បាល់ទះ​​ឆ្នេរខ្សាច់​ត្រៀម​ខ្លួន​ទៅ​ប្រកួត​​ជើង​ឯក​អាស៊ី នៅ​ថៃ

  • 2014-10-25 15:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​ឆ្នេរខ្សាច់​របស់​កម្ពុជា កំពុង​តែ​សំងំ​ហ្វឹកហាត់​នៅ​​​ឆ្នេរ​ខ្សាច់​ខេត្ត​កែប ដើម្បី​ត្រៀម​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Asian Beach Games លើក​ទី ៤ ដែល​រៀបចំ​នៅ​​ទីក្រុង​ភូកេត ប្រទេស​ថៃ ក្នុង​ខែ វិច្ឆិកា ខាង​មុខ។

 

ទិដ្ឋភាព ហ្វឹកហាត់របស់​កីឡាករ (រូចថត៖ NOCC)

 

លោក ជុំ រដ្ឋា គ្រូបង្វឹក កីឡាបាល់ទះ​ឆ្នេរខ្សាច់​​កម្ពុជា កំពុង​តែ​ដឹកនាំ​កីឡាករ ៤ នាក់​ ចែក​ជា ២ ក្រុម​​ទៅ​ហ្វឹកហាត់​លើ​ឆ្នេរ​ពិត ទាំង​ទ្រឹស្ដី និង ការ​អនុវត្តន៍ ស្រប​ពេល​កីឡាករ ២ នាក់​គឺ​ ស៊ឹម ឃ្លោក និង កីឡាករ លឹម សំអាត មាន​ឈ្មោះ​ចេញ​ទៅ​ក្រៅ​ប្រទេស​ជើង​នេះ។

 

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក ធ្លាប់​វាយ​តម្លៃ​ថា ក្រុម​បាល់ទះ​ឆ្នេរខ្សាច់​របស់​កម្ពុជា អាច​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​ទ្វីប​អាស៊ី មួយ​ចំនួន​​បាន បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​នៅ​ពាន​រង្វាន់​កីឡា​ទ្វីប​អាស៊ី Asian Games នៅ​ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ខែ មុន​រួចរាល់ មាន​ឈ្នះ និង មាន​ចាញ់ ទោះ​មិន​បាន​ដណ្ដើម​មេដាយ​កាល​នោះ​ក៏​ដោយ។

 

 តាម​គម្រោង​ ពាន​រង្វាន់ Asian Beach Games លើក​ទី ៤ ក្នុង​ឆ្នាំ ២០១៤ នេះ​​ នឹង​រៀបចំ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ២៣ ខែ​វិច្ឆិកា ឆ្នាំ ២០១៤ ដោយ​មាន​ប្រទេស​ចំនួន ៤៥ ក្នុង​ទ្វីប​អាស៊ី ចូលរួម​ប្រកួត៕

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទពេញនិយម