ប្រលោម​លោក​ Sabay ត្រៀម​ចេញ​៤​រឿង​ នៅ​ខែ​វិច្ឆិកា​នេះ

  • 2014-10-21 21:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​តុលា​នេះ​ បន្ទាប់​ពី​រឿង​ «ផ្ទះ​គ្រូទាយ» ប្រិយមិត្ត​យើង​កំពុង​តែ​ជក់​ចិត្ត​ជាមួយ​ប្រលោម​លោក​បែប​ស្នេហា​ ស៊ីវីល័យ​ ពោរ​ពេញ​ដោយ​ល្បិច​គេច​កល​រាប់​រយ​ជំពូក​របស់​បុប្ផា​ច្រើន​ទង​ ​បំណង​ទាក់​យក​កន្លង់​សម្បូរ​ស្នេហ៍​សេនី រឿង​ «មន្ត​ស្នេហ៍​លេខា»។​

 

ដើម្បី​បន្ថែម​ការ​កម្សាន្ត​អារម្មណ៍​តាម​រយៈ​ការ​អាន​ ប្រលោម​លោក Sabay ក៏​បាន​ត្រៀម​រឿង​ថ្មី​ៗ ល្អ​ៗ​ចំនួន​៤​ទៀត​សម្រាប់​ការ​ចេញ​ផ្សាយ​ក្នុង​ខែ​វិច្ឆិកា ខាង​មុខ​នេះ​។ ចង់​ដឹង​ថា​មាន​រឿង​អ្វី​ខ្លះ​ ហើយ​ល្អ​មើល​ប៉ុណ្ណា សូម​តាម​ដាន​ដូច​ខាង​ក្រោម​៖​

 

១. បាត់ដំបង​ស្រមោល​ស្នេហ៍​៖

គឺ​ជា​ភាគ​បន្ត​នៃ​សាច់​រឿង​ «ប្រុស​ស្អាត​វិទ្យាល័យ»​ ដែល​មិត្ត​អ្នក​អាន​បាន​ស្គាល់​ហើយ​ថា​ជា​ស្នេហា​របស់​រចនា និង​វុធ​។ ក្នុង​ភាគ​ថ្មី​នេះ រចនា​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​ស្រលាញ់​នាង​ស្ទើរ ​ស្មើ​ជីវិត​ មិន​ដែល​ជំទាស់​ឬ​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​ឡើយ​ ព្រោះ​តែ​ការ​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​ជាមួយ​វុធ​។ ចៃដន្យ​អី​​ ប្រុស​ស្អាត​វិទ្យាល័យ​របស់​រចនា​បាន​អើត​មុខ​មក​តាម​រយៈ​ sms ជូន​ពរ​ក្នុង​យប់​ផ្សំដំណេក​របស់​នាង​ ធ្វើ​ឲ្យ​នាង​បែរ​ជា​វង្វេង​វង្វាន់​ មិន​ច្បាស់​ថា​ត្រូវ​ស្រលាញ់​ប្ដី​ ឬ​ត្រូវ​វិល​ទៅ​រក​ប្រុស​ស្អាត​ក្នុង​ដួង​ចិត្ត​។ ប្រលោម​លោក​ស្នេហា​មួយ​នេះ នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ ខាង​មុខ​។

 

២. ស្រី​ស្អាត​មក​ពី​ទី​ឆ្ងាយ​៖

ជា​ប្រលោម​លោក​បែប​អភិនីហារ អប្បិយជំនឿ​ មន្ត​អាគម​អូម​អាម​ ដែល​តំណាល​ពី​គូ​ស្នេហ៍​៥​ជាតិ​រវាង​កំលោះ ប៊ុន​ ធឿន និង​នាង​តរុណី​ ដែល​មិន​ដែល​បែក​គ្នា​តាំង​ពី​អតីតជាតិ​មក​។ ក្នុង​ជាតិ​ទី​៥​នេះ គឺ​ជា​ជាតិ​ចុង​ក្រោយ​នៃ​គូ​ស្នេហ៍​ទាំង​ពីរ​ដែល​នឹង​ត្រូវ​នៅ​ជាមួយ​​គ្នា​ជា​រៀង​រហូត ​ព្រោះ​ពួក​គេ​នឹង​បំបាំង​ខ្លួន​ទៅ​នៅ​ក្នុង​ភព​មួយ​ផ្សេង​ពី​មនុស្ស​លោក​។ ចំណោទ​បញ្ហា​និង​ភាព​អាថ៌កំបាំង​ទាំង​ឡាយ​និង​ត្រូវ​បក​ស្រាយ​ក្នុង​រឿង​ «ស្រី​ស្អាត​មក​ពី​ទី​ឆ្ងាយ» ដែល​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា​នេះ​ហើយ​។

