ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ​គ្លីនិក​មួយ​ក្នុង​សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​របួស​មនុស្ស ១១​នាក់

  • 2015-11-28 15:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ប៉ូលិស​នៅ​ទី​ក្រុង Colorado Springs សហរដ្ឋអាមេរិក​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១១​នាក់​ដែល​រាប់​បញ្ចូល​ទាំង​ប៉ូលិស ៥​នាក់ ​បាន​រង​របួស​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​មួយ​ពី​សំណាក់​ខ្មាន់​កាំភ្លើង​នៅ​គ្លីនិក Planned Parenthood កាល​ពី​យប់​មិញ​នេះ។

 

 

អភិបាល​ក្រុង Colorado Springs លោក John Suthers បាន​និយាយ​​ថា អាជ្ញាធរ​កំពុង​ព្យាយាម​កំណត់​ពី​ចំនួន​ជន​​រង​គ្រោះ​ជាក់​ស្ដែង និង​រក​មើល​ថា​មាន​មនុស្ស​នៅ​ខាង​ក្នុង​អគារ​ទៀត​ឬ​អត់។ យ៉ាង​ណា​ក្ដី តាម​ទិន្នន័យ​ដំបូង​បាន​ឲ្យ​ដឹង​ថា មនុស្ស ១១​នាក់​រាប់​ទាំង​មន្ត្រី​ប៉ូលិស ៥​នាក់​បាន​រង​របួស និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។ ​

 

ក្រុម​មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​ទៅ​លើ​វត្ថុ​នានា​ដែល​នាំ​ចូល​ទៅ​ក្នុង​អគារ​គ្លីនិក ដើម្បី​ប្រាកដ​ថា​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទៀត ព្រោះ​ដំបូង​ឡើយ​ប៉ូលិស​បាន​ប្រកាស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្រែង​វត្ថុ​ទាំង​នោះ​ជា​គ្រាប់​បែក​ឆ្នៃ។ លោក Suthers បាន​និយាយ​ថា ត្រូវ​បញ្ជូន​អ្នក​រាវ​គ្រាប់​បែក​ទៅ​ក្នុង​ជា​មុន​សិន ទើប​អាច​ចូល​ទៅ​រក​អ្នក​របួស ឬ​ស្លាប់​នៅ​ក្នុង​អគារ Planned Parenthood ជា​ក្រោយ។

 

៥​ម៉ោង​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​ខាង​លើ​កើត​ឡើង ទើប​ប៉ូលិស​ចាប់​បាន​ជន​សង្ស័យ ប៉ុន្តែ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក៏​មាន​ហេតុការណ៍​បាញ់​រះ​ស្រដៀង​គ្នា កើត​ឡើង​នៅ​​ទីក្រុង New Orlean ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៦នាក់​​​រង​របួស៕ ​​​

 

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ ABC