Tavia Yeung ចុះ​ចោល​ទ្រនំ TVB ប្រុង​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន

  • 2015-11-27 22:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​​ប៉ុស្តិ៍​ទូរទស្សន៍​ហុងកុង TVB​ កំពុង​ស្វែង​រក​តារា​ស្រករ​ក្រោយ​ដើម្បី​ជំនួស​ជើង​ឲ្យ​តារា​រៀម​ច្បង​ទាំង​ឡាយ​ដែល​បាន​ចាក​ចេញ​ទាំង​គ្មាន​ស្ដាយ​ស្រណោះនោះ នៅ​​ពេល​នេះ តារា​ជើង​ចាស់​របស់ TVB Tavia Yeung បាន​សម្រេច​ចិត្ត​លា​ចាក​ចេញ​ដែរ​ហើយ។

 

ខណៈ​ដែល​​តារា​ស្រករ​ក្រោយ​កំពុង​តែ​វាយ​លុក​ទីផ្សារ​នៅ TVB តារា​សម្ដែង​លំដាប់​ជួរ​មុខ Tavia Yeung ត្រូវ​ធ្លាយ​ពាក្យ​ចចាមអារ៉ាម​ថា​ជា​តារា​សម្ដែង​បន្ទាប់​ដែល​នឹង​ដើរ​ចេញ​ពី​ទ្រនំ​ដែល​នាំ​ឲ្យ​នាង​មាន​ឈ្មោះ​ល្បី​ដូច​សព្វ​ថ្ងៃ។ ក្នុង​ចំណោម​កំពូល​តារា​សម្ដែង​ស្រី​ទាំង​បួន​របស់ TVB រួម​មាន Myolie Wu, Kate Tsui, Linda Chung និង Tavia Yeung គឺ​សល់​តែ​តារា​ត្រកូល Yeung ម្នាក់​គត់​ដែល​នៅ​ជ្រក​ក្រោម​​ដំបូល​ចាស់​មួយ​នេះ ដោយ​តារា​ស្រី​ដទៃ​ទៀត​បាន​ដោះ​ដៃ​ចោល​ប៉ុស្តិ៍​ទូរទស្សន៍​ហុងកុង​នេះ​អស់​ហើយ។ ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន Jaynestars បាន​ឲ្យ​ដឹង​ថា Tavia អន់​​ចិត្ត​ដោយ​សារ​តែ TVB ប្រឹង​លើក​កម្ពស់​តារា​ទើប​​រះ Grace Chan ខ្លាំង​ពេក​ដោយ​មិន​រវីរវល់​ជាមួយ​នឹង​ខ្លួន។ តាម​ប្រភព​ដដែល​នេះ​ដែរ Tavia Yeung ជាមួយ​នឹង​តារា​សម្ដែង Moses Chan ក៏​មាន​គម្រោង​បើក​ក្រុមហ៊ុន​កម្សាន្ត​ផ្ទាល់​ខ្លួន​នៅ​ចិន​ដី​គោក​ដែរ។

 

អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់ TVB បាន​ចាប់​ផ្ដើម​ចរចា​ជាមួយ​តារា​អាយុ ៣៦ ឆ្នាំ​ពី​រឿង​ចុះ​កុង​ត្រា​ថ្មី​​ដែល​នឹង​ផុត​នៅ​ខែ​មេសា ឆ្នាំ ២០១៦ ខាង​មុខ​នេះ តែ Tavia គ្មាន​គំនិត​នឹង​ចង់​បន្ត​កុងត្រា​នេះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត​សូម្បី​តែ​កម្មវិធី​គម្រប់​ខួប​របស់ TVB ក៏​តារា​រូប​នេះ​មិន​បាន​បង្ហាញ​វត្តមាន​ចូល​រួម​ដែរ។​​ បើ​ទោះ​ជា​នៅ​ក្នុង​ឆ្នាំ ២០១៥ នេះ Tavia មាន​រឿង​ភាគ​បី​ត្រូវ​បាន​ចាក់​បញ្ចាំង​ក៏​ពិត​មែន តែ​តារា​សម្ដែង​ស្រី​នេះ​គ្មាន​បំណង​ចូល​ប្រជែង​តំណែង​រាជិនី​ទូរទស្សន៍​សម្រាប់​ឆ្នាំ​នេះ​នោះ​ទេ៕

 

ចុចអាន៖តួ​រឿង “The Moon Embrace The Sun” មាន​ផ្ទៃ​ពោះ​កូន​ទី​ពីរ ​ក្រោយ​ការ​១០​ឆ្នាំ

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖lollipop