Jimmy Kiss ប្រាប់​មូលហេតុ​មិន​​ទាន់​ចង់​ចូល​ផលិតកម្ម

  • 2014-10-21 21:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jimmy Kiss មិន​ទាន់​មាន​គម្រោង​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ណា​មួយ​នៅ​ឡើយ ព្រោះ​បារម្ភ​ថា អាច​មាន​ការ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​នៃ​ការ​តែង​និពន្ធ​របស់​ខ្លួន ហើយ​សុខ​ចិត្ត​ផលិត​បទ​ដោយ​ខ្លួន​ឯង និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​នានា​ទៅ​វិញ។

 

 

 

 

Jimmy Kiss និយាយ​ថា៖" ខ្ញុំ​មិន​ចូល​ចិត្ត​ចម្លង​បទ​ចម្រៀង​ពី​គេ​ទេ គឺ​ចូល​ចិត្ត​ធ្វើ​អ្វី​ជា​ស្នាដៃ​ខ្លួន​ឯង​ជាង និង​គ្មាន​បរទេស​ណា​មក​រិះគន់​យើង​ទេ"។ ធម្មតា​អ្នក​និពន្ធ​គ្រប់រូប​ត្រូវ​ការ​សេរីភាព​ក្នុង​ការ​សរសេរ​បទ​ចម្រៀង​របស់​ខ្លួន និង​មិន​ចង់​រង​គំនាប​របស់​ផលិតកម្ម ដើម្បី​តែ​ប្រាក់​ចំណេញ​នោះ​ទេ។

តារា​ចម្រៀង​រូប​នេះ​បាន​បន្ថែម​ថា រូប​គេ​ផលិត​បាន​បទ​ចម្រៀង​ប្រមាណ​ជាង​២០​បទ​ហើយ ដែល​សុទ្ធសឹងតែ​ជា​ស្នាដៃ​មិន​ចម្លង​ពី​បរទេស។ ទោះ​បី​ជា​យ៉ាង​ណា ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​អស់​នោះ អាច​មាន​មួយ​ចំនួន ជា​ការ​សហការ​ផលិត​រួម​គ្នា​ជាមួយ​មិត្តភ័ក្ដិ ដែល​មាន​និស្ស័យ​សិល្បៈ និង​និន្នាការ​មិន​ចម្លង​ដូច​គ្នា។

បទ​ចម្រៀង​ភាគ​ច្រើន​របស់ Jimmy Kiss គេ​ឃើញ​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជា​បទ "Baby I am sorry”, “កុំ​អាណិត​បង" និង​បទ "បើ​សិន​គ្មាន​អូន"ជា​ដើម។ ម្ចាស់​បទ​បញ្ជាក់​ថា គ្មាន​គម្រោង​ថត​ជា​​CDលក់​លើ​ទីផ្សារ​នៅ​ឡើយ ព្រោះ​កន្លង​មក​មាន​ផលិតកម្ម​មួយ​ចំនួន​មិន​បាន​សម្រេច​នោះ​ទេ។

Jimmy Kiss បញ្ជាក់​ថា៖“ ខ្ញុំ​យល់​ថា ការ​ចង់​បាន​ចំណូល​ពី​បទ​និពន្ធ​ថ្មី​បែប​នេះ គឺ​មាន​អារម្មណ៍​ថា តឹងតែង​ចិត្ត​មែន​ទែន ទើប​មិន​ទាន់​ចង​ថត​ដាក់​CDលក់​ដូច​អ្នក​ផ្សេង​ទៀត"។ ម្យ៉ាង​ទៀត លោក​មិន​ទាន់​ចាប់​អារម្មណ៍​លើ​លុយ​កាក់​ខ្លាំង​ពេក​នោះ​ទេ ក្នុង​ហេតុផល​មិន​ទាន់​មាន​ប្រពន្ធ​កូន ដែល​ត្រូវ​គិតគូរ។

ទោះ​បី​ជា​យ៉ាង​ណា Jimmy Kiss បើក​ផ្លូវ​ចរចា​ជាមួយ​ផលិតកម្ម​នានា ប្រសិន​បើ​ចាប់​អារម្មណ៍​ចំពោះ​សមត្ថភាព​បង្កើត​បទ​ចម្រៀង​ថ្មី​របស់​គេ ហើយ​លក្ខខណ្ឌ​ចាំបាច់​នោះ គឺ​ចង់​បាន​សេរីភាព​តែង​និពន្ធ  និង​ផលិត​បទ​ចម្រៀង​ប៉ុណ្ណោះ៕

-បទ" Baby I'm sorry" របស់ Jimmy Kiss

http://youtu.be/fkZYsJwfDfc

-"កុំអាណិតបង"

http://youtu.be/Ew2Z_WPxpHY

-"បើ​សិន​គ្មាន​អូន"

http://youtu.be/qSZ37w8eS0w

អត្ថបទ៖ សំ ជំនាញ