ផ្កា​អង្គាសីល​មានអ្វី​ពិសេស ទើប​ចិន​ទិញដាក់​ក្នុង​ផ្ទះ?

  • 2016-02-03 16:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កា​អង្គាសីល​ជា​ផ្កា​មួយ​ប្រភេទ ដែល​​មេដឹកនាំ​បដិវត្តន៍​ចិន ម៉ៅ សេទុង ចូល​ចិត្ត​ខ្លាំង​បំផុត ព្រោះ​ផ្កា​នេះ​មាន​លក្ខណៈ​ពិសេស​របស់​វា ហើយ​ប្រជាជន​ចិន តែង​យក​ផ្កា​នេះដាក់​ក្នុង​ផ្ទះ នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ចិន។

 

 

 

 

លោក​ កុក ឡុង គ្រូ​ហោរា​ចិន​ប្រចាំ​ទី​ក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ផ្ដា​អង្គាសីល អាច​ទ្រាំ​នឹង​​អាកាសធាតុ​ត្រជាក់បាន មិន​ដូច​ផ្កា​ផ្សេង​ឡើយ។

 

"ខែ​នេះ​នៅ​ចិន​ធ្លាក់​ទឹកកក លោក​ម៉ៅ [ម៉ៅ សេទុង] ចូល​ចិត្ត​ផ្កា​នេះ​ណាស់ ព្រោះ​កាលណា​កាន់​តែ​ត្រជាក់ ផ្កា​​កាន់​តែ​រីក ចំណែក​ផ្កា​ផ្សេងទៀត​​រោយ​ជ្រុះ​អស់​ហើយ"។

 

លោក​បន្ថែម​ថា ប្រជាជន​ចិន ​យក​ផ្ដា​អង្គាសីល​ដាក់​ក្នុង​ផ្ទះ ព្រោះ​វា​មាន​ក្លិន​ក្រអូប ដែល​តំណាង​ឱ្យ​ភាព​ថ្លៃថ្នូរ និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។ ​បើ​ផ្កា​នេះ​រីក​មុន​ថ្ងៃ​ចូលឆ្នាំ គឺ​មិន​ល្អ​ទេ ប៉ុន្តែ​បើ​រីក​ក្នុង​ថ្ងៃ​ចូលឆ្នាំ​រយៈពេល ៣ ​ថ្ងៃ​ជាប់​គ្នា ចិន​ជឿ​ថា ល្អ​ បើ​រីក​ជាប់​គ្នា​ ៧ ថ្ងៃ គឺ​ល្អ​លេខមួយ ពោល​គឺ​សំណាង​ល្អ រាសីឡើងខ្ពស់ត្រដែត មាន​សុភង្គល សេចក្ដី​ថ្លៃថ្នូរ និង​ទ្រព្យសម្បត្តិ​នៅ​គង់វង្ស​យូរអង្វែង។

 

តាម​ជំនឿ ចិន​ច្រើន​ដាក់​​ផ្កា​អង្គាសីល​ស្រស់ក្នុង​ផ្ទះ​ ចំណែក​​ផ្កា​ជ័រ​គេ​កម្រ​នឹង​ដាក់ ប៉ុន្តែ​បើ​ដាក់​មិន​ឱ្យ​លើស​ពី​បី​ថូ​ឡើយ ព្រោះ​បើ​លើស កូន​ចៅ​ប្រុស​ស្រី​នឹង​ចេញ​ទៅ​មាន​ស្នេហា​រញ៉េរញ៉ៃ​នៅ​ខាងក្រៅ។

 

ប្រជាជន​ចិន​បាន​ចូល​ឆ្នាំ​របស់​ពួកគេ​ហើយ​ កាល​ពី​ម្សិលមិញ ដែល​គេ​ហៅ​ថា​បុណ្យ​តូច ចំណែក​បុណ្យ​​ធំ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ (ជួបជុំ​គ្រួសារ) ដល់ ៩ ខែ​កុម្ភៈ​ឆ្នាំ ២០១៦។ ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​ជា​ថ្ងៃ​ ១ កើត ដូច្នេះ​ប្រជាជន​ចិន ​តែង​ក្រោក​អុជ​ធូប​ទទួល​ទេវតា នៅ​ម៉ោង ១ ដល់ ម៉ោង ៣ ព្រោះ​ជា​ពេល​វេលា​ល្អ។ លោក​គ្រូហោរា​ចិន កុក ឡុង បញ្ជាក់។

 

​ផ្កា​អង្គាសីល​ចាប់​ផ្ដើម​​​រីក​ពី​ថ្ងៃ ១ កើត ដល់ ៧ កើត៕

 

 
 
 

 

របស់ ៩ យ៉ាង​ដែល​ចិន​ៗ​ដាក់​តាំង​ជាមួយ​អ្នកម្នាង​ផ្ទះ ​ដើម្បី​រក​ស៊ី​មាន​បាន ​

ត្រណម​ទាំង ​១០ មិន​គួរ​ធ្វើ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម