ការ​សិក្សា​៖ ​ការ​​នៅ​​​ស្ងៀម​ស្ងាត់​​​​​ ល្អ​សម្រាប់​ខួរ​ក្បាល

  • 2016-03-14 20:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវភាព​រស់​នៅ​​ថ្ងៃ​​មនុស្ស​ជា​ច្រើន​តែង​នៅ​ក្បែរ សំឡេង​​ទូរសព្ទ តន្ត្រី វិទ្យុ​ ទូរទស្សន៍ និង​សំឡេង​ជា​ច្រើន​ទៀត ដែល​ពេល​ខ្លះ​វា​​​ជា​សំឡេង​រំខាន។ ​​តាម​រយៈ​​លទ្ធផល​​ស្រាវជ្រាវ​មួយ​ចំនួន​​​​នៃ​​សកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា​ការ​​នៅ​ស្ងៀម​ស្ងាត់​​ចាក​ឆ្ងាយ​ពី​សំលេង​រំខាន​រយៈ​ពេល​ខ្លី​​ណា​មួយ​អាច​ជួយ​សុខភាព​បាន​មួយកម្រិត​​​​។ តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​ Huffingtonpost របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ដូច​ខាង​ក្រោម៖​​​​

 

*នៅ​ស្ងៀមស្ងាត់​​ជួយ​​បន្ថយ​ស្រ្តែស​​និង​​អារម្មណ៍​តាន​តឹង

​យោង​​តាម​​កំណត់​ហេតុ​​​​​មួយ​សរសេរ​​​ឡើង​​ដោយ​ អ្នក​គ្រូ​ពេទ្យ​​អង់គ្លេស​ Florence Nightingale ​នា​សតវត្ស​​ទី​​​១៩ បាន​ឲ្យ​ដឹង​ថា សំឡេង​រំខាន​​​គឺ​ជា​​​​កត្តា​មួយ​ធ្វើ​​​ឲ្យ​​អ្នក​ជំងឺ​កាន់​តែ​ដុន​ដាប។​ វា​អាច​បង្ក​ឲ្យ​​​អ្នក​ជំងឺ​មាន​ទុក្ខ​ព្រួយ គេង​មិន​លក់ និង​​​​​ភ័យ​តក់​ស្លុត ជា​ពិសេស​សម្រាប់​អ្នក​​ទើប​នឹង​ជា​ពី​ជំងឺ​។

 

យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​ បាន​ឲ្យ​ដឹង​ថា ​កម្រិត​សំឡេង​​​រំខាន​​ខ្ពស់​​​ ​អាច​​ជំរុញ​ឲ្យ​កោសិកា​ប្រសាទ​Amygdala បញ្ចេញ​​អ័រម៉ូន​​ ស្ត្រែស​ Cortisol ធ្វើ​ឲ្យ​មាន​អារម្មណ៍​​កើន​ឡើង​ខ្លាំង និង​បង្ក​ឲ្យ​​មាន​សំពាធ​​ឈាម​ខ្ពស់​​​ព្រម​ទាំង​​​​បណ្ដាល​​ឲ្យ​​កើត​មាន​​ជំងឺ​គាំង​បេះដូង​ផង​ដែរ​។ ​​តាម​ការ​ស្រាវជ្រាវ​មួយ​​​​​ក្នុង​ឆ្នាំ​២០០៤ ដោយ​លោក​វេជ្ជបណ្ឌិត​ Craig Zimring ផ្នែក​​បរិស្ថាន​និង​ចិត្តវិទ្យា​នៃ​វិទ្យាស្ថាន​​បច្ចេកវិទ្យា​​រដ្ឋ​ Georgia សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា សំឡេង​​​រំខាន​អាច​បង្ក​ឲ្យ​កើន​សំពាធ​ឈាម​ អត្រា​ចង្វាក់​​បេះ​ដូង​លោត​ខ្លាំង និង​​​​ធ្វើ​ឲ្យ​ផ្លាស់​​ប្ដូរ​ទម្លាប់​គេង​អ្នក​ជំងឺ​(រំខាន​ដំណេក)។

 

