រក​​ឃើញ​មូលហេតុ​ពិត និង​ជន​បង្ក​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ក្រុម​ Ladies' Code

  • 2014-10-21 23:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​របស់​ក្រុម​ចម្រៀង​កូរ៉េ Ladies' Code បាន​បង្ហាញ​ថា មូល​ហេតុ​នៃ​គ្រោះថ្នាក់​នេះ​គឺ​ដោយ​សារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ហើយ​អ្នក​ដែល​ត្រូវ​កាត់​​ទោស​ក្នុង​ករណី​នេះ​គឺ​អ្នក​គ្រប់គ្រង Park Mo អាយុ ២៧​ឆ្នាំ ដែល​ជា​អ្នក​បើកបរ។

 

ប៉ូលិស​នៅ​ស្ថានីយ Yongin Seobu បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ម្សិលមិញ​ថា លទ្ធផល​នៃ​ការ​វិភាគ​លម្អិត​ ដែល​ក្រុម​ស៊ើប​អង្កេត​ជាតិ NISI បាន​បញ្ជូន​មក បង្ហាញ​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ គឺ​ដោយ​សារ​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ មិនមែន​​ដោយ​សារ​បញ្ហា​យានយន្ត ឬ​ផ្លូវ​រអិល​នោះ​ទេ។ ​

ក្រោយ​ពី​ការ​វិភាគ​​លើ​ប្រអប់​ខ្មៅ​នៃ​រថយន្ត Starex ដែល​ពួក​គេ​ជិះ អាជ្ញាធរ​បាន​និយាយ​ថា លោក Park បាន​បើក​បរ​ក្នុង​ល្បឿន ១៣០​គ.ម ក្នុង​មួយ​ម៉ោង ដែល​លើស​ពី​ល្បឿន​កំណត់​គឺ ១០០​គ.ម ក្នុង​មួយ​ម៉ោង។ ចំណែក​កង់​ឡាន​ខាង​ក្រោយ​ដែល​របូត​មិន​មែន​ដោយ​សារ​បញ្ហា​យានយន្ត​នោះ​ទេ គឺ​ដោយ​សារ​ការ​បុក​ទង្គិច​រនាំង​ផ្លូវ ទើប​ធ្វើ​ឲ្យ​កង់​នោះ​របូត​ចេញ។

 

ប៉ូលិស​ជឿ​ថា​ប្រសិន​បើ​អ្នក​បើកបរ​មិន​បើក​លឿន​ដូច្នេះ ក៏​មិន​អាច​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ​ឡើយ។ បច្ចុប្បន្ន​ពួក​គេ​កំពុង​ស៊ើប​អង្កេត​បន្ថែម​ទៀត​មុន​នឹង​ បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។​

 

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដែល​បណ្ដាល​ឲ្យ​សមាជិក​ពីរ​នាក់​គឺ EunB និង RiSe ស្លាប់ និង​សមាជិក​៣​នាក់​ទៀត​រង​របួស​ធ្ងន់​ និង​ស្រាល ៕

អានអត្ថបទ៖អ្នក​រៀប​ចំ​កម្មវិធី​តន្ត្រី​ KPOP ដែល​​មាន​​​​​​មនុស្ស១៦​​​​នាក់​ស្លាប់​​​ បាន​សម្លាប់​ខ្លួន

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dkpopnews