មាស សុខ​រតនៈ៖ "ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍​ ជា​ភស្តុតាង​ការវិវឌ្ឍន៍ ​ជា​វិជ្ជមាន ​នៃ​ចម្រៀង​សម័យ”

  • 2016-03-16 02:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស សុខ​រតនៈ អ្នក​ចាត់ការ​ទូទៅ​​ផលិតកម្ម​ថោ​ន បាន​ប្រាប់ ​Sabayថា បទ​ចម្រៀង​ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍ គ្រាន់តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ ​សម្រាប់​ការ​បញ្ជាក់​អោយ​ជនរួមជាតិ​ដឹង​ពី​ការ​ងើបឡើង​យ៉ាង​ត្រដែត​របស់​សិល្បៈ​តន្ត្រី ​originalខ្មែរ។

 

“ខ្ញុំ​យល់ថា Sabayបាន​ឃើញ​ហើយពី​ការ​ខិតខំ​របស់​យើង ក្នុង​ការ​ជួយ​សិល្បៈ​សម័យ មិន​ថា​ផ្នែក​បទ​ភ្លេង​ថ្មី អត្ថន័យ​អត្ថរូប និង​ អត្ថរស​ដែល​សង្ឃឹម​នាំទៅ​ដ​ដល់​ការ​កែ​ប្រែ​ទស្សនៈ​អវិជ្ជមាន ភាព​អគតិ​ទៅលើ​មន្ត្រីរាជការ​កងកម្លាំង​សណ្ដាប់ធ្នាប់​ដែល​បាន​ពលិកម្ម​ក្នុង​វិជ្ជាជីវៈ​ហើយ​ភាគច្រើន​ត្រូវ​បាន​មើល​រំលង” លោក​និយាយ​ដូច្នេះ​មកកាន់ ​Sabay នៅ​ខណៈ​ដែល បទ​ចម្រៀង​ចេញ​ជា​ MVមិន​ដល់​ប៉ុន្មាន​ម៉ោង​ក៏​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​គ្រប់​ស្រទាប់​អ្នកទស្សនា។

 

 

 

អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​ទៀត​ថា៖ “អ្នកនិពន្ធ ​យឹម តា​ស្រង់​ ដ៏​ឆ្នើម​របស់​យើង បាន​ប្រើប្រាស់​ពេលវេលា​ត្រិះរិះ ស្វែងយល់​សាកសួរ និង​ចងក្រង​នូវ​បទ​និពន្ធ​ដ៏​មាន​អត្ថន័យ​នេះ​ឡើង! ហើយ​នេះ​ជា​មោទនភាព​សម្រាប់​ផលិតកម្ម ក៏ដូចជា​មោទនភាព​សម្រាប់​សិល្បៈ​ខ្មែរ​ទាំងមូល”។

 

បទ​ចម្រៀង ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍ បាន​ចេញ​នៅ​ឆ្នាំ ២០១៥ ច្រៀង​ដោយ ​កញ្ញា សាយ​ចៃ ហើយ​ត្រូវ​បាន​ផលិត​ជា​ MVចប់​សព្វគ្រប់​នៅ​ខែ កុម្ភៈ ​ឆ្នាំនេះ ព្រមទាំង​ដាក់​បង្ហាញ​ចេញ​នៅ​ខែ​មីនា​សប្ដាហ៍​កន្លងទៅ។

 

លោក មាស ​សុខ​រតនៈ​ បាន​បន្ថែម​ទៀត​ថា អ្នកដឹកនាំ​រឿង​វ័យក្មេង​ដ៏​មាន​កេរ្តិ៍ឈ្មោះ​របស់​ផលិតកម្ម​ថោន គឺ លោក​ ប៊ុន រតនា ហៅ​សេម បាន​សម្រិតសម្រាំង​រូបភាព ទស្សនវិជ្ជា​នៅ​ក្នុង​ផ្ទាំង​និមួយៗ​របស់​ MVនេះ​ដោយ​យកចិត្តទុកដាក់ ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅ​នឹង​អត្ថន័យ​បទ​និពន្ធ​ព្រមទាំង​ឆ្លុះបញ្ចាំង​ពី​ការពិត​ក្នុង​សង្គម​រស់នៅ។

 

“សេម​គាត់​ជា​Director ដ៏​មាន​សមត្ថភាព និង​មនសិការ​សង្គម! ការងារ​បែបនេះ​បើ​មិន​យក​បេះដូង​ទៅ​ធ្វើ គឺ​ធ្វើ​មិន​ចេញ​មក​ល្អ​បែប​នេះ​ឡើយ! ខ្ញុំ មាន​មោទនភាព​ក្នុង​ការ​រួម​ការងារ​ជាមួយ​យុវវ័យ​ទាំងពីរ​ហើយ​សង្ឃឹមថា​ស្នាដៃ​ក្រោយៗ​របស់​គាត់​នឹង​រួមចំណែក​ធំធេង​ជាង​នេះ​ក្នុង​ការ​បង្កើត​ទស្សនៈ​វិជ្ជមាន​ក្នុង​សង្គម​យើង!!”៕

 

 

 

 

កាលពី​ពេល​ថ្មីៗ​នេះដែរ សម្ដេ​ច​​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហោះ​សារ​មួយ​នៅ​លើ​គណនី ហ្វេសបុក​ ផេក របស់​សម្ដេច​ ដោយ​បាន​​សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​បាត់​បង់​មន្រ្តី​នគរបាល​ម្នាក់​ និង បាន​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​សព ព្រម​ទាំង​បាន​ជ្រើស​រើសបទ "ពុក​ខ្ញុំ​ជា​ប៉ូលិស​ចរាចរណ៍" ចែក​ជូន​ជនរួម​ជាតិ​ ដែល​ជា​ផ្នែក​មួយ​ដាស់​អារម្មណ៍​ដល់​មហាជន​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផង និង ឲ្យ​តម្លៃ​នគរបាល​ចរាចរណ៍​ផង៕

 

ដោយ៖ ប៊ិន ប៊ុណ្ណា