 

 

៣. និស្ស័យ​ស្នេហ៍​នៅ​អង្គរ​៖

ទឹក​ដី​អង្គរ​បាន​ក្លាយ​ជា​កន្លែង​តែ​មួយ​គត់​ដែល​ប្រទាក់​ចិត្ត​បុរស​ទេសចរ​ជនជាតិ​វៀតណាម​ម្នាក់​មក​លើ​បុប្ផា​ក្រពុំ​កម្ពុជា​ រហូត​ដក​មិន​រួច​។ ដោយ​សារ​តែ​មាន​បញ្ហា​រវល់​ បុរស​នោះ​ក៏​បាន​ត្រលប់​ទៅ​ប្រទេស​ខ្លួន​វិញ​ទាំង​ទឹក​ចិត្ត​ស្រលាញ់​នារី​យើង​ពេញ​បេះដូង​ និង​បាន​កំណត់​ក្នុង​ចិត្ត​ថា​ ពេល​វិល​មក​វិញ​ គេ​នឹង​សុំ​នាង​រៀប​ការ​។ កត្តា​ពេល​វេលា​ និង​គំលាត​រវាង​ប្រទេស​និង​ប្រទេស បាន​ធ្វើ​ឲ្យ​ស្នេហា​របស់​កំលោះ​វៀតណាម​ក្លាយ​ជា​ស្នេហា​តែ​ម្ខាង​ ព្រោះ​ពេល​គេ​ត្រលប់​មក​រក​បុប្ផា​អង្គរ​វិញ​ នាង​បាន​រៀប​ការ​ជា​មួយ​បុរស​ផ្សេង​រួច​ទៅ​ហើយ​។ ចង់​ដឹង​ថា​ស្នេហា​ដ៏​កម្សត់​របស់​កន្លង់​ឆ្លង​ប្រទេស​មាន​លទ្ធផល​ចុង​ក្រោយ​បែប​ណា កុំ​ភ្លេច​តាម​ដាន​នៅ​ថ្ងៃ​ទី២១ ខែ​ក្រោយ​នេះ​។

 

៤. ហេតុ​អ្វី​មិន​មែន​ជា​បង​?

ព្រោះ​តែ​ចរិត​ប្រចែប្រចណ្ឌ​ជ្រុល​ហួស​ហេតុ​របស់​គូ​ដណ្ដឹង​ បាន​ធ្វើ​ឲ្យ​នារី​ម្នាក់​ងាក​ទៅ​បាក់​ចិត្ត​ស្រលាញ់​បុរស​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​ រហូត​ក្លាយ​ជា​សង្សារ​លួច​លាក់​។ ទោះ​ដឹង​ថា​គូ​ដណ្ដឹង​មាន​ចរិត​គួរ​ឲ្យ​ធុញ បិទ​សិទ្ធ​សេរីភាព​នាង​ខ្លាំង​ក៏​ដោយ នាង​នៅ​តែ​មិន​អាច​ផ្ដាច់​ពាក្យ​វិញ​បាន​ព្រោះ​តែ​បញ្ហា​មុខ​មាត់​គ្រួសារ​។ ចំណង​ស្នេហ៍​លាក់​លៀម​រវាង​នាង​និង​បុរស​ធ្វើ​ការ​ជាមួយ​គ្នា​ក៏​ត្រូវ​គូ​ដណ្ដឹង​នាង​ដឹង​ ហើយ​ក៏​មាន​បញ្ហា​ជា​ច្រើន​កើត​ឡើង​។ តើ​ស្នេហា​ត្រី​កោណ​នេះ​នឹង​បញ្ចប់​ទៅ​ដោយ​របៀប​ណា​? សូម​រង់​ចាំ​អាន​នៅ​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​នេះ​៕

 

អត្ថបទ​៖ សរ​ សុគន្ធី​

អត្ថបទពេញនិយម