ទោះ​ជា​យ៉ាង​ណា ការ​ស្រាវជ្រាវ​​​បង្ហាញ​ថា​ការ​នៅ​ស្ងៀមស្ងាត់​​​​គឺ​មាន​​ឥទ្ធិពល​ផ្ទុយ​ពី​នោះ​។ លទ្ធ​ផល​ការ​ស្រាវ​ជ្រាវ​មួយ​​នៅ​​​ឆ្នាំ​២០០៦​ ចុះ​ផ្សាយ​​ក្នុង​ទស្សនាវដ្ដី​សុខភាព​បេះ​ដូង​ បាន​ឲ្យ​ដឹង​ថា ការ​​​នៅ​សម្រាក​សមាធិ​​រយៈ​​ពេល​ ពីរ​នាទី​​គឺ​​ធ្វើ​ឲ្យ​​មនុស្ស​មាន​ភាព​លំហែ ប្រសើរ​ជាង​ការ​ស្ដាប់​តន្ត្រី​សម្រួល​អារម្មណ៍​​ ដោយ​យោង​ទៅ​តាម​ការ​សង្កេត​​លើ​​សំពាធ​ឈាម​និង​​ចលនា​ឈាម​នៅ​ក្នុង​ខួរ​ក្បាល។

 

*នៅ​ស្ងៀម​ស្ងាត់​​អាច​​​​បង្កើត​កោសិកា​ខួរ​ក្បាល​ឡើង​វិញ​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ឆ្នាំ​២០១៣ លទ្ធផល​ការ​ស្រាវជ្រាវ​មួយ​ទៅ​លើ​សត្វ​កណ្ដុរ​​ ក្នុង​ទស្សនាវដ្ដី​សុខភាព​ខួរ​ក្បាល ដោយ​បាន​សិក្សា​អំពី​ទម្រង់​ និង​ដំណើរ​ការ​​​ខួរ​ក្បាល​ពាក់ព័ន្ធ​នឹង​​​​​ឥទ្ធិពល​សំឡេង​នៅ​ជុំ​វិញ​។ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ សកម្មភាព​នៅ​​​ស្ងៀម​ស្ងាត់​​​​រយៈ​ពេល​ពីរ​ម៉ោង​របស់​សត្វ​កណ្ដុរ ធ្វើ​ឲ្យ​​​មាន​ការ​អភិវឌ្ឍ​កោសិកា​​ថ្មី​​​​លើ​​ បន្ទះ​ Hippocampus (សរសៃ​ម៉្យាង​ក្នុង​ខួរ​ក្បាល​ ពាក់ព័ន្ធ​និង​​​ការ​ចង​ចាំ ការ​រៀន​ និង​អារម្មណ៍)។

*ការ​សមាធិ​ស្ងៀមស្ងាត់​បំពេញ​ថាមពល​ខួរ​ក្បាល​​

យោង​តាម​​ទស្សនាវដ្ដី​បរិស្ថាន​ចិត្តសាស្ត្រ​​ ចេញ​ផ្សាយ​ដោយ​​សកលវិទ្យាល័យ​ Michigan សហរដ្ឋអាមេរិក​ សិក្សា​ពី​ទ្រឹស្ដី​ប្រមូល​អារម្មណ៍​​​​​របស់​មនុស្ស​​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​​​មនុស្ស​​នៅ​ក្នុង​បរិស្ថាន​មួយ​​ដែល​មាន​​​ការ​ប៉ះ​ពាល់​លើ​វិញ្ញាណ​ទាប​ជាង​ធម្មតា តួយ៉ាង​ការ​នៅ​​សង្រួមស្មឹងស្មាធិ៍​​​ ឬ​ដើរ​​​តែ​ម្នាក់​​ឯង​នៅ​ទី​​កន្លែង​ធម្មជាតិ​ណា​មួយ នោះ​ថាមពល​ខួរ​ក្បាល​នឹង​កើត​ឡើង​វិញ​​​៕

 

ចុចអាន៖ ការ​មើល​រូប​ថត​ចាស់​ៗរំលឹក​អនុស្សាវរីយ៍​ អាច​ជួយ​​សុខភាព​ផ្លូវ​ចិត្ត​បាន​ច្រើន​យ៉ាង

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ huffingtonpost​​​

​​​​​