គ្រូ​ Barca ថា​​​នឹង​ស៊ី​ Real ឱ្យ​បាន​ក្នុង​ជំនួប El Clasico

  • 2014-10-20 18:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Luis Enrique ​​អ្នក​ចាត់​ការ​ថ្មី​របស់​ Barcelona ​បាន​និយាយ​អះអាង​ថា​ក្នុង​ជំនួប​ដំបូង​ EL Clasico ដែល​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​ Real Madrid ​​ថ្ងៃ​សៅរ៍​នេះ​ ក្រុម​របស់​លោក​ត្រូវ​តែ​ឈ្នះ​ឱ្យ​ទាល់​តែ​បាន។

 

ថ្វី​ត្បិត​៥​ប្រកួត​ចុង​ក្រោយ​របស់ Real Madrid ​ធ្វើ​បាន​ល្អ​យ៉ាង​ណា​ក្ដី ក៏​លោក​ Enrique ​ដែល​ចូល​មក​ដឹក​នាំ​ Barca ​រដូវ​កាល​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ក្នុង La Liga នោះ​ បាន​និយាយ​ថា៖ “យើង​នៅ​សល់​ការ​ប្រកួត​ជា​ច្រើន​ទៀត ​ហើយ​ខ្ញុំ​មិន​គិត​ថា​ការ​ប្រកួត​ទាំង​អស់​ Real ​ធ្វើ​បាន​ល្អ​ទាំង​អស់​នោះ​ទេ។ Barca ​នឹង​ទៅ​យក​ជ័យ​ជម្នះ​នៅ​ទឹក​ដី Real ​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​ពីមុន​មក។ ហើយ​ពេល​នេះ​ខ្ញុំ​ចង់​ឱ្យ​កីឡាករ​របស់​ខ្ញុំ​ទាំង​អស់​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ត្រៀម​ប្រយុទ្ធ​នៅ​ចុង​សប្ដាហ៍​នេះ”។

 

លោក Luis Enrique ឈរ​បញ្ជា​កូន​ក្រុម​នា​ការ​ប្រកួត​កន្លង​មក

 

មុន​ជំនួប​ EL Clasico ​នេះ​ Real Madrid ​និង​ Barcelona ​នៅ​មាន​មួយ​ប្រកួត​ដូច​គ្នា​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​ពោល​គឺ Real Madrid ​ត្រូវ​ជួប​ Liverpool ​នៅ​យប់​ថ្ងៃ​អង្គារ ​ឯ​ ​ Barcelona ​ត្រូវ​ជួប Ajax ​នៅ​យប់​ថ្ងៃ​ពុធ។

 

ខ្សែ​ប្រយុទ្ធ​ថ្មី Luis Suarez ​នឹង​អាច​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​ Barca ​ក្នុង​ជំនួប​នេះ​ ស្រប​ពេល​ Messi ​​​​អាច​​នឹង​​ក្លាយ​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ​ La Liga (all-time leading goalscorer in La Liga ) ប្រសិន​បើ​អាច​ស៊ុត​ចូល ។

 

ដោយ​ឡែក​ខាង​ Real Madrid ​វិញ​ ​តួ​អង្គ​សំខាន់​ Cristiano Ronaldo បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​អាច​​រក​គ្រាប់​បាល់​បាន​១៥​គ្រាប់​ហើយ​ក្នុង​៧​ប្រកួត​នៅ​ La Liga​ ដើម​រដូវ​កាល​នេះ​។ នេះ​មានន័យ​ថា​ជា​មធ្យម​ ១​ប្រកួត​ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​រក​បាន​យ៉ាង​តិច​២​គ្រាប់។

 

គិត​​ត្រឹម​៥​ប្រកួត​ចុច​ក្រោយ​​​រដូវ​កាល​នេះ​ Real Madrid ​ឈ្នះ​ Levante ៥-០, ឈ្នះ Athletic Bilbao ៥-០, ឈ្នះ Villarreal ២-០, ឈ្នះ Elche ៥-១​ និង​ ឈ្នះ Deportivo ​៨-២ ឈរ​​នៅ​ចំណាត់​ថ្នាក់​លេខ​៣​បណ្ដោះ​អាសន្ន​។ ចំណែក​ឯ​ Barcelona ​វិញ​ ឈ្នះ​ Eibar ៣-០, ឈ្នះ Rayo Vallecano ២-០, ឈ្នះ Granada ​៦-០, ឈ្នះ Levante ៥-០ ​និង​ស្មើ​ជាមួយ​ Malaga ០-០​ ឈរ​នៅ​​កំពូល​តារាង​បណ្ដោះ​អាសន្ន​ដោយ​នាំ​មុខ​ Real ​៤​ពិន្ទុ។

 

ចាំ​មើល​តើ​លោក Enrique អាច​ទៅ​ស៊ី​ Real ដល់​ក្នុង​ដី​បាន​ដូច​ការ​អះអាង​ដែរ​ឬ​ទេ? សម្រាប់​ប្រិយមិត្ត​វិញ គិត​ថា​ Barca ឬ Real ជា​អ្នក​ឈ្នះ​ការ​ប្រកួត​នេះ?

 

ចុច​អាន៖ Barca ​មិន​អាច​លេង​នៅ​ La Liga ​បាន​ទេ​ ​បើ​ទីក្រុង​មួយ​នេះ​កាត់​ផ្ដាច់​ពី​អេស្ប៉ាញ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ bbc