ថ្ងៃ​សម្រាក ដេក​ផ្ទះ​លេង​ Facebook នឹង​ធ្វើ​ឲ្យ​អ្នក​ស្ត្រេស​លើស​ដើម

  • 2015-11-26 20:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ជា​ច្រើន​បាន​អះអាង​ថា​បណ្ដាញ​សង្គម (Facebook, Twitter, Instagram, …) អាច​នឹង​បន្ថែម​ភាព​តប់ប្រមល់​កាន់​តែ​ខ្លាំង នៅ​ពេល​ដែល​អ្នក​កំពុង​មាន​អារម្មណ៍​អផ្សុក ឬ​តានតឹង​នៅ​ថ្ងៃ​ឈប់​សម្រាក។​

 

 

“បណ្ដាញ​សង្គម​គឺ​ពោរពេញ​ដោយ​ភាព​តប់ប្រមល់​គ្រប់​បែប​យ៉ាង"។ នេះ​បើ​តាម លោក Dr. Pamela Rutledge នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​ចិត្ត​សាស្ត្រ​រៀបរាប់។ លោក​បាន​បន្ត​ថា ការ​លេង​បណ្ដាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​កំពុង​នៅ​ជាមួយ​មនុស្ស​កើត​ទុក្ខ ដោយ​សារ​តែ​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ប្រើ​បណ្ដាញ​ទាំង​នេះ​ដើម្បី​បញ្ចេញ​ទុក្ខ​ព្រួយ​របស់​ពួក​គេ។

 

លោក Rutledge បាន​លើកឡើង​ពី​ព្រឹត្តិការណ៍​នា​ពេល​ថ្មី​ៗ​នេះ គឺ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ក្រៀមក្រំ និង​ភ័យ​ខ្លាច​ពេល​ពួក​គេ​បើក​បណ្ដាញ​សង្គម។ ​មនុស្ស​គ្រប់​គ្នា​តែង​ចង់​ដឹង​ និង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​អំពី​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​ឡើង ក៏​ប៉ុន្តែ​នៅ​ពេល​មាន​ហេតុការណ៍​អាក្រក់​ណា​មួយ​កើត​ឡើង បណ្ដាញ​សង្គម​នឹង​គ្រប​ដណ្ដប់​ដោយ​រូបភាព​អវិជ្ជមាន​កាន់​តែ​​ច្រើន ដូច​ជា​អំពើ​ហិង្សា សោកនាដកម្ម និង​ការ​ជេរ​ប្រទេច​គ្នា​ជា​ដើម។ "ពេល​យើង​ឃើញ​រូប​ភាព និង​សកម្មភាព​បែប​នេះ​រាល់​ថ្ងៃ យើង​នឹង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ពិភពលោក​នេះ​គឺ​ជា​ទី​កន្លែង​គួរ​ឲ្យ​ខ្លាច"។ លោក Rutledge ពន្យល់។​

 

មូលហេតុ​ដូច្នេះ​ហើយ ការ​ប្រើប្រាស់ Smartphone នឹង​មិន​មែន​ជា​វិធី​ល្អ​ឡើយ ប្រសិន​បើ​អ្នក​ចង់​គេច​ចេញ​ពី​អារម្មណ៍​មិន​ល្អ កំឡុង​ពេល​ឈប់​​សម្រាក។

 

អ្នក​ស្រី​ Dr. Anne Marie Albano ជា​នាយក​គ្លីនិក​ផ្នែក​ជំងឺ​ផ្លូវ​ចិត្ត​និង​អារម្មណ៍​នៅ​ប្រទេស​កូឡុំប៊ី ក៏​បាន​យល់​ស្រប​នឹង​ការ​លើកឡើង​នេះ​ដែរ។ អ្នក​ស្រី​បាន​ប្រាប់​សារព័ត៌មាន The New York Times នា​ពេល​ថ្មី​ៗ​នេះ​ថា បណ្ដាញ​សង្គម​អាច​ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ តាម​រយៈ​ការ​គំរាមកំហែង​ផ្សេង​ៗ ហើយ​អារម្មណ៍​បែប​នេះ​នឹង​កើត​មាន​កាន់​តែ​ខ្លាំង​នៅ​ពេល​យើង​នៅ​ផ្ទះ​ម្នាក់​ឯង។

 

ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ផ្ដល់​ដំបូន្មាន​ថា ដើម្បី​បន្ធូរបន្ថយ​អារម្មណ៍​ធុញ​ថប់​ នៅ​ថ្ងៃ​ឈប់​សម្រាក អ្នក​គួរ​​ចំណាយ​ពេល​ដោយ​​ផ្ទាល់​ជាមួយ​ដៃ​គូ មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ នៅ​ទី​កន្លែង​ណា​មួយ ឬ​ចេញ​ស្រូប​យក​ខ្យល់​អាកាស​តែ​ម្នាក់​ឯង​ក៏​បាន ៕​

 

ចុចអាន៖៤​ចំណុច​ត្រូវ​ដឹង​ជា​ចាំ​បាច់​​​សម្រាប់​​អ្នក​​ប្រើ​ប្រាស់​​ Firefox ​ឆែក​អ៊ីនធឺណិត​រាល់​ថ្ងៃ​

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ huffingtonpost