​ត្រឹម​​របរ​សូន​រូប​ស្ករ​​គ្រាប់​​​​​​​ ​​អាច​​​រក​ប្រាក់​ឲ្យ​​កូន​រៀន​ដល់​​ថ្នាក់​​មហាវិទ្យាល័យ

  • 2015-11-25 15:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈរ​ក្បែរ​​ម៉ូតូ​សង់កូរ៉េ​កញ្ចាស់​​មួយ​គ្រឿង​នៅ​ជិត​ពិធី​សម្ពោធ​ហាង​ថ្មី​មួយ​នៅ​ម្តុំ​​បឹង​កេងកង​ ១ ​បុរស​ចំណាស់​ម្នាក់​កំពុង​ប្រញាប់​ដៃ​សូន​រូប​ស្ករ​ Lollipop ​​ដែល​ដាក់​នៅ​លើ​ធុង​ចំនួន​បួន​លើ​កែប​ខាងក្រោយ។​​

 

​បុរស​រូប​នោះ​មាន​ឈ្មោះ​ថា​​​​ គឹម ហាន ​​​​ជា​​អតីត​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​​​ដែល​បាន​ប្រកប​របរ​ជា​អ្នក​ច្នៃ​រូប​តុក្កតា និង​សត្វ​ចម្រុះ​ពី​ស្ករ​ Lollipop ​នេះ​អស់​រយៈពេល​ជិត​ ១០ ​ឆ្នាំ​មក​ហើយ។ ​​​​

 

 

​លោក​​បន្ត​ថា ​​ជំនាញ​ផ្នែក​សូន​រូប​ដែល​លោក​បង្រៀន​​​និស្សិត​នៅ​សាកលវិទ្យាល័យ​ជាតិ​ខាង​លើ​ជា​បច្ច័យ​​​​ឲ្យ​លោក​កើត​គំនិត​បង្កើត​ជា​អាជីព​មួយ​នេះ​ឡើង។ ​​​«ដំបូង​ខ្ញុំ​គិត​ថា ​ខ្ញុំ​​សូន​រូប​នៅ​លើ​ថ្ម ​ឈើ ​និង​សម្ភារៈ​ជា​ច្រើន​មុខ​ទៀត​បាន​ ​រឿង​អី​សូន​រូប​នៅ​លើ​ស្ករ​នេះ​មិន​បាន។ ​ដូច្នេះ​ខ្ញុំ​ក៏​សាកល្បង​សូន​រូប​នេះ​ឡើង»។ ​បុរស​ចំណាស់​រូប​នេះ​និយាយ​ថា ​​​​​សិល្បៈ​នៃ​ការ​ច្នៃ​នេះ​មិន​មាន​នរណា​បង្រៀន​ទេ ​ពោល​គឺ​កើត​ចេញ​ពី​ជំនាញ​ដែល​លោក​មាន​ស្រាប់​ក្នុង​នាម​ជា​សាស្ត្រាចារ្យ​ម្នាក់​នៃ​សាលា​ក្រហម។

 

​បុរស​វ័យ ​៥៦ឆ្នាំ​ឲ្យ​ដឹង​ថា ​លោក​អាច​សូន្យ​រូប​បាន​ច្រើន​​ទម្រង់​​​​​​រាប់​តាំង​ពី​សត្វ​​ច្រើន​ប្រភេទ​​ តុក្កតា ​រហូត​ដល់​រូប​មុខ​មនុស្ស។ ​​«ខ្ញុំ​អាច​សូន​រូប​សត្វ​​​បាន​​​ច្រើន​​​​ ​​​និង​រូប​ព្រះ​នាង​ស៊ីនដេរីឡា ​តា​ណូអែល ​មុខ​​​មនុស្ស​ក៏​ធ្វើ​បាន​ដែរ»។ ​​​ចំពោះ​តម្លៃ​វិញ ​ស្ករ​ដែល​លោក​សូន​ជា​រូប​មាន​តម្លៃ​ខុស​ៗ​គ្នា​ទៅ​តាម​ទំហំ​​ ​និង​​ប្រភេទ​រូប​ថា ​ពិបាក​ ឬ​ស្រួល។ ​​តម្លៃ​មាន​​ចាប់​​ពី​ ២​ពាន់​រៀល ​៣​ពាន់​រៀល ​៥​ពាន់​រៀល ​១ម៉ឺន​រៀល​​រហូត​ដល់​​ ១០០ ​ដុល្លារ​​​​​អាស្រ័យ​លើ​ការ​ចង់​បាន​របស់​ភ្ញៀវ។ ​ចំពោះ​ការ​សូន្យ​រូប​មុខ​មនុស្ស​​​វិញ​គឺ​ចាប់​ពី​ ៥ ​ដុល្លារ​ឡើង​​ ​តែ​លោក​អាច​ធ្វើ​បាន​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ​ព្រោះ​ភ្នែក​របស់​លោក​ចាស់​​មិន​អំណោយ​ផល​នៅ​ពេល​យប់។

 

 

​លោក​បន្ត​ថា ​លោក​​ឆ្លៀត​ពេល​ប្រកប​របរ​នេះ​​ក្រៅ​ម៉ោង​ក្រោយ​បង្រៀន​នៅ​សណ្ឋាគារ​ណាហ្គេវើល។ ​«រាល់​ថ្ងៃ​ខ្ញុំ​បង្រៀន​​មួយ​ថ្ងៃ​ ២ ​ម៉ោង​នៅ​ណាហ្គា ​ហើយ​បន្ទាប់​ពី​ហ្នឹង​ពូ​ចេញ​រកស៊ី​ខ្លួន​ឯង​បាន»។ ​​​ការ​បង្រៀន​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​ឲ្យ​លោក​រក​ចំណូល​បាន​ ១០០ ​ដុល្លារ។ ​​​​​​ដោយ​ឡែក​ បើ​មាន​អ្នក​ចង់​ជួល​លោក​ពូ​ទៅ​សូន​រូប​ក្នុង​កម្មវិធី​​ណាមួយ​ក៏​លោក​ពូ​ទៅ​បាន​ដោយ​យក​តម្លៃ​ក្នុង​មួយ​ម៉ោង​ ៥០ ​ដុល្លារ។ ​​​អ្នក​ដែល​​​​ចង់​ទាក់ទង​ឲ្យ​លោក​ពូ​​ទៅ​សូន​រូប​ស្ករ​គ្រប់​នៅ​កម្មវិធី​នានា​អាច​ទាក់ទង​​​​​បាន​តាម​រយៈ​លេខ​ទូរសព្ទ​ ០៨៨ ​៨៧៥៤ ៤៣៨។

 

​ក្រៅ​ពី​ជួយ​​​​​សម្រួល​បន្ទុក​គ្រួសារ​យ៉ាង​ច្រើន​ ​លោក​ពូ​បន្ត​ថា ​ដោយសារ​ជំនាញ​នេះ​​ទើប​លោក​អាច​​បញ្ជូន​​កូន​​ស្រី​ពីរ​នាក់​ឲ្យ​បាន​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ។ ​​​បុរស​ចំណាស់​បង្ហើប​ថា ​​​ក្នុង​​​​​មួយ​ថ្ងៃ​លោក​ពូ​អាច​រក​ចំណូល​បាន​មិ​ន​ក្រោម​ ១០០ ​ដុល្លារ​​ទេ ​អាស្រ័យ​លើ​ថា​​រវល់​តិច​ឬ​ច្រើន​៕

 

https://www.youtube.com/watch?v=1sp_U1tTc5g&feature=youtu.be

 

 

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​​​