ជាកូន​កំព្រា ទាំង​​ដៃ​ពិការ​ បុន ហុង​ តស៊ូ​រហូត​ឈ្នះ​មេដាយ​មេដាយ​មាស​ Sea Para Games​

  • 2016-02-09 15:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុន ហុង​ ជា​កីឡាករ​ជន​ពិការ​ជម្រើស​ជាតិ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​បាន​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ Sea Para Games នៅ​ប្រទេស​សិង្ហបុរី​ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ប៉ុន្តែ​បើ​និយាយ​ពី​គ្រួសារ​វិញ​ រូប​គេ​ជា​យុវជន​មួយ​រូប​ដែល​មិន​ធ្លាប់​ស្គាល់​អ្វី​ដែល​ជា​ភាព​កក់​ក្តៅ​ពី​ឪពុក​ម្តាយ​ឡើយ។

 

កីឡាករ​ជន​ពិការ​ជម្រើស​ជាតិ​កម្ពុជា​ បុន ហុង​ ដែល​​មាន​ដើម​កំណើត​នៅ​ភូមិ​គរ​ ឃុំ​ក្រាំងយ៉ូវ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​បាន​ឈ្នះ​មេដាយ​មាស​១​​ក្នុង​ប្រភេទ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ​ និង​មេដាយ​សំរឹទ្ធ​១​​ក្នុង​​​វិញ្ញាសា​រត់​ចម្ងាយ​១០០​ម៉ែត្រ​ពី​​ព្រឹត្តិការណ៍​កីឡា​ Sea Para Games ​ឆ្នាំ​២០១៥​នៅ​​ប្រទេស​សិង្ហបុរី។ មុន​ពេល​ក្លាយ​ជា​កីឡាករ​ជន​ពិការ​ជម្រើស​ជាតិ​ និង​ទទួល​បាន​លទ្ធផល​ជូន​ជាតិ​គួរ​ទី​មោទនៈ​នេះ​ រូប​គេ​​បាន​​ឆ្លង​ការ​លំបាក​គ្រប់​បែប​យ៉ាង​តាំង​ពី​កុមារភាព​ដែល​គ្មាន​ឪពុក​ម្តាយ​នៅ​​ក្បែរ។

 

 

បុន ហុង ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​បាត់​បង់​ម្តាយ​តាំង​ពី​​កុមារភាព​​គឺ​នៅ​ពេល​ម្តាយ​របស់​គេ​បាន​ទៅ​​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ ហើយ​ក៏​បាត់​ដំណឹង​សូន្យ​​រហូត​ដល់​សព្វ​ថ្ងៃ។ «​ពេល​​ខ្ញុំ​​អាយុ​ជាង​១០​ឆ្នាំ​ ម្តាយ​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​នៅ​ថៃ​ ​គាត់​ទៅ​បាន​មួយ​រយៈ​ពេល​ គាត់​បាន​មក​លេង​ផ្ទះ​ម្តង​ ហើយ​គាត់​ទៅ​ម្តង​ទៀត​ក៏​បាន​ដំណឹង​សូន្យ​ដល់​សព្វ​ថ្ងៃ​គឺ​រហូត​ដល់​ពេល​នេះ​​ជាង​២០​ឆ្នាំ​ហើយ»។

 

«ខ្ញុំ​មិន​ដែល​ស្គាល់​អ្វី​ទៅ​ជា​ភាព​កក់​ក្តៅ​ពី​ឪពុក​ម្តាយ​ឡើយ។ ខ្ញុំ​រស់​នៅ​ពឹង​ផ្អែក​ដោយ​ខ្លួន​ឯង​ ដើរ​តួ​ខ្លួន​ឯង​ជា​ម្តាយ​ផង​ ជា​ឪពុក​ផង​ដើម្បី​រស់​»។ ម្ចាស់​មេដាយ​មាស​រូប​នេះ​បាន​​និយាយ​ និង​បញ្ជាក់​​ថា ​បន្ទាប់​ពី​​បាត់​ម្តាយ​ ឪពុក​របស់​គេ​បាន​ទៅ​រស់​នៅ​ខេត្ត​បន្ទាយមានជ័យ​តែ​ម្នាក់​ឯង​ ហើយ​រូប​គេ​រស់​នៅ​ជា​មួយ​បង​ប្រុស​​នៅ​ខេត្ត​កណ្តាល។

 

បុរស​ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៣​នៃ​កម្រិត​បឋម​សិក្សា​បន្ត​ថា​ កាល​​ពី​កុមារភាព​ និង​​យុវជន​ រូប​គេ​គ្មាន​ស្គាល់​អ្វី​ក្រៅ​តែ​ពី​​ធ្វើ​ស្រែ​ជា​មួយ​បង​ប្រុស​ ស៊ី​ឈ្នួល​គេ​ និង​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ។ «​ខ្ញុំ​អត់​បាន​រៀន​ទេ​ គឺ​ជួយ​ធ្វើ​ស្រែ​បង​ ទៅ​ឃ្វាល​គោ​ ​ស៊ី​ឈ្នួល​លើក​ស្រូវ​ឲ្យ​គេ​ ធ្វើ​កម្មករ​សំណង។ ខ្ញុំ​បាន​ទៅ​ធ្វើ​កម្មករ​នៅ​ថៃ​មួយ​លើក​ជា​ពីរ​លើក​ដែរ​រហូត​ជួប​គ្រោះ​ថ្នាក់​ពិការ​ដៃ»។

 

«​ឆ្នាំ​២០០៥ ខ្ញុំ​បាន​ទៅ​ធ្វើ​កម្មករ​កាប់​ចម្ការ​​នៅ​ថៃ​ ពេល​នោះ​កាប់​ព្រៃ​ក៏​ប៉ះ​មីន​បណ្តាល​ឲ្យ​​ផ្ទះ​របួស​ដៃ​ និង​ពោះ។ ខ្ញុំ​វះ​ពោះ​ពីរ​ដង ហើយ​ដៃ​ក៏​ពិការ»។ ​បន្ទាប់​ពី​ពិការ​ដៃ​ រូប​គេ​ក៏​ឈប់​ទៅ​ធ្វើ​កម្មករ​នៅ​ថៃ​ដោយ​មក​រស់​នៅ​​ក្នុង​ប្រទេស​កំណើត​វិញ។

 

ដោយ​សារ​រូប​គេ​ធ្វើ​ការ​ធ្ងន់​ដូច​ជា​ស៊ី​ឈ្នូល​លី​សែង​ និង​​កម្មករ​សំណង​បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​កម្លាំង​ និង​សុខភាព​មាំមួន។ ​ថ្ងៃ​មួយ​​ រូប​គេ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​ទិវា​សិទ្ធិ​ជន​ពិការ​៣​ធ្នូ។ រូប​គេ​ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ដែល​បណ្ដាល​ឲ្យ​គ្រូ​បង្វឹក​ជន​ពិការ​ជម្រើស​ជាតិ​ចាប់​អារម្មណ៍​ និង​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ។

 

ឆ្នាំ​២០០៩​ បុន ហុង​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជន​ពិការ​ និង​បាន​​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​បារ៉ាហ្គេម​ទ្វីប​អាស៊ី​ (Asian Para Games 2009)​ ​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។ ​បន្ទាប់​មក​រូប​គេ​មិន​បាន​ហ្វឹកហាត់​នៅ​ក្រុម​ជម្រើស​ជាតិ​បន្ត​ទៀត​ទេ​ដោយ​សារ​ការ​ហ្វឹក​ហាត់​ជួប​ការ​លំបាក​ដូច​ជា​គ្មាន​សម្ភារៈ​ គ្មាន​ប្រាក់​ឧបត្ថម្ភ​ និង​គ្មាន​ការ​ផ្គត់​ផ្គង់​​ដល់​ក្រុម​កីឡា​ជន​ពិការ។ ទី​បំផុត​រូប​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ប្រទេស​កំណើត​​ដោយ​ទៅ​ធ្វើ​ការ​នៅ​ថៃ​​ម្តង​ទៀត​ទាំង​ដៃ​ពិការ។

​ 

ក្រោយ​ឃ្លាត​ឆ្ងាយ​ពី​កីឡា​រយៈ​ពេល​ប្រហែល​ជា​​៥​ឆ្នាំ​ បុន ហុង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ម្តង​ទៀត​ ​បន្ទាប់​ពី​មួយ​រយៈ​ពេល​ចុង​ក្រោយ​កីឡា​នៅ​កម្ពុជា​​ទទួល​បាន​​​ការ​លើក​​ទឹក​ចិត្ត​ច្រើន​ពី​រដ្ឋ​ និង​ឯកជន។ ឆ្នាំ​២០១៥​រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ និង​​បាន​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ប៉ារ៉ាហ្គេម​នៅ​ប្រទេស​សិង្ហបុរី។ ទី​បំផុត ​​មាន​តែ​រូប​គេ​ម្នាក់​គត់​ដែល​​បាន​ឈ្នះ​មេដាយ​មាស​១​គ្រឿង​ក្នុង​ចំណោម​ក្រុម​ជន​ពិការ​ជាង​៣០​នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រូប​គេ​ក៏​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​១​គ្រឿង​​ទៀត​ពី​ព្រឹត្តិការណ៍​នេះ។

 

អ្វី​ដែល​រូប​គេ​កាន់​តែ​រំភើប​ចិត្ត​ថែម​ទៀត​នោះ គឺ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​រៀប​ចំ​កម្មវិធី​បោះ​ឆ្នោត​ជ្រើស​រើស​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​ក្នុង​មាន​ទាំង​អត្តពលិក​ជន​ពិការ​ផង​ដែរ​ដែល​រូប​គេ​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធផល៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

អត្ថបទពេញនិយម