ហេតុ​អ្វី One FC មិន​ទៅ​រៀប​ចំ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ?

  • 2014-09-17 16:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​ដល់​ពេល​នេះ​កម្មវិធី​ប្រដាល់​គុន​ចម្រុះ​ក្នុង​ទ្រុង One Fighting Championship មិន​ទាន់​បាន​ទៅ​រៀប​ចំ​ការ​ប្រកួត​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​ដឹង​ច្បាស់​ហើយ​ថា​ ប្រទេស​មួយ​នេះ​ពេញ​និយម​ខ្លាំង​ខាង​ប្រដាល់។ តើ​មាន​មូលហេតុ​អ្វី​?

 

កញ្ញា​ Tammy Chan ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​ស្ថាប័ន​ប្រដាល់ One FC បាន​ប្រាប់​ថា ប្រទេស​ថៃ​ជា​កន្លែង​មួយ​ដែល​ពិបាក​នឹង​ចូល​ទៅ​រៀប​ចំ​ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​ចម្រុះ​ MMA។

 

កញ្ញា​បាន​និយាយ​ថា ៖«យ៉ាប់​ណាស់​ ទៅ​រៀប​ចំ​ការ​ប្រកួត​នៅ​ទី​នោះ​អត់​កើត​ទេ យើង​បាន​ព្យាយាម​ទាក់​ទង​ទៅ​ទី​នោះ​ដែរ តែ​អត់​មាន​លទ្ធផល»។ ទោះ​បី​ជា​យ៉ាង​ណា​តំណាង​រូប​នេះ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​មិន​អាច​ទៅ​រៀប​ចំ​ការ​ប្រកួត​​នៅ​​ប្រទេស​ថៃ​បាន​នោះ​ទេ។

 

កន្លង​មក លោក Victor Cui នាយក​ប្រតិបត្តិ​ One FC ​បាន​និយាយ​ថា កម្មវិធី​ប្រដាល់​គុន​ចម្រុះ One FC នឹង​ធ្វើ​ដំណើរ​ទៅ​រៀប​ចំ​ការ​ប្រកួត​របស់​ខ្លួន​គ្រប់​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​នោះ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​ជា​ដើម។

 

ពាក់​ព័ន្ធ​នឹង​ករណី​នេះ លោក មាស សុខគ្រី ជា​គ្រូ​បង្ហាត់​ប្រដាល់ និង​ជា​សមាជិក​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​លើក​ឡើង​ថា ៖ «ខ្ញុំ​មិន​ចោទ​គេ​ទេ​ តែ​ខ្ញុំ​យល់​ថា ប្រហែល​ជា​ថៃ​ខ្ចី​ដាវ​គេ​កាប់​ដូច​ការ​ប្រើ​ក្បាច់​បុរាណ​ខ្មែរ​យើង​អីចឹង​ដែរ»។

 

លោក​បន្ត​ថា ប្រហែល​ជា​ថៃ​ចង់​បង្ហាញ​ថា ក្បាច់​នេះ​ជា​របស់​ថៃ​ ដូច្នេះ​មិន​បាច់​ធ្វើ​ការ​ប្រកួត​នៅ​ថៃ​នោះ​ទេ​ គឺ​ត្រឹម​តែ​ហ្វឹកហាត់​នៅ​ថៃ​ ហើយ​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ ដើម្បី​ផ្សព្វ​ផ្សាយ​ក្បាច់​ប្រដាល់​របស់​គេ​ក៏​ថា​បាន។

 

កម្មវិធី​ប្រដាល់​គុន​ចម្រុះ​អន្តរជាតិ​ធំ​ជាង​គេ​នៅ​អាស៊ី​នេះ​បាន​រៀប​ចំ​ការ​ប្រកួត​ជា​ច្រើន​ប្រទេស​មក​ហើយ​ដូច​ជា ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ ឥណ្ឌូណេស៊ី​ អារ៉ាប់រួម និង​កម្ពុជា​ផង​ដែរ។ ការ​ប្រកួត​ជា​រៀង​រាល់​ខែ​តែង​តែ​មាន​កីឡាករ​ថៃ និង​បរទេស​ដែល​បាន​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ក៏​ចូល​រួម​ការ​ប្រកួត​ដែរ។

 

កីឡាករ​ភាគ​ច្រើន​​ជា​ពិសេស​នៅ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​សុទ្ធ​តែ​ដាក់​រហស្សនាម​ថា ជើង​ខ្លាំង​ក្បាច់​គុន​មួយ​ថៃ​នៅ​ពេល​ឡើង​សង្វៀន​ក្នុង​ទ្រុង​ One FC។ ជាក់​ស្តែង​កីឡាករ​មក​ពី​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី​បាន​ប្រកាស​ថា​ខ្លួន​ជា​ជើង​ឯក​មួយ​ថៃ​ពេល​ពួក​គេ​លេច​មុខ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Rise of the Kingdom នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

 

ចំណុច​ខាង​លើ​នេះ​ស្ដែង​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ថៃ​បាន​កំពុង​សាប​ព្រោះ​ក្បាច់​គុន​របស់​ខ្លួន​​ឲ្យ​ពិភព​លោក​ទទួល​ស្គាល់​ និង​បញ្ជាក់​ថា ក្បាច់​គុន​ចម្រុះ​ក៏​ជា​ផ្នែក​មួយ​ដែល​ផុស​ចេញ​ពី​ក្បាច់​គុន​មួយ​ថៃ​របស់​ខ្លួន​ដែរ​ ស្រប​ពេល​ប្រទេស​មួយ​នេះ​ និង​កម្ពុជា​កំពុង​ប្រជែង​គ្នា​ផ្នែក​ខាង​ក្បាច់​គុន​បុរាណ​ដើម្បី​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ផ្នែក​អ​រូបិយ។

 

ចំណែក​ប្រទេស​កម្ពុជា​វិញ​បាន​ទទួល​រៀប​ចំ​ការ​ប្រកួត​របស់​ One FC ម្តង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ណាហ្គាវើល​បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​នឹង​ One FC ​រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​ក្នុង​មួយ​ៗ​ឆ្នាំ​​យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​ប្រកួត​ពីរ​ដង។​

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ណាហ្គាវើល​នឹង​ទំនុក​បម្រុង​បញ្ជូន​ សំអាង ឌុន ឲ្យ​ទៅ​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​នៅ​ក្លិប Tiger  Muay  Thai  &  MMA  Training  Camp ក្នុង​ខេត្ត​ភូកេត​ដែល​ជា​ក្លិប​មួយ​ដ៏​ល្បី​សំបូរ​ដោយ​កីឡាករ​បរទេស និង​ថៃ​ហ្វឹកហាត់ បន្ទាប់​ពី​កីឡាករ​កម្ពុជា​រូប​នេះ​ឈ្នះ​ជើង​ឯក Grand Prix ក្រោយ​ឈ្នះ​ចាន់​ រតនា។

នៅ​តុលា​ក្រោយ​នេះ One FC ធ្វើ​ដំណើរ​ទៅ​រៀប​ចំ​ការ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ខែ​វិច្ឆិកា​​នៅ​ប្រទេស​សិង្ហបុរី ហើយ​ធ្នូ​នៅ​ប្រទេស​ចិន៕

 

លោក​អ្នក​យល់​ឃើញ​យ៉ាង​ណា​ដែរ​ចំពោះ​ករណី​នេះ?

 

អត្ថបទ៖ ជាន ចាន់រ៉ា