Fans ​មីយ៉ាន់ម៉ា​អរ​ពេក​រត់​ចូល​​ទីលាន ត្រូវ AFC ពិន័យ

  • 2014-10-21 00:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) បាន​ពិន័យ​សហព័ន្ធ​បាល់ទាត់​មីយ៉ាន់ម៉ា (MFF) ជា​ទឹក​ប្រាក់ ២៤០០០ដុល្លារ​អាមេរិក ដោយ​សារ​អ្នក​គាំទ្រ​ក្រុម​នេះ​បាន​សម្រុក​ចូល​​ទីលាន​ប្រកួត​កាល​ពី​សប្ដាហ៍​មុន។ មិន​ត្រឹម​តែ​ពិន័យ​ជា​ប្រាក់​ទេ AFC ក៏​ព្រមាន​ថា​មីយ៉ាន់ម៉ា​អាច​ត្រូវ​​ប្រកួត​បិទ​ទ្វារ​ផង​ដែរ ពោល​គឺ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ចូល​មើល​នោះ​ឡើយ ប្រសិន​បើ​មិន​អាច​គ្រប់គ្រង​ពួក​គេ​បាន​ល្អ​ទេ​នោះ។

 

 

អ្នក​គាំទ្រ​ក្រុម​ U-19 មីយ៉ាន់ម៉ា​ជា​ច្រើន​នាក់​បាន​រត់​ចូល​ទីលាន​ប្រកួត ដើម្បី​អបអរ​ ក្រោយ​ពេល​មីយ៉ាន់ម៉ា យក​ឈ្នះ​អារ៉ាប់រួម នៅ​ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ AFC U-19 Championship នៅ​ទីក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃ​សុក្រ។

 

AFC បាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា៖ "ដើម្បី​ធានា​សុវត្ថិភាព​លើ​ទីលាន​ប្រកួត ក៏​ដូច​ជា​ការ​គោរព​តាម​ច្បាប់ និង​បទ​បញ្ជា MFF ត្រូវ​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​អ្នក​ទស្សនា​របស់​ខ្លួន​ឲ្យ​បាន​ នៅ​ក្នុង​ប្រកួត​ក្រោយៗ"។

 

សេចក្ដី​ប្រកាស​ដដែល​នោះ ក៏​បាន​បញ្ជាក់​​ផង​ដែរ​ថា​ប្រសិន​បើ​មាន​ករណី​បែប​នេះ​មួយ​ប្រកួត​ទៀត នោះ​មីយ៉ាន់ម៉ា​នឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នក​ទស្សនា។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ​នៅ​ក្នុង​ការ​ប្រកួត​នោះ ក្រុម​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា​បាន​យក​ឈ្នះ​អារ៉ាប់រួម ១-០ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ការ​ឡើង​នោះ​ ក៏​មាន​ន័យ​ថា​ក្រុម​នេះ​នឹង​អាច​លេង​នៅ​ពាន​រង្វាន់ FIFA U-20 World Cup នៅ​ឆ្នាំ​២០១៥​ជា​ស្វ័យ​ប្រវត្តិ​ផង​ដែរ។ ៣ក្រុម​ផ្សេង​ទៀត​ដែល​ឡើង​ទៅ​វគ្គ​៤ក្រុម​ចុង​ក្រោយ​ដែរ​នោះ រួម​មាន អ៊ុយបេគីស្ថាន (ឈ្នះ​ថៃ), កូរ៉េខាងជើង (ឈ្នះ​ជប៉ុន) និង​កាតារ (ឈ្នះ​ចិន)៕​​

 

 ចុច​អាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ទាក់ទង​នឹង​កីឡា​បាល់ទាត់​អាស៊ី

 

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ straitstimes