មិន​ដល់២​សប្តាហ៍​ទៀត​ទេ ព្រឹត្តិការណ៍​​​ប្រគំតន្ត្រី​ JESSIE J នឹង​ចាប់ផ្តើម​

  • 2015-12-01 23:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់​រយៈ​ពេល​មិនដល់​២​សប្តាហ៍​ទៀតទេ ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​ដ៏​ធំ Jessie J ដែល​រៀប​ចំដោយ​ក្រុមហ៊ុន​​​ទូរស័ព្ទ​ Smart នឹង​នឹងចាប់ផ្តើមហើយ។ ការប្រគំតន្រ្តីនេះធ្វើ​ឡើង​​នាថ្ងៃទី​​១២ ខែធ្នូ​ខាងមុខ នៅរាជធានីភ្នំពេញ ដែលនឹង​ធ្វើ​ឲ្យ​កក្រើក​ទស្សនិកជន​​និយម​ចូលចិត្ត​តន្រ្តី​។ នេះ​បើយោង​តាម​ទូរទស្សន៍ PNN ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា ។

 

 

ក្នុង​បទ​សម្ភាស​កាល​ពី​ពេល​ថ្មីៗ​របស់​ទូរទស្សន៍ PNN នៅ​តាម​ដង​ផ្លូវ​នានា​ ក្នុង​រាជធានី​ភ្នំពេញ​ ក្រុម​អ្នក​គាំទ្រ​តារា​ចម្រៀង​អន្តរជាតិ Jessie J បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​របស់​ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ខាង​មុខ​​​នេះ ។​​ ក្រុម​អ្នក​គាំ​ទ្រ​ដែល​ភាគច្រើន​ជា​យុវវ័យ​នោះ បាន​ប្រាប់​ទូរទស្សន៍​ PNN ថា ពួកគេចង់​ស្តាប់​បទ​ចម្រៀង​​​របស់ Jessie J ដោយ​ផ្ទាល់ ជាពិសេស​​បទ Flashlight និង Pricetag។

 

កញ្ញា លន់ ស្រីនុត ដែល​ជា​អ្នក​គាំទ្រ​ម្នាក់របស់​តារាចម្រៀង Jessie J​ បាន​ប្រាប់​ទូរទស្សន៍ PNNថា៖ «ខ្ញុំ​ចូល​ចិត្ត​បទ Pricetag ​របស់​គាត់ ហើយ​ចាប់​តាំង​ពី​គាត់​ចេញ​បទ​ហ្នឹងមក​ ខ្ញុំ​ក្លាយ​ជា​អ្នក​គាំទ្រ​​គាត់​រហូត​ដល់​ពេល​បច្ចុប្បន្ន ។​ មិត្តភក្តិ​របស់​ខ្ញុំ​ធ្លាប់​ច្រៀង​ត្រាប់​តាម​បទ​នេះ​ដែរ (Pricetag) ហើយ​ដោយ​​ឥឡូវ​យើង​ដឹងថា​គាត់នឹង​មកប្រទេស​កម្ពុជា​ទៀត​ ដូច្នេះ​ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​ថែម​ទៀត»។​

 

អ្នក​គាំទ្រ​ម្នាក់​ទៀត​របស់​តារា​ចម្រៀង Jessie J គឺ កញ្ញា សំរិត សិលា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា៖ «យើង​ដឹង​ថា​ Smart​ នឹង​មាន​ការ​ប្រគំ​តន្រ្តី​ដ៏ធំ​មួយ ដូច្នេះ​យើង​ប្រាកដ​ជា​ចូល​រួម​នៅ​ថ្ងៃ​ទី១២​ ធ្នូ​នេះ ពីព្រោះ​យើង​ចូល​ចិត្ត​តារា​ចម្រៀង​ Jessie J» ។

 

ចំណែក​ឯ​​អ្នក​គាំទ្រ​ដទៃ​​​ទៀត​ក៏​បាន​ប្រាប់​ទូរទស្សន៍​ PNN ផង​ដែរ អំពី​មោទនភាព​របស់​ពួកគេ​ជុំវិញ​ការ​មក​កាន់​ប្រទេស​កម្ពុជា​របស់​តារា​ចម្រៀង​អន្តរជាតិ​ល្បី​រូប​នេះ ។ ​លោក អ៊ុក សារឿន បាន​និយាយថា​៖ «ខ្ញុំ​សប្បាយ​រីករាយ​ណាស់ និង​មាន​មោទនភាព​ដោយ​ដឹង​ថា​ Jessie J នឹង​មក​សម្តែង​នៅ​កោះ​ពេជ្រ ។ ខ្ញុំ​នឹង​ចូល​រួម​ការ​ប្រគំ​តន្រ្តី​នៅទី​​នោះ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ» ។

 

យោង​តាម​លោក ស្រ៊ុន ម៉េងគាង អ្នក​គ្រប់គ្រង​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​ PNN ព្រឹត្តិការណ៍​នេះ​អាច​ជាព្រឹត្តិការណ៍​ដ៏​ធំបំផុត​មួយ​ប្រចាំ​ឆ្នាំ។ លោក​ ម៉េងគាង​ បាន​មាន​ប្រសាសន៍​ថា៖ «Jessie J គឺជា​តារា​ចម្រៀង​អន្តរជាតិ​ដ៏​ល្បី​ម្នាក់ ក្នុង​ចំណោម​តារា​ចម្រៀង​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ ដែល​នឹង​មក​កាន់​ប្រទេស​កម្ពុជា ដូច្នេះ​យើង​រំពឹង​ថា​នឹង​មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​នៅ​ក្នុង​កម្មវិធី​នោះ» ។

 

ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ Smart​ លោក Yap Kokleong បាន​មាន​ប្រសាសន៍​ថា៖ «ដូច​ការ​​រំពឹង​ទុក​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​ Jessie J ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ Smart ក្នុង​រាជធានី​ភ្នំពេញ នាថ្ងៃ​ទី១២ ធ្នូ​នេះ បាន​ទាក់ទាញ​ទស្សនិកជន​​​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ យើង​រំពឹង​ថាព្រឹត្តិការណ៍​នេះ​នឹង​មាន​អ្នក​ចូល​រួម​ទស្សនា​ចំនួន​​​ជាង​៣ម៉ឺននាក់»​។

 

ព្រឹត្តិការណ៍​ប្រគំតន្រ្តី Jessie J នៅ​ឯមជ្ឈមណ្ឌល​កោះពេជ្រ​ នាថ្ងៃទី១២ ខែ​ធ្នូ​នេះ គឺជា​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​​ធំលើក​​​ទី២ ដែល​ក្រុមហ៊ុន​​​ Smart Axiata បាន​រៀប​ចំធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ  ដោយ​​ព្រឹត្តិការណ៍​ប្រគំតន្រ្តី​ធំ​លើក​​ទី១ ត្រូវ​បាន​រៀប​ចំ​ធ្វើឡើង​កាលពី​ដើម​ឆ្នាំនេះ​ ក្រោម​​ការ​​ចូលរួម​សម្តែង​ពី​​​តារា​ចម្រៀង​អន្តរជាតិ Demi Lovato ។ ​ទូរទស្សន៍​ PNN ត្រូវ​បាន​គេរំពឹង​ថា នឹង​ធ្វើការ​ថត និង​ចាក់​ផ្សាយ​កម្មវិធី​ប្រគំតន្រ្តី​ Jessie J នា​ថ្ងៃទី​១២ ខែធ្នូ​នេះ ។ ព្រឹត្តិការណ៍​ប្រគំតន្រ្តី​ Jessie J គឺជា​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​មួយ ក្នុង​ចំណោម​ព្រឹត្តិការណ៍ប្រគំ​តន្រ្តី​ចំនួន​ជាង២០លើក​ ដែល​ក្រុមហ៊ុន​បាន​រៀប​ចំ​ធ្វើ​ឡើង​ និង​បន្ត​ប្រព្រឹត្ត​ទៅ​ទូទាំង​ប្រទេស។ ព្រឹត្តិការណ៍​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ Smart I am the Fastest​ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​ទូរទស្សន៍ PNN វេលា​ម៉ោង​៦​ល្ងាច រៀង​រាល់​ថ្ងៃ​សៅរ៍ ​។ ​

 

កម្មវិធី​ Smart I am the Fastest ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ កោះ​កុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរ​មាន​ជ័យ កំពត សៀមរាប ព្រះវិហារ ស្វាយរៀង ព្រះសីហនុ ព្រៃវែង ស្ទឹង​ត្រែង កំពង់ចាម ក្រចេះ និង​រតនគិរី។ កម្មវិធី​បន្ទាប់​នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុង​​ខេត្តមណ្ឌលគិរី កំពង់ឆ្នាំង និង​កណ្តាល ។ Smart I am the Fastest ក៏​ជា​កម្មវិធី​​ប្រកួត​រត់ប្រណាំង​ស្វែង​រក​បុរស និង​នារី​ដែល​រត់បាន​លឿន​បំផុត​ក្នុង​ប្រទេស​ផង​ដែរ។ កម្មវិធី​នេះត្រូវ​បាន​រៀបចំ​នៅ​តាម​ទីកន្លែង​ផ្សេងៗ​ទូទាំង​ប្រទេស ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សេវា 4G LTE របស់​ក្រុមហ៊ុន​ទូរស័ព្ទ Smart ដែល​សេវា​នេះ​បាន​គ្រប​ដណ្ដប់​២៥ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ហើយ ។ អ្នក​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Smart I am the Fastest ត្រូវ​​រត់ប្រណាំង​ក្នុង​​​ចម្ងាយ១០០ម៉ែត្រ ហើយ​បន្ទាប់​មក​គឺត្រូវ​រត់​តាម​ផ្លូវ​ដែល​មាន​ឧបសគ្គ​ជា​ច្រើន ។ ជាមួយ​នឹង​​ការប្រកួត​រត់​ប្រណាំង​ដែល​ទើប​តែ​បាន​បញ្ចប់​នៅ​តាម​បណ្តាខេត្ត​ជាច្រើន​នោះ អ្នក​ដែល​មាន​លទ្ធផល​នាំមុខ​គេនៃ​ការ​ប្រកួត​ផ្នែក​បុរសបាន​ទៅ​លោក ម៉ៅ សារ៉ូ ក្នុងខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ថេរៈវេលា៣៤វិនាទី ។ រីឯនារី​បាន​ទៅ​លើ​កញ្ញា ស៊ី ចាន់ផល ក្នុង​ខេត្ត​បាត់ដំបង​ ក្នុង​ថេរៈវេលា​៤៣​វិនាទី ។

 

កម្មវិធី​ Smart I am the Fastest បន្ទាប់​នឹង​ចាក់ផ្សាយ​នៅវេលាម៉ោង​៦ល្ងាច​ ថៃ្ងសៅរ៍​ ទី៥ ខែ​ធ្នូ ដែល​នឹង​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​ប្រកួត​រត់ប្រណាំង និង​ការប្រគំតន្រ្តី​ក្នុង​ខេត្តកំពង់ចាម ក្រចេះ និងរតនគិរី៕

 

អត្ថបទៈ​ ពាណិជ្ជកម្ម