កុំ​ភ្លេច​យប់​នេះ! ក្រុម​យក្ស​ Bayern នឹង​​ស្វាគមន៍​ Man City

  • 2014-09-17 23:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ធំ​មិន​អាច​រំលង​បាន​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​បាល់ទាត់​យប់​នេះ​ ក្រុម​យក្ស​នៅ​អាល្លឺម៉ង់​ Bayern Munich ​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Allianz Arena ​ស្វាគមន៍​​ក្រុម​យក្ស​នៅ​អង់គ្លេស​ Manchester City ក្នុង​ពានរង្វាន់​ UEFA Champions League ​នៅ​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ។

 
 

ជើង​កីឡាករ​

 

ចំពោះ ​Bayern Munich ​ការ​ប្រកួត​យប់​នេះ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដូចជា​ ខ្សែ​បម្រើ​ Bastian Schweinsteiger ​(របួស​ជង្គង់)​ ខ្សែ​ការពារ​ Rafinha (​របួស​ក​ជើង) ខ្សែ​បម្រើ​ Michell Weiser ​(របួស​ក​ជើង)​ ខ្សែ​បម្រើ​ Thiago Alcantara ​(របួស​ជង្គង់) ខ្សែ​ការពារ​ Holger Badstuber ​(របួស​សាច់​ដុំ​ភ្លៅ​ឆ្វេង) ​និង​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ Franck Ribery (​ដែល​មិន​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់) ។ ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​ស្លាប​​មុត​ស្រួច​ Arjen Robben ​នៅ​មិន​ទាន់​ដឹង​ថា​អាច​ចូល​លេង​បាន​ឬ​អត់​ទេ​នៅ​យប់​នេះ។

កីឡាករ​ដែល​អាច​ជាប់​ជម្រើស​១១​នាក់​ដំបូង​មាន​ដូចជា៖ Manuel Neuer, Philipp Lahm, Mehdi Benatia, Xabi Alonso, David Alaba, Thomas Muller, Mario Gotze, Arjen Robben និង​Robert Lewandowski។

 

ការ​ទៅ​សួរ​សុខទុក្ខ​ Bayern ​យប់​នេះ​ ក្រុម​ Manchester City ​​នឹង​អវត្តមាន​កីឡាករ​២​នាក់​គឺ​ខ្សែ​ការពារ​ Pablo Zabaleta ​(ជាប់​បម្រាម)​និង​ខ្សែ​ប្រយុទ្ធ​ Steven Jovetic មាន​របួស​សាច់​ដុំ​ភ្លៅ។ ខណៈ​ដែល​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Joe Hart, Gael Clichy, Martin Demichelis, Aleksandar Kolarov, Yaya Toure, Fernandinho, Samir Nasri, David silva, James Milner ​និង​ Edin Dzeko។

 

សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ​

 

លោក​ Josep Guardiola ​អ្នក​ចាត់​ការ​ក្រុម​ Bayern Munich ​បាន​និយាយ​ថា​៖ “យើង​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​លេង​នៅ​ Champions League។ ​យប់​នេះ​ក្រុម​យើង​នឹង​លេង​ទល់​នឹង​​ក្រុម​ខ្លាំង​ជាង​គេ​នៅ​ Premier League ​ហើយ ​ការ​ឈ្នះ​ប្រកួត​ដំបូង​គឺ​ជា​រឿង​សំខាន់​ណាស់។ ក្រុម​យើង​តែងតែ​ដើរ​ទៅ​មុខ​រហូត​ដូច​ដែល​បាន​ឃើញ​ស្រាប់​ហើយ​ក្រុម​យើង​តែងតែ​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ព្រ័ត្រ​រហូត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កីឡា​បាល់ទាត់​ដូច​កីឡាករ​ដទៃ​ទៀត​អីចឹង ​តែងតែ​មាន​ឈ្នះ​និង​ចាញ់ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន​ពី​វា”។​

 

ចំពោះ​ក្រុម​ Manchester City ​វិញ​ លោក​ Ruben Cousillas ដែល​ជា​ជំនួយ​ការ​អ្នក​ចាត់ការ​ក្លិប​​ បាន​និយាយ​ដែរ​ថា៖ “គ្រប់​រដូវ​កាល​យើង​ធ្វើ​បាន​ល្អ។ ក្រុម​យើង​នៅ​ក្នុង​ពូល​លំបាក​ជាង​គេ ប៉ុន្តែ​យើង​អាច​លេង​បាន​យ៉ាង​ល្អ។ ខ្ញុំ​ដឹង​ពី​ការ​ដឹកនាំ​និង​ភាព​ខ្លាំង​របស់​លោក​ Guardiola ​គាត់​ជា​អ្នក​ចាត់​ការ​អស្ចារ្យ​ម្នាក់។ យើង​ជឿជាក់​ថា​យើង​នឹង​ធ្វើ​បាន​ល្អ​នៅ​រដូវ​កាល​នេះ​ហើយ​យើង​មាន​កីឡាករ​ ល្អ​ៗ​ច្រើន​ដើម្បី​សម្រេច​រឿង​នេះ។​ Sergio Aguero ​គឺ ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់​ពិភពលោក ប៉ុន្តែ​យើង​មិន​មែន​លេង​តែ​កីឡាករ​ម្នាក់​នោះ​ទេ យើង​មាន​សមាជិក​ក្រុម​ខ្លាំង​ហើយ​ពួកគេ​នឹង​ជួយ​ក្លិប​សម្រេច​គោល​បំណង។ Bayern Munich ​នឹង​អវត្តមាន​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ពេល​ប្រកួត​យប់​នេះ ប៉ុន្តែ​ពួកគេ​ក៏​មាន​កីឡាករ​បម្រុង​ល្អ​ៗ​ដែរ”។

 

ប្រវត្តិ​ជួប​គ្នា​របស់​ក្រុម​ទាំង​ពីរ

 

Bayern Munich ​និង​ Manchester City ​នៅ ​ពូល​ជាមួយ​គ្នា​នេះ​ជា​លើក​ទី​៣​​​ក្នុង​៤​រដូវ​កាល​​ចុង​ក្រោយ​។ ចំពោះ​​ប្រវត្តិ​ជួប​គ្នា​​របស់​ក្រុម​ទាំង​ពីរ​គឺ​ឈ្នះ​២​ចាញ់​២​ដូច​គ្នា។

 

Bayern ​ឈ្នះ ​តែ​មួយ​ប្រកួត​គត់​ក្នុង​ដី​ខ្លួន​ឯង​ពេល​ជួប​ជាមួយ​ក្លិប​មក​ពី​ប្រទេស​ អង់គ្លេស​ពោល​គឺ​៥​ប្រកួត​ចុង​ក្រោយ​នេះ​ឈ្នះ​១​ចាញ់​២​និង​ស្មើ​២​ក្នុង​ ពាន​រង្វាន់​ Champions League។ ចំណែក​ការ​ឈ្នះ​របស់​ Manchester City ​វិញ​នៅ​រដូវ​កាល​មុន​គឺ​ជា​ការ​ឈ្នះ​៣​ដង​មក​ហើយ​ចំពោះ​ក្លិប​អង់គ្លេស​ទៅ​ប្រកួត​នៅ​ទឹក​ដី​ Allianz Arena ​បន្ទាប់​ពី​ក្លិប​ Norwich City ​ឈ្នះ​នៅ​ឆ្នាំ​១៩៩៣-១៩៩៤​ក្នុង​ពាន​រង្វាន់​ UEFA Cup ​និង​ Arsenal ​នៅ​ឆ្នាំ​២០១២-២០១៣ ​ក្នុង​ពាន​រង្វាន់​ Champions League។

 

១៨​រដូវ​កាល​មក​នេះ​ Bayern Munich ​អាច​មក​លេង​នៅ​ Champions League ​១៧​ដង​មក​ហើយ​ឡើង​លែង​តែ​រដូវ​កាល​២០០៧-២០០៨ ​ទេ​ដែល​ក្លិប​នេះ​មិន​បាន​លេង។ ស្រប​ពេល​ Man City ​វិញ​៤​ដង​ដែល​ក្លិប​នេះ​មក​លេង​នៅ​ Champions League ​ពួកគេ​មិន​ដែល​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទេ។ Man City ​តែង​តែ​រក​បាន​២​គ្រាប់​ក្នុង​ការ​ប្រកួត​៥​ដង​ចុង​ក្រោយ​នៅ​ Champions League។

 

ការ​ប្រកួត​រវាង​ក្លិប​យក្ស​ទាំង​ពីរ​ខាង​លើ​នេះ​ Sabay ​សូម​ព្យាករ​ថា​ Bayern Munich ២-១​ Manchester City

 

ដោយ​៖ សុខ មុន្នីរម្យ​ រូបថត​ផ្ដល់​សិទ្ធិ​ដោយ AFP

អត្ថបទថ្មី