​ភូមិ​មួយ​នៅ​​ថៃ ​ប្រារព្ធ​ពិធី​ដឹងគុណ​ស្វា ដោយ​ទិញ​ផ្លែឈើ​ឲ្យ​ស៊ី​អស់​ជាង១ម៉ឺនដុល្លារ

  • 2015-12-01 21:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ភូមិ​នៅ​ខេត្ត​ Lopburi​ ប្រទេស​ថៃ ចម្ងាយ​ប្រមាណ ១៥០គីឡូម៉ែត្រភាគ​ខាងជើង​ទីក្រុង​បាងកក​ បាន​​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​គុណ​ស្វា (Monkey Festival ឬ Monkey Buffet Festival) ដោយ​​ឲ្យ​ស្វា​​ជាច្រើន​ក្បាល​​ស៊ី​បន្លែ ​ផ្លែ​ឈើ​ ​និង​ចាហួយ​ក្មេងៗ​​តាម​ចិត្ត​ចង់ អស់​ជាង​២តោន បើ​គិត​ជា​​ប្រាក់​វិញ​មាន​តម្លៃ​ប្រមាណ ១១០០០ដុល្លារ​អាមេរិក។

 

​ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​ ​ស្វា​ជាច្រើន​ក្បាល​បាន​​លោត​ផ្លោះ​តុ​ពី​មួយ​ទៅ​មួយ​ ទៅ​ស៊ី​អាហារ​ទាំង​នោះ​​យ៉ាង​ប្រញាប់​ប្រញាល់​ដូច​​ស្រុក​កើត​សង្គ្រាម ខណៈ​អ្នក​ទេសចរ​ឈរ​សម្លឹង​ហ្វូង​សត្វ​ទាំង​នេះ​ប្រញាយ​គ្នា។

 

 

អ្នក​រៀប​ចំ​ពិធី​បុណ្យ «Monkey Festival» លោក Yongyuth Kitwattananusorn ​បាន​ប្រាប់​សារព័ត៌មាន​ថៃ​​ថា ​​​​អាហារ​របស់​ស្វា​ឆ្នាំ​នេះ​​ភាគ​ច្រើន​ជា​ផ្លែ​ធូរេន និង​ឈែរី ដែល​ទិញ​ពី​ប្រទេស​ឈីលី​ ក្នុង​តម្លៃ​មួយ​គីឡូ ១៩០០បាត ឬ ៥៣ដុល្លារអាមេរិក។ លោក​បាន​និយាយ​បន្ថែម​ថា៖ "ខ្ញុំ​គិត​ថា​កម្មវិធី​នេះ​ពិត​ជា​ល្អ​ខ្លាំង​ណាស់។ វា​បាន​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ​ជា​ច្រើន។ វា​ពិត​ជា​ល្អ​សម្រាប់​សេដ្ឋកិច្ច"។

 

​ចំណែក​អ្នក​ភូមិ​ប្រារព្ធ​ពិធី​នេះ​ឡើង ​គឺ​ដើម្បី​​អរគុណ​ស្វា ដែល​បាន​​នាំ​ភ្ញៀវ​ទេសចរ​ជាច្រើន​​ ទៅ​លេង​​សហគមន៍​ពួកគេ​ជា​រៀង​រាល់​ឆ្នាំ ដែល​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​​​​ទី​នោះ​កាន់​តែ​ធូរធារ​ឡើង។ ពិធី​នេះ​ត្រូវ​គេ​ចាប់​ផ្ដើម​​ប្រារព្ធ​ដំបូង​ក្នុង​ឆ្នាំ ១៩៨៩ ​និង​ដើម្បី​ជំរុញ​កំណើន​ទេសចរ​ដែរ៕

 

 
 
 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ bangkokcoconuts