Ford Adventure 2015 បញ្ចប់ទាំងអាឡោះអាល័យ រង់ចាំឱកាសរីករាយជាថ្មីនៅឆ្នាំក្រោយទៀត
- 2015-12-15 22:22:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Adventure 2015 បញ្ចប់ទាំងអាឡោះអាល័យ រង់ចាំឱកាសរីករាយជាថ្មីនៅឆ្នាំក្រោយទៀត
ចន្លោះមិនឃើញ
ព្រលឹមស្រាងៗក្បួនរថយន្ត Ford Adventure 2015 ប្រមាណ ៦០ គ្រឿងបានចាកចេញពីក្រុមហ៊ុន RMA តាមផ្លូវមុនីវង្សដោយនាំអ្នកដំណើរប្រមាណ ៣០០ នាក់ធ្វើដំណើរកម្សាន្តផ្សងព្រេងបោះជំរំ ទៅតំបន់ទេសចរណ៍នៃប្រទេសកម្ពុជានិងថៃ។
អ្នកចូលរួមមានមកតាំងពីតាកែវ កំពង់ស្ពឺ ភ្នំពេញដោយមានទាំងគ្រួសារ មិត្តភ័ក្តិ និងនាំសម្ភារៈប្រើប្រាស់ចំបាច់ជាច្រើន ដើម្បីចូលរួមដំណើរកម្សាន្តដ៏ធំប្រចាំរបស់ក្រុមហ៊ុន RMA។
ក្បួនរថយន្តចាប់ចេញដំណើរដូចក្បួនព្យុហយាត្រាធ្វើឲ្យពលរដ្ឋនិងអ្នកធ្វើដំណើរនៅតាមដងផ្លូវចាប់អារម្មណ៍និងភ្ញាក់ផ្អើលគ្រប់គ្នា។ ដំណើរផ្លូវរាប់រយគីឡូម៉ែត្រ ធ្វើឲ្យអ្នកចូលរួមមួយចំនួនមានភាពនឿយហត់ ប៉ុន្តែអារម្មណ៍មួរហ្មង់ទាំងនោះក៏បាត់រសាត់ជាមួយសម្រស់ទេសភាពតាមដងផ្លូវដែលដូចកំពុងស្វាគមន៍សម្រាប់ក្រុមដំណើរកម្សាន្តដែលធ្វើដំណើរឆ្លងកាត់។
បន្ទាប់ពីចំណាយពេលជិតមួយថ្ងៃធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្ត ក្បួនរថយន្ត Ford Adventure ក៏បានធ្វើដំណើរមកដល់ក្រុងប៉ៃលិននៅម៉ោងជាង ៣ រសៀល។ ទៅដល់ខេត្តប៉ៃលិន មានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ជាពិសេសវត្តមានលោកអភិបាលខេត្តកើត សុធា ដល់ក្រុមទេសចរកម្ពុជាដែលធ្វើដំណើរកម្សាន្តមកដល់ខេត្តជាប់ព្រំដែនឆ្ងាយដាច់ស្រយាលនេះ។
ការធ្វើដំណើរមកដល់ខេត្តដែលល្បីសំបូរត្បូងពេជ្រនៃប្រទេសកម្ពុជា ក៏បាននាំមកជាមួយអំណោយមួយចំនួនយកទៅប្រគល់ជូនដល់ពលរដ្ឋក្រីក្រដែលជួបការខ្វះខាត ដែលថវិកាបានមកពីការរួមចំណែករបស់អ្នកបានចូលរួមនិងមួយចំណែករបស់ក្រុមហ៊ុនផ្ទាល់។
ក្រោយជួបសំណេះសំណាលនិងការប្រគល់អំណោយដល់ពលរដ្ឋក្រីក្រ ក្បួនរថយន្តក៏បានធ្វើដំណើរទៅទីតាំងបោះជំរំដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីព្រំដែនអន្តរជាតិព្រំដើម្បីសម្រាកមួយរាត្រី មុនព្រឹកបន្ទាប់ចាកចេញបន្តដំណើរកម្សាន្តទៅខេត្តច័ន្ទបុរីជាគោលដៅសម្រាប់ដំណើរកម្សាន្ត Ford Adventure 2015។ ក្នុងពេលរាត្រី មានការរៀបចំកម្មវិធីទទួលទានអាហារជួបជុំគ្នា និងកម្មវិធីកម្សាន្តសប្បាយក្រោមជំនោរខ្យល់ខែកត្តិកក្នុងបរិយាកាសដ៏រីករាយ។
នៅថ្ងៃទីពីរ ក្រោយពេលរៀបចំខ្លួនប្រាណរួចក្បួនរថយន្ត Ford Adventure ក៏បានបន្តដំណើរទៅព្រំដែនអន្តរជាតិព្រំដើម្បីធ្វើបែបបទឆ្លងចូលទៅខេត្តច័ន្ទបុរីប្រទេសថៃ។ ទោះបីជាមានការយឺតយ៉ាវបន្តិចសម្រាប់ការធ្វើបែបបទចេញចូល ដែលធ្វើឲ្យអ្នកដំណើរមួយចំនួនត្រូវរង់ចាំជាច្រើនម៉ោង យ៉ាងណាក្បួនធ្វើដំណើរបានឆ្លងចូលយ៉ាងជោគជ័យ ដោយមានអាជ្ញាធរខេត្តច័ន្ទបុរីប្រទេសថៃចាំទទួលស្វាគមន៍និងកងកម្លាំងប៉ូលិសថៃជួយសម្រួលចរាចរណ៍តាមដងផ្លូវ ដើម្បីឲ្យការធ្វើដំណើរមានភាពរលូន។
នៅខេត្តច័ន្ទបុរី ក្រុមអ្នកធ្វើដំណើរកម្សាន្តបានទៅកម្សាន្តនៅរមណីយដ្ឋានពិភពបាតសមុទ្រ និងទៅទស្សនាព្រៃកោងកាងធំបំផុត។ បន្ទាប់មក ក៏ទៅកម្សាន្តនៅឆ្នេរ ChaoLao ជាឆ្នេរសមុទ្រពេញនិយមមួយនៅខេត្តច័ន្ទបុរីនិងជាទីតាំងបោះជំរំសម្រាប់ដំណើរកម្សាន្ត Ford Adventure 2015។
ក្នុងពេលរាត្រីដ៏សែនម៉េទិកមកដល់ ក្រោមបរិយាកាសជំនោរខ្យល់សមុទ្រភ្លេងតន្រ្តីបានបន្លឺឡើងជាការស្វាគមន៍ការចាប់ផ្តើមកម្មវិធីជប់លៀង សម្រាប់អ្នកចូលរួមដំណើរកម្សាន្តដែលបានហត់នឿយក្នុងការដើរកម្សាន្តពេញមួយថ្ងៃ។ ម្ហូបអាហារនិងអាហារសមុទ្រស្រស់ៗត្រូវបានរៀបចំរួចជាស្រេច អមដោយវង់តន្រ្តីដោយក្រុមភ្លេងមកពីខេត្តប៉ៃលិនបានប្រគំបទចម្រៀង ដើម្បីញ៉ាំងឲ្យកម្មវិធីជប់លៀងទទួលទានអាហារពេលល្ងាចប្រកបដោយបរិយាកាសរីករាយនិងស្និទ្ធស្នាល។
នៅថ្ងៃទីបីសម្រាប់ដំណើរកម្សាន្ត ក្រោយពេលស្រស់ស្រូបអាហារព្រឹករួច ក្រុមអ្នកធ្វើដំណើរបានចាកចេញពីទីតាំងបោះជំរំឆ្ពោះទៅកម្សាន្តនៅទឹកធ្លាក់ក្រាក់ធីងដែលមានកម្ពស់ ១៣ ជាន់និងនៅថ្ងៃរសៀលបន្តិចក៏បន្តទៅផ្សារលក់ទំនិញ Makro ជាផ្សារដ៏ល្បីដែលមានលក់ទំនិញបោះដុំក្នុងតម្លៃថោកៗសម្រាប់ពលរដ្ឋខ្មែរថៃនិយមទិញប្រើប្រាស់និងផ្ញើបងប្អូន។
នៅថ្ងៃទីបួនជាថ្ងៃចុងក្រោយ ក្បួនរថយន្ត Ford Adventure បានធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជា ដោយនៅតាមផ្លូវធ្វើដំណើរមានការជួយសម្រួលចរាចរពីមន្រ្តីនិងអាជ្ញាធរខេត្តច័ន្ទបុរី ដើម្បីធ្វើឲ្យដំណើរវិលត្រឡប់វិញប្រកបដោយសុវត្ថិភាព។
ជាឱកាសចុងក្រោយ អ្នករៀបចំក៏បានរៀបចំកម្មវិធីទទួលទានអាហារថ្ងៃត្រង់ជុំគ្នានៅក្រុងប៉ៃលិនសម្រាប់ការជូនដំណើរ មុនពេលក្រុមអ្នកដំណើរត្រូវបំបែកក្បួនទៅតាមគោលដៅរៀងៗខ្លួនទាំងក្តីអាឡោះអាល័យ។
Ford Adventure 2015 រៀបចំឡើងចាប់ពីថ្ងៃ ១០ ដល់ ១៤ ខែធ្នូ មានរយៈពេល ៣ យប់ ៤ ថ្ងៃ ដែលមានអ្នកចូលរួមជាង ៣០០ នាក់ និងប្រើប្រាស់រថយន្តជាង ៦០ គ្រឿង ។ នេះជាឆ្នាំទី ៩ ដែលក្រុមហ៊ុន RMA បានរៀបចំដំណើរកម្សាន្តនេះឡើង ដើម្បីផ្តល់ការកម្សាន្តរីករាយការជួបជុំគ្នារបស់ក្រុមគ្រួសារ Ford នៅកម្ពុជា និងជាការថ្លែងអំណរគុណរបស់អតិថិជនដែលជ្រើសរើសនិងប្រើប្រាស់រថយន្ត Ford។
ការរៀបចំដំណើរកម្សាន្តក៏ក្នុងគោលដៅដល់អតិថិជនអាចស្វែងយល់ពីបើកបររថយន្ត Ford ដែលជារថយន្តធន់ រឹងមាំនិងយីហោរថយន្តដ៏ល្បីរបស់អាមេរិក។
សម្រាប់ឆ្នាំក្រោយ ក្រុមហ៊ុនមិនទាន់កំណត់គោលដៅការធ្វើដំណើរ ប៉ុន្តែអតិថិជនមួយចំនួនសំណូមពរចង់ទៅកម្សាន្តនៅប្រទេសឡាវ និងអ្នកខ្លះក៏ចង់ទៅលេងនៅខេត្តសុរិនអតីតទឹកដីខ្មែរនៅប្រទេសថៃ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា