អា​យុ​ ១៥ ​ឆ្នាំ​ តែ​អាច​និពន្ធ​សៀវភៅ​ជា​ភា​សា​អង់គ្លេស​បាន​យ៉ាង​ល្អ​

  • 2016-02-12 22:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“មាន​ពេល​មួយ​ខ្ញុំ​គិត​ថា ហេតុ​អ្វី​យើង​ត្រូវ​អាន​តែ​សៀវភៅ​ដែល​គេ​សរសេរ? ហេតុអ្វី​យើង​មិន​បង្កើត​សៀវភៅ​មួយ​ជា​របស់​ខ្លួន ដោយ​ប្រាប់​អ្វី​ដែល​ដឹង​ទៅ​អ្នក​ដទៃ ហើយ​សរសេរ​វា​ចេញ​មក​ឲ្យ​គេ​បាន​ដឹង​ផង?”​ នេះ​ជា​កា​លើក​ឡើង​របស់​យុវជន សុក ខៀវ​សមិទ្ធិ អ្នក​និពន្ធ​វ័យ​ក្មេង​ អាយុ​ទើប​១៥​ឆ្នាំ តែ​រូប​គេ​បាន​បង្កើត​ស្នាដៃ​សម្រាប់​ខ្លួន​ឯង​ដោយ​និពន្ធ​សៀវភៅ​ជា​ភា​សា​អង់គ្លេស​បាន​យ៉ាង​ល្អ។​

 

 

 

 

យុវជន​នេះ​កំពុង​សិក្សា​ថ្នាក់​ទី​៩​នៅ​សាលា​អន្តរជាតិ​ភ្នំពេញ ​និពន្ធ​សៀវភៅ​តាំង​ពី​អាយុ​១១​ឆ្នាំ ដែល​មក​ទល់​ពេល​នេះ​បាន​ចំនួន​៤​ក្បាល​រួម​មាន Midknight , Knightfall, Nikolai និង​ចុង​ក្រោយ​គឺ​សៀវភៅ The Wildland ។

 

រូប​គេ​បាន​ចំណាយ​ពេល​ជិត​១​ឆ្នាំ​ទៅ​លើ​ការ​តែង​និពន្ធ​រាល់​សៀវភៅ​នី​មួយៗ។ ជាក់​ស្ដែង សៀវភៅ The Wildland ជា​ប្រភេទ​​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ ដែល​សាច់​រឿង​កើត​ឡើង​នៅ​ក្នុង​ស.វ​ ទី​១៨ ដោយ​សរសេរ​ចេញ​ពី​ការ​គិត​ស្រមៃ និង​ភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន​ផ្ទាល់។

 

 

 

 

សមិទ្ធិ ថា​រូប​គេ​បាន​ចំណាយ​ទាំង​កម្លាំង​កាយ​និង​ចិត្ត​ពេល​និពន្ធ​សៀវភៅ ​ហើយ​ជួប​ការ​លំបាក​ខ្លះ​ៗ​ដោយ​សារ​មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់ តែ​រូប​គេ​សង្ឃឹម​ថា​សៀវភៅ​នេះ​ល្អ​ដល់​អ្នក​អាន និង​ជា​ទុន​ព្រម​ទាំង​ជា​ចំណេះដឹង​ដល់​មនុស្ស​គ្រប់​គ្នា។ ទន្ទឹម​នឹង​នេះ រូប​គេ​នឹង​បរិច្ចាគ​ប្រាក់​ដែល​បាន​ពី​ការ​លក់​សៀវភៅ​ទាំង​នេះ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​២៥% ផង​ដែរ។

 

 

សមិទ្ធិ ប្រាប់​ថា អ្នក​ណា​ក៏​អាច​សរសេរ​ឬ​និពន្ធ​អ្វី​ដែល​ចេញ​ពី​ការ​គិត​របស់​ខ្លួន​បាន​ដែរ។ នៅ​ពេល​មាន​គំនិត​ចង់​បង្កើត​ជា​សាច់​រឿង​អ្វី​មួយ​អាច​សរសេរ​ឲ្យ​គេ​ដឹង​បាន ​ហើយ​វា​ជា​ការ​ចែក​រំលែក​យ៉ាង​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ការ​ធ្វើ​អ្វី​មួយ​តែង​ជួប​ការ​លំបាក មិន​ថា​និពន្ធ​ចម្រៀង​ឬ​សៀវភៅ​នោះ​ទេ​គឺ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ ព្យាយាម​កុំ​បោះ​បង់ ព្រោះ​អ្នក​ណា​ក៏​ដោយ​​ពេល​ចាប់​ផ្ដើម​ធ្វើ​ដំបូង​គឺ​មិន​បាន​ល្អ​ឥត​ខ្ចោះ​ឡើយ តែ​បើ​បន្ត​ធ្វើ​នោះ​នឹង​បាន​ល្អ​ហើយ​​ល្បី​ល្បាញ​មិន​ខាន៕

 

 

 

 

អត្ថបទ៖ លឹម សុ​នា