តា គង់ ណៃ គ្រោង​​យក​បទ​ចម្រៀង​ចាប៉ី ទៅ​ចុះ​កម្មសិទ្ធិ​បញ្ញា

  • 2015-10-26 18:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ស្ដាប់​​ប្រសាសន៍​ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម  បើក​ផ្លូវ​ឲ្យ​​តារា​ចម្រៀង​ក៏​ដូច​ជា​ក្រុម​គ្រួសារ​​តារា​ចម្រៀង យក​បទ​ចម្រៀង​​ដែល​គិត​ថា ជា​ស្នាដៃ​របស់​ខ្លួន​ទៅ​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា ដើម្បី​ទទួល​បាន​សិទ្ធិ​ការពារ​តាម​​ផ្លូវ​ច្បាប់  លោក តា​គង់ ណៃ តារា​ចម្រៀង​ចាប៉ី​ជើង​ចាស់ ក៏​​គ្រោង​យក​បទ​ចម្រៀង​ចាប៉ី​របស់​ខ្លួន​ទៅ ចុះ​បញ្ជី​​ដែរ។

 

 

 

តាម​ការ​លើក​ឡើង របស់​ គង់ ណៃ  លោកតា​​មាន​បទ​ចម្រៀង​ប្រហែល​ជិត​១០បទ ក្នុង​នោះ​មាន " ផាត់​ជាយ" "ល្បើក​ផ្គរលាន់" "ក្រើន​ស្ត្រី" "ដំរី​យោល​កន្ទុយ" "ក្មេង​ជំនាន់​ដើម​និង​បច្ចុប្បន្ន" "បង្គង​ក្អែក" "រាប់​ភូមិ​ស្រុក ​និង​សម្ភារៈ" និង បទ​ជូន​ពរ​ជា​ដើម  ដោយ​នៅ​ក្នុង​នោះ​លោក​​និង​ពិចារណា​ថា បទ​ទាំង​អស់​នោះ តើ​បទ​ណា​​ខ្លះ​ដែល​អាច​យក​មក​ចុះ​​បញ្ជី​បាន ។

 

ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​នៃ​បទ​ចម្រៀង អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​បទ​ចម្រៀង​នោះ ជា​ការ​តែង​និពន្ធ​ច្រៀង​ដោយ​តារា​ចម្រៀង​នោះ​ផ្ទាល់​តែ​ម្ដង ហើយ​ប្រយោជន៍​​ម្ចាស់​បទ ឬ​ក្រុម​គ្រួសារ នឹង​ទទួល​បាន​សិទ្ធិ​​ការពារ​តាម​ផ្លូវ​ច្បាប់​ ប្រសិន​បើ​មាន​​ជន​ណា​ដែល​លួច​ចម្លង ឬ​យក​បទ​ចម្រៀង​នោះ​ទៅ​​ធ្វើ​អាជីវកម្ម​ដោយ​មិន​មាន​ការ​អនុញ្ញាត។ នេះ​បើ​តាម​ការ​ប​ញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​កន្លង​មក។

 

ឯកឧត្តម​បន្ត​ថា ក្រោយ​ពី​​មាន​ការ​ស្នើ​សុំ​ពី​សាមី​ខ្លួន ឬ​សាមី​​គ្រួសារ ក្រសួងពាណិជ្ជកម្ម​ នឹង​ពិនិត្យ​មើល ហើយ​ធ្វើ​ការ​ចេញ​ផ្សាយ​លើ​បណ្ដាញ សារព័ត៌មាន​ចំនួន១ខែ ប្រសិន​បើ​មិន​មាន​​​ជន​ណា​មក​តវ៉ា​ទេ នោះ​បទ​ចម្រៀង​ដែល​​ស្នើ​សុំ​  នឹង​មាន​ការ​ទទួល​ស្គាល់​ជា​​ផ្លូវ​ច្បាប់។

 

 

លោក​​តា គង់ ណៃ បាន​លើក​ឡើង​ថា កន្លង​មក​​លោក​ធ្លាប់​សហការ​ជា​មួយ ខ្មែរ​​នៅ​ឯ​ប្រទេស​បារាំង ថត​បទ​ចម្រៀង​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយ​សន្យា​ថា ចែក​​ប្រាក់​ចំណេញ​គ្នា​ ប៉ុន្តែ​ក្រោយ​មក​លោក​មិន​ទទួល​បាន​​​អ្វី​ទាំង​អស់  ជា​មួយ​គ្នា​​នោះ​ បទ​ចម្រៀង​របស់​​លោក ​ត្រូវ​បាន​គេ​ថត​ចម្លង លក់​ពេញ​ផ្សារ ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​លោក​តា​ឡើយ ។ លោក​ថា ប្រសិន​បើ​មាន​ច្បាប់​ពី​កម្មសិទ្ធិ​បញ្ញា ហើយ​មាន​ការ​អនុវត្ត​ត្រឹម​​ត្រូវ​នោះ លោក​ត្រូវ​តែ​ទទួល​បាន​អត្ថបទ​ប្រយោជន៍​ពី​​ស្នាដៃ​របស់​ខ្លួន​​។

 

លោក​តា គង់ ណៃ រំពឹង​ថា ប្រសិន​បើ​បទ​ចម្រៀង​របស់​លោក​ត្រូវ​បាន​ចុះ​បញ្ជី​កម្ម​សិទ្ធិ​បញ្ញា​មែន​នោះ ទៅ​ថ្ងៃ​អនាគត​លោក​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ នឹង​ទទួល​បាន​អត្ថបទ​ប្រយោជន៍ ពី​ស្នាដៃ នៃ​បទ​ចម្រៀង​ទាំង​នោះ​ជាក់​ជា​មិន​ខាន។

 

គិត​ត្រឹម​បច្ចុប្បន្ន ​​មាន​បទ​ចម្រៀង​ចំនួន​៧១បទ​ហើយ ដែល​ត្រូវ​បាន​​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញានៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​នោះ​មាន​៧០​បទ របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត និង១បទ​របស់​រាជ​នី​​សំឡេង​មាស រស់ សេរីសុទ្ធា ។ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ស្នើ​តារា​ចម្រៀង និង​គ្រួសារតារា​ចម្រៀង បន្ត​នាំ​យក​ស្នាដៃ​បង្កើត​ថ្មី​ផ្ទាល់​ខ្លួន​ មក​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​នៅ​ក្រសួង​ពាណិជ្ជកម្ម​បន្ត​បន្ទាប់​ទៀត ដើម្បី​ទទួល​បាន​ការ​ការ​ពារ​ខាង​ផ្លូវ​ច្បាប់​នា​ពេល​ខាង​មុខ​៕

 

អត្ថបទ៖  ខុត សីហា

អត្ថបទថ្មី