាត់ [Klopp]។ បុគ្គលិក​លក្ខណៈ​ខ្លាំង ខ្លាំង​មែន​ទែន រឹងរូស​ខ្លាំង ប្ដេជ្ញា ហើយ​លទ្ធផល អាជីព​របស់​គាត់​នៅ Dortumund គឺ​ដល់​កំពូល ហើយ​ខ្ញុំ​គិត​ថា គាត់​នឹង​ធ្វើ​បាន​ល្អ​ខ្លាំង"។

 

 

Liverpool បាន​ចុះ​កុងត្រា​រយៈពេល ៣ ឆ្នាំ​ជាមួយ​បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ បន្ទាប់​ពី​ក្លិប​បាន​ដេញ​អតីត​អ្នក​ចាត់ការ Brendan Rodgers។ Klopp បាន​ប្ដេជ្ញា​ថា​នឹង​នាំ​ពាន​ Premier League ដល់ Liverpool ក្នុង​រយៈពេល ៤​ឆ្នាំ​។

 

ទាក់ទិន​នឹង​ទីផ្សារ​ដោះ​ដូរ​កីឡាករ Sir Alex បាន​ទទូច​ថា Klopp នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​ទិញ​លក់​កីឡាករ​នៅ Liverpool ហើយ​ក្លិប​ត្រូវ​តែ​ទុកចិត្ត​លើ Klopp ដោយ​បញ្ជាក់​ថា "បើ​សិន​អ្នក​មិន​ទុកចិត្ត​លើ​អ្នក​ចាត់​ការ ហេតុ​អ្វី​អ្នក​ត្រូវ​នាំ​គាត់​មក​ទី​នេះ? គាត់​ជា​អ្នក​គួរ​សម្រេច​ចិត្ត​លើ​ការ​ទិញ​ដូរ​កីឡាករ"៕

 

 

ដោយ៖ សុផាត ប្រភព៖ Goal