ខ្សែ​ប្រយុទ្ធ​ស្វាយ​រៀង​ម្នាក់ ​របួស​ជង្គង់​ត្រូវ​អវត្តមាន​ចំនួន​៩​ខែ

  • 2015-12-01 23:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស្វាយ​រៀង លី សារ័ត្ន ​ដែល​មាន​បញ្ហា​ជង្គង់​តាំង​ពី​លេង​ពាន​រង្វាន់ Hun Sen Cup ​នៅ​ដើម​ឆ្នាំ​២០១៥​នេះ នឹង​ត្រូវ​អវត្តមាន​មិន​អាច​ចូល​ជួយ​ក្រុម​បាន​រយៈ​ពេល​៩​ខែ បន្ទាប់​ពី​រូបគេ​ធ្វើ​ការ​វះកាត់​ប្ដូរ​សរសៃ​ពួរ​ជង្គង់​បាន​យ៉ាង​ជោគជ័យ​នៅ​ប្រទេស​វៀតណាម។

 

 

លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្រុម​ស្វាយរៀង ​បាន​បញ្ជាក់​ថា សារ័ត្ន ​ឈឺ​ជង្គង់​តិច​ៗ​ជា​យូរ​មក​ហើយ ប៉ុន្តែ​រូបគេ​នៅ​តែ​អាច​ចូល​លេង​បាន​ធម្មតា។ រហូត​ដល់​ក្រុម​ស្វាយ​រៀង​ទៅ​លេង​នៅ​ពាន​រង្វាន់​នៅ​ប្រទេស​វៀតណាម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ​ដែល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចូល​លេង​បាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក៏​មាន​ការ​ចុកចាប់​ជង្គង់​ជា​ខ្លាំង រហូត​ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​នៅ​ប្រទេស​វៀតណាម​នោះ​តែ​ម្ដង។ ក្រោយ​ធ្វើ​ការ​ពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​ទៅ កីឡាករ​រូប​នេះ​មាន​បញ្ហា​ខ្លាំង​ជាមួយ​នឹង​សរសៃ​ជង្គង់​របស់​គេ ដោយ​ត្រូវ​វះកាត់​ប្ដូរ​ចេញ​ភ្លាម​ៗ។

 

កាល​ពី​ម្សិលមិញ​នេះ សារ័ត្ន ​បាន​វះកាត់​បាន​យ៉ាង​ជោគជ័យ​ហើយ ដោយ​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​កីឡាករ​រូប​នេះ​ត្រូវ​ប្រើ​ពេល​ព្យាបាល​រយៈ​ពេល​៣​ខែ​មិន​ឱ្យ​ធ្វើ​អ្វី​ខ្លាំង​ជាមួយ​ជង្គង់​នេះ​ទេ ហើយ​ក្រោយ​ពី​៣​ខែ​នេះ រូបគេ​ត្រូវ​ហាត់​សាច់ដុំ​ជា​ធម្មតា តែ​ក៏​មិន​អាច​ចូល​លេង​ជួយ​ក្រុម​បាន​ដែរ ដោយ​ត្រូវ​ហ្វឹកហាត់​ដូច្នេះ​រយៈ​ពេល​៦​ខែ​ទៀត។ សរុប​ជា​រួម​មក សារ័ត្ន នឹង​ត្រូវ​អវត្តមាន​មិន​អាច​ជួយ​ស្វាយ​រៀង​រហូត​ដល់​ទៅ​៩​ខែ​ឯ​ណោះ។

 

លោក សំ វ៉ាន់ដេត ​បាន​បញ្ជាក់​ទៀត​ថា​ការ​សម្រាក​ព្យាបាល​និង​ថ្លៃ​ថ្នាំ​ទាំង​អស់​ខាង​ក្លិប​ស្វាយ​រៀង​ជា​អ្នក​ជួយ ហើយ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្លិប​បាន​ចំណាយ​អស់​ជាង​២​ពាន់​ដុល្លារ​ទៅ​ហើយ។ ខ្សែ​ប្រយុទ្ធ​ខាង​លើ​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ស្អែក ឬ​ខាន​ស្អែក​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ រូបថត៖ FB Page ស្វាយរៀង

អត្ថបទពេញនិយម