ភាពយន្ត ១៣០ រឿង​ត្រៀម​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា

  • 2015-11-30 21:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ចំនួន ១៣០ ចំណង​ជើង​មក​ពី ៣៤ ប្រទេស​ជុំវិញ​ពិភព​លោក​ត្រៀម​ចាក់​បញ្ចាំង​រយៈ​ពេល ១ សប្ដាហ៍​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៦ រួម​ទាំង​ស្នាដៃ​របស់​សមិទ្ធិករ​ភាពយន្ត​ខ្មែរ​មួយ​ចំនួន​ផង​ដែរ។

 

មហោស្រព​នេះ​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ ២០១៥ ខាង​មុខ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិញ​លោក Certric Eloy ក្នុង​នាម​ស្ថាបនិក​បាន​និយាយ​ថា មហោស្រព​ឆ្នាំ​នេះ​មាន​ភាពយន្ត​ច្រើន​រសជាតិ ហើយ​លោក​សង្ឃឹម​ថា ទស្សនិកជន​នឹង​ស្វែងយល់​ពី​ភាពយន្ត​ដ៏​សម្បូរ​បែប​ទាំង​នោះ​មិន​ខាន។

 

លោក​បន្ត​ថា មហោស្រព​ក៏​មាន​បង្ហាញ​ពី​ភាពយន្ត​ស្ដី​ពី​ប្រទេស​កម្ពុជា ដែល​ថត​នៅ​ទី​នេះ​ផ្ទាល់​តែ​ម្ដង សូម្បី​ក្រុម​ការងារ​ផលិត ក៏​សុទ្ធសឹងតែ​ជា​ខ្មែរ​ដែរ​ដូច​ជា​រឿង Dream Land និង​រឿង Before the Fall ជាដើម។ ហើយ​ក៏​មាន​ការ​បង្ហាញ​ភាពយន្ត​ពី​គម្រោង One Dollar និង​ភាពយន្ត​ដែល​ដឹក​នាំ​ដោយ​អតីត​ជន​ភៀស​ខ្លួន​កម្ពុជា និង​ស្នាដៃ​ជា​ច្រើន​ទៀត។

 

ចំពោះ​ការ​ជ្រើសរើស​ភាពយន្ត​អន្តរជាតិ​វិញ លោក​បាន​អះអាង​បន្ថែម​ទៀត​ថា មាន​ការ​ចូលរួម​ពី​ភាពយន្ត​ជប៉ុន​ល្បីល្បាញ​មួយ​ចំនួន​ក្រោម​ការ​សហការ​រៀបចំ​ឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។ ក្រៅ​ពី​នេះ​មាន​ភាពយន្ត​ល្បីល្បាញ​របស់​ម៉ាឡេស៊ី ដែល​បាន​ផលិត​ឡើង​អំឡុង ១៥ ឆ្នាំ​មុន​មក​ម៉េ្លះ និង​ភាពយន្ត​បណ្ដា​ប្រទេស​អាស៊ី​ផ្សេង​ទៀត ដែល​ធ្លាប់​បាន​ទទួល​ពានរង្វាន់​ជា​ច្រើន​ក្នុង​តំបន់។ ដោយ​ឡែក ដើម្បី​បំពេញ​តាម​ការ​ចង់​បាន​របស់​កុមារ មហោស្រព​នឹង​បង្ហាញ​ភាពយន្ត​គំនូរជីវចល​មក​ពី​សាធារណរដ្ឋឆេក​ផង​ដែរ។

 

ជាមួយ​គ្នា​នោះ​លោក Certric Eloy បាន​បញ្ជាក់​ថា សមិទ្ធផល​ភាពយន្ត​ដែល​បាន​ចូលរួម​ក្នុង​មហោស្រព នឹង​ត្រូវ​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​មួយ​ចំនួន​ដូច​ជា Major Cineplex by Cellcard , Platinum Cineplex, រោង​ភាពយន្ត Legend ទាំង​៣​កន្លែង និង​រោង​ភាពយន្ត​វិទ្យាស្ថាន​បារាំង, មជ្ឈមណ្ឌល​បុប្ផាណា និង​សាល​មហោស្រព​ចតុមុខ ជា​ដើម៕

 

អាន​អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម