ទៀង​មុំ​ សុធាវី និង ជិន វឌ្ឍនា អ្នក​នៅ​អាមេរិក​ទន្ទឹង​ផ្លូវ

  • 2014-10-23 21:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង និង​រដ្ឋ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក បាន​មូលមតិ​គ្នា​ឧបត្ថម្ភ​កញ្ញា ទៀង​មុំ ​សុធាវី និង​លោក ជិន វឌ្ឍនា តារា​ចម្រៀង​ប្រជាប្រិយ​ប្រចាំ​ផលិតកម្ម​រៃ​មាស និង​ផលិតកម្ម 4U នៅ​សហរដ្ឋ​អាមេរិក ឲ្យ​មក​ច្រៀង​នៅ​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​លោក Richchard Edward Mars អ្នក​រៀប​ចំ​កម្មវិធី​សិល្បៈ​របស់​សមាគមន៍ “American Southeast Asian Literary" នៅ​សហរដ្ឋ​អាមេរិក។

 

 

“និយាយ​ពី​ចាំ គឺ​ពួក​គេ​ទន្ទឹង​ចាំ​ច្រើន​មែន​ទែន​ប្អូន...គ្រប់​កម្មវិធី​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ឡើង​ច្រៀង ត្រឹម​ថ្ងៃ​នេះ លក់​សំបុត្រ​ដាច់​អស់​ហើយ អត់​មាន​សល់​មួយ​ទេ!"។ លោក Richchard បញ្ជាក់​ថា ចំពោះ​មូលហេតុ ដោយ​សារ​តែ​តារា​ចម្រៀង​ទាំង​ពីរ​មាន​ទឹក​ដម​សំឡេង​ពីរោះ ជា​ដៃគូ​ដ៏​ល្អ​ឥត​ខ្ចោះ ផ្សំ​នឹង​ពួក​គេ​និយម​ច្រៀង​តែ​បទ​ចម្រៀង​ពី​ដើម​ទៀត ដែល​ប្រជាជន​ខ្មែរ​នៅ​បរទេស​ចូល​ចិត្ត​បំផុត។

 

តប​នឹង​ការ​ទន្ទឹង​ចាំ​ផ្លូវ​នេះ កញ្ញា ទៀង​មុំ​ សុធាវី អតីត​តារា​ចំរៀង​ប្រចាំ​ផលិតកម្ម Blue Diamonds នៅ​កម្ពុជា និង​លោក ជិន វឌ្ឍនា បាន​ចូល​ស្ថានទូត​សហរដ្ឋ​អាមេរិក​ធ្វើ​បទ​សម្ភាសន៍​កាល​ពី​ម្សិលមិញ​នេះ។ជា​លទ្ធផល ពួក​គេ​ទទួល​បាន​ភ្លើង​ខៀវ​ហើយ។ លោក Richchard Edward Marsថ្លែង​ថា "ពួក​គេ​ត្រូវ​​មក​ដល់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី ២៩ តុលា​យ៉ាង​យូរ ព្រោះ​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា​ពួក​គេ​ត្រូវ​ចាប់​ផ្ដើម​ចេញ​សម្ដែង​នៅ​ទីក្រុង Denver រដ្ឋ Colorado”។

 

បន្ទាប់​ពី​ទីក្រុង Denver កញ្ញា ទៀង​មុំ ​សុធាវី និង​លោក វឌ្ឍនា នឹង​ត្រូវ​ចេញ​សម្ដែង​នៅ​ទីក្រុង និង​រដ្ឋ​ជា​ច្រើន​ទៀត​ដែល​មាន​ខ្មែរ​រស់​នៅ​ដូច​ជា៖ San Jose, Oakland, Stockton, San Diego, Massachusetts , Lowell, Lynn, Pennsylvania , Philadelphia, Portland, Maryland City, Maryland, Phoenix,  Arizona និង Chicago ជា​ដើម។

 

តាម​ការ​ព្រម​ព្រៀង តារា​ចម្រៀង​និយម​ច្រៀង​បទ​ពី​ដើម​ទាំង​ពីរ​រូប​នេះ​នឹង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​៣​ខែ ដើម្បី​ច្រៀង​កំដរ​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​នា​ចុង​ឆ្នាំ ២០១៤ នេះ។ រហូត​ដល់ ដើម​២០១៥ ទើប​ពួក​គេ​ត្រូវ​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ យ៉ាង​ណា​អ្នក​រៀប​ចំ​កម្មវិធី លើក​ឡើង​ថា ផែន​ការ​វិល​ត្រឡប់​របស់​ពួក​គេ​ទាំង​ពីរ​អាច​ផ្លាស់​ប្ដូរ ប្រសិន​បើ​មាន​ការ​គាំទ្រ​ច្រើន៕

 

 

កញ្ញា ទៀង​មុំ សុធាវី និង​លោក ជិន វឌ្ឍនា

 

អត្ថបទ​ពាក់​ព័ន្ធ​នឹងជុំវិញ​សិល្បៈ​ជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ​ពាក់​ព័ន្ធ​នឹង​បញ្ហាតារាជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី