ក្បួន​ដង្ហែ​ម្ចាស់​មេដាយ​មាស​ពិភពលោក កែ ឡេង នឹង​ធ្វើនៅ​ថ្ងៃ​ទី១៧ វិច្ឆិកា

  • 2015-11-12 22:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បួន​ដង្ហែ​កិត្តិយស​ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភពលោក កែ ឡេង ដើម្បី​ទៅ​ជួប​សំណេះ​សំណាល ព្រម​ទាំង​ទទួល​រង្វាន់​​ពី​​នាយករដ្ឋមន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ខាង​មុខ។

 

ពេល​ កែ ឡេង ឡើង​ទទួល​មេដាយ​មាស នៅ​ថៃ (រូបថត៖ Chantrea Oum)

 

​លោក​ វ៉ាត់ ចំរើន អគ្គលេខាធិការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​ប្រាប់ Sabay នៅ​ថ្ងៃ​នេះ​ថា ក្បួន​ដង្ហែ​កិត្តិយស​ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក កែ ឡេង នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ខាង​មុខ ពោល​គឺ ១០​ថ្ងៃ​ក្រោយ​នាំ​ជ័យ​ជម្នះ​ត្រលប់​មក​មាតុ​ប្រទេស​វិញ។ ចំពោះ​កម្មវិធី​លម្អិត ឯក​ឧត្ដម​កំពុង​ប្រជុំ និង​រង់​ចាំ​ការ​សម្រេច​ពី​ថ្នាក់​លើ​បន្ត​ទៀត។

 

អ្នក​ស្រី កែ ឡេង បាន​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញ​កាល​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា​កន្លង​ទៅ បន្ទាប់​ពី​ដណ្ដើម​បាន​មេដាយ​មាស​ប៉េតង់​ផ្នែក​វាយ​យក​ពិន្ទុ​ជា​លើក​ទី២ នៅ​ប្រទេស​ថៃ។ ពេល​មក​ដល់​ព្រលាន​យន្តហោះ មាន​ការ​ទទួល​ពី ឯក​ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក និង​ឯក​ឧត្ដម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា ប៉ុន្តែ​មិន​មាន​ការ​ដង្ហែ​ក្បួន​កិត្តិយស​​ឡើយ។

 

ចំពោះ​បញ្ហា​នេះ​ដែរ​លោក​ វ៉ាត់ ចំរើន ធ្លាប់​បាន​បញ្ជាក់​ថា ដោយ​សារ​រៀប​ចំ​មិន​ទាន់​​ហើយ​រង់​ចាំ​ការ​សម្រេច​ពី​ថ្នាក់​លើ ទើប​គ្មាន​ការ​ដង្ហែ​ក្បួន​កិត្តិយស​ភ្លាម​ៗ។ ទោះ​បែប​នេះ​ក្ដី ក៏​មាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ចុះ​ផ្សាយ​ថា អ្នក​ស្រី កែ ឡេង មាន​ការ​អន់​ចិត្ត​ដែល​គ្មាន​ការ​ដង្ហែ​ភ្លាមៗ ខណៈ​សាមី​ខ្លួន​ផ្ទាល់​បដិសេធ​ចំពោះ​ព័ត៌មាន​ទាំង​នោះ។

 

កីឡា​ការិនី​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា កែ ឡេង​ ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស​ប៉េតង់​ពិភព​លោក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ Women’s World Championship of Petanque នៅ​ប្រទេស​បារាំងកាល​ពីឆ្នាំ២០១៣ ម្ដង​រួច​មក​ហើយ។ នៅ​ឆ្នាំ ២០១៥​នេះ អ្នក​ស្រី​បាន​ដណ្ដើម​យក​មេដាយ​មាស​ជា​លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ដដែល​នៅ​ប្រទេស​ថៃ៕

 

 

ក្បួន​ដង្ហែ​កាល​ពី​ពេល​កន្លង​មក

 

មើល​ទិដ្ឋភាព​កាល​ពិធី​ដង្ហែ​លើក​ទី​១ សូម​ចុច...

 

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី