អៀង វុត្ថា តស៊ូច្រៀងតាំងពីគ្មានបានអ្វីមួយសេន រហូតត្រៀមខ្លួនចូលផលិតកម្ម
- 2015-10-22 12:00:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អៀង វុត្ថា តស៊ូច្រៀងតាំងពីគ្មានបានអ្វីមួយសេន រហូតត្រៀមខ្លួនចូលផលិតកម្ម
ចន្លោះមិនឃើញ
តារាចម្រៀងពន្លកថ្មី អៀង វុត្ថា និយាយថា រូបលោកចូលចិត្ត និង ចេះច្រៀងតាំងពីមិនទាន់ដឹងក្ដី។ ម៉្លោះហើយទើបធ្វើឲ្យលោកចេះតែសុំគេឡើងច្រៀងស្ទើរគ្រប់កម្មវិធីដែលមានក្នុងភូមិ ដោយគ្មានលុយសូម្បីតែ ១០០ រៀល។ ឥឡូវព្រោះតែការខិតខំប្រឹងប្រែងនេះហើយ ធ្វើឲ្យរូបលោកអាចមានឱកាសត្រៀមខ្លួនចូលផលិតកម្មក្រុងស្រុកមួយក្នុងពេលឆាប់ៗនេះ។
វុត្ថា បានរៀបរាប់ថា កាលពីក្មេងលោកជាក្មេងដែលចូលចិត្តច្រៀងណាស់ ហើយអ្នកស្រុកអ្នកភូមិឲ្យតែមានកម្មវិធីមង្គលការ ឬជប់លៀងអីផ្សេងៗ គឺគេតែងសំណូមពរឲ្យលោកឡើងច្រៀងជានិច្ច។ ពេលធំពេញវ័យឃើញថា ខ្លួនឯងមានសមត្ថភាពបែបនេះ តារាប្រុសវ័យ ២៣ ឆ្នាំរូបនេះ ក៏សម្រេចចិត្តមកភ្នំពេញដើម្បីប្រឡងក្នុងកម្មវិធីសំនៀងឯក ក្លឹបសិល្បៈឌីភី និងទទួលបានជយលាភីលេខ ៤ កាលពីឆ្នាំ ២០១៣។ បន្ទាប់មកលោក កុយ ស៊ីដឿន ម្ចាស់ក្លិបសិល្បៈ ឌីភី បានឲ្យលោកចូលរួមក្នុងវង់តន្ត្រីនេះរយៈពេល ២ ឆ្នាំ។
តារាមានស្រុកកំណើតលើទឹកដីកំពង់ចាមបានបន្តថា៖ "ខ្ញុំបាទបានត្រៀមខ្លួនចូលក្នុងផលិតកម្ម មេហ្គា ស្ទួឌីយោ ក្នុងពេលឆាប់ៗនេះហើយ។ តែឥឡូវខ្ញុំបានសម្ដែងក្នុងចម្រៀងមួយបទឲ្យទីនោះរួចហើយ គ្រាន់តែមិនទាន់បានថតចម្រៀងប៉ុណ្ណោះ។”
ថ្វីត្បិតតែមានអាជីពជាតារាចម្រៀងក៏ពិតមែន តែ វុត្ថា លើកឡើងថា មិនបានបោះបង់ការសិក្សាចោលទេ ដោយបច្ចុប្បន្នលោក គឺជា និស្សិតឆ្នាំទី ៣ ផ្នែកធនាគារហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។
លោកមានស្រុកកំណើតនៅភូមិ ពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឪពុកម្ដាយ គឺជា អាជីវក និង មានបងប្អូនបួននាក់លោកជាកូនទីពីរ ហើយក្ដីសុបិនរបស់លោក គឺចង់បើកជំនួញផ្ទាល់ខ្លួនមួយ និង ចង់ក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ៕
អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