JAGUAR XE ៧០ភាគរយស្រោបពីអាលុយមីញ៉ូមតម្រូវទីផ្សារវណ្ណៈកណ្ដាល
- 2015-10-26 18:17:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
JAGUAR XE ៧០ភាគរយស្រោបពីអាលុយមីញ៉ូមតម្រូវទីផ្សារវណ្ណៈកណ្ដាល
ចន្លោះមិនឃើញ
រថយន្តប្រណិត JAGUAR XE ត្រូវបានក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នាំចូលនិងណែនាំបង្ហាញក្នុងទីផ្សារប្រទេសកម្ពុជានាពេលថ្មីនេះៗ ដោយប្រកាសលក់ក្នុងតម្លៃ ១១ ម៉ឺនដុល្លារ។
លក្ខណៈពិសេសនៃរថយន្តប្រណិតនេះគឺ មានភាពស្រស់សង្ហា តួខ្លួនរឹងមាំស្រាលដែលផលិតឡើងជាលើកដំបូង ដោយអាលុយមីញ៉ូម និងលោហធាតុម៉ាញេស៊ីញ៉ូម (High-Strength alloys) រហូតដល់៧០%នៃតួរថយន្តទាំងមូល។ វាអាចបត់បែនគ្រប់ឧបសគ្គ និងអាចធ្វើដំណើរបានយ៉ាងឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ រួមជាមួយនឹងភាពប្រណិតនៃផ្នែកខាងក្នុងរថយន្ត ដែលពោរពេញដោយផាសុកភាព។
ជាងនេះទៀត វាមានប្រព័ន្ធជំនួយសុវត្ថិភាពសម្រាប់អ្នកបើកបរ ដើម្បីឲ្យមានសុវត្ថិភាពកាន់តែខ្ពស់ អ្នករួមដំណើរមានអារម្មណ៍ធូរស្រាល និងកាន់តែរីករាយខ្លាំងឡើង។ ប្រព័ន្ធបន្ថយល្បឿនដែលអាចប្រឈមមុខនឹងហានិភ័យខ្ពស់ ត្រូវបានពង្រឹងទៅជាប្រព័ន្ធហ្រាំ្វងដ៏ឆ្លាតវៃ រួមទាំងការបំពាក់ប្រព័ន្ធកាមេរ៉ាសងខាង (Stereo Camera) ដែលអាចមើលដឹងពីស្ថានភាពផ្លូវជាមុន។
លោក Paul Varley ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Jaguar Land Rover បានឲ្យដឹងថា រថយន្ត Jaguar ត្រូវបានផលិតឡើងស្របតាមទស្សនវិស័យរបស់លោក Sir William Lyons ដែលមានគោលគំនិតចំពោះរថយន្តថា "រថយន្តគឺជាវត្ថុ ដែលនៅកៀកយើងបំផុត ហើយយើងក៏អាចធ្វើឲ្យវាហាក់ដូចជាមានជីវិតរស់រវើកយ៉ាងដូច្នេះដែរ "។
លោកថា រថយន្តប្រណិត JAGUAR XE រចនាឡើងផ្អែកតាមទស្សនៈវិស័យរបស់លោក Sir William Lyons ដែលជាជម្រើសដ៏ឆ្លាតវៃ សម្រាប់ទីផ្សារអ្នកប្រើប្រាស់លំដាប់កណ្ដាល។
រាល់ការជាវរថយន្ត Jaguar ឬ Land Rover ពីក្រុមហ៊ុន RMA Cambodia អតិថិជននឹងទទួលបានការធានារយៈពេលបី ឆ្នាំ ឬក៏គិតត្រឹមរយះ ចម្ងាយ ១០ ម៉ឺនគីឡូម៉ែត្រ។
អត្ថបទ៖ រក្សា