ការ​ទន្ទឹង​រង់​ចាំ​បាន​មក​ដល់​ហើយ ទូរទស្សន៍​ខ្មែរ ៤ ផ្សាយ​​បន្ត​ផ្ទាល់​ លីក​​អង់គ្លេស

  • 2014-09-17 18:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​លីក​​​បាល់ទាត់​​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​មក​ពី​តំបន់​អឺរ៉ុប Barclays Premier League (BPL) របស់​ប្រទេស​អង់គ្លេស នឹង​មាន​ផ្សាយ​បន្ត​នៅ​​ក្នុង​ប្រទេស​កម្ពុជា បាន​ហើយ​ដោយ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន ៤ ផ្សេង​គ្នា​ ទទួល​បាន​សិទ្ធិ​​ផ្សាយ​នៅ​រដូវកាល ២០១៤ - ២០១៥ នេះ។

 

 

យោង​តាម​វេបសាយ​របស់​​ទូរទស្សន៍​បាយ័ន បាន​ចេញ​​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ ថា ក្រុមហ៊ុន CTH International Co., Ltd និង ក្រុមហ៊ុន LBH Innovation Media Co., Ltd បាន​ចុះ​ហត្ថលេខា​ស្ដី​ពី​​ប្រគល់​សិទ្ធិ​នៃ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​លីក​បាល់ទាត់​កំពូល​អង់គ្លេស នៅ​រដូវកាល​នេះ កាល​ពី​ថ្ងៃ​ទី ១៥ កញ្ញា កន្លង​ទៅ​នៅ​សណ្ឋាគារ Sofitel Phokeethra Phnom Penh ដោយ​មាន​ការ​ចូលរួម​ជា​សាក្សី​​ពី​​លោក​ ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

 

CTH International Co., Ltd ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​​ផ្លូវការ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​កម្មវិធី​ប្រកួត​លីក Barclays Premier League នៅ​ប្រទេស​៣ ក្នុង​តំបន់​អាស៊ាន​រួម​មាន ថៃ ឡាវ និង កម្ពុជា។

សារព័ត៌មាន​​ខាង​លើ​បាន​បន្ថែម​ទៀត​ថា កិច្ច​​សហការ​​គ្នា​រវាង​ក្រុមហ៊ុន​ទាំង២ គឺ​សម្រេច​បាន​ អាច​​ទទួល​សិទ្ធិ​​ផ្សាយ​ការ​ប្រកួត​ចំនួន ២៦ប្រកួត តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​នៅ​កម្ពុជា​ចំនួន ៤ គឺ​ទូរទស្សន៏​បាយ័ន ទូរទស្សន៏​ជាតិ​​កម្ពុជា (TVK), ប៉ុស្ត៏​លេខ ៥ (TV5) និង ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ (TV3)។

 

ប្រភព​មិន​បាន​បញ្ជាក់​​ឱ្យ​បាន​ច្បាស់​​ពី​​ទឹក​ប្រាក់​​នៃ​ទទួល​បាន​សិទ្ធិ​​នៃ​ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ​ ហើយ​ក៏​មិន​បាន​បញ្ជាក់​ពី​​ចាប់​ផ្ដើម​ផ្សាយ​នៅ​ពេល​ណា​នោះ​ដែរ ប៉ុន្តែ​គិត​ត្រឹម​ចុង​សប្ដាហ៍​នេះ BPL បាន​ដំណើរ​បាន ៥ សប្ដាហ៍​ហើយ ខណៈ​កម្មវិធី​ប្រកួត​សរុប​មាន​ ៣៨ សប្ដាហ៍​ក្នុង​មួយ​រដូវកាល៕

 

អត្ថបទ៖ ម៉ឺន រស្មី