មិត្តភ័ក្ដិ​ស្រឡាញ់​គ្នា​យល់​ចិត្ត​ថ្លើម គួរ​ធ្វើ​ជំនួញ​រួម​គ្នា​ដែរ​ឬ​អត់?

  • 2016-03-21 16:45:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គាត់​​ជា​មិត្ត​ល្អ​បំផុត​របស់​អ្នក ដែល​ធ្លាប់​តែ​ដើរ​ផ្សារ​ជាមួយ​គ្នា ធ្វើ​ការ​ឬ​រៀន​ជាមួយ​គ្នា រស់​នៅ​ផ្ទះ​ជាមួយ​គ្នា និង​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​គ្នា ​ប៉ុន្តែ​តើ​គួរ​ចាប់​ផ្ដើម​មុខ​ជំនួញ​ជាមួយ​គាត់​ទេ? គួរ​ឬ​មិន​គួរ​ អ្នក​អាច​សម្រេច​ចិត្ត​បាន ក្រោយ​ពី​ឆ្លើយ​សំនួរ​សំខាន់​ៗ​ចំនួន ៤​ខាង​ក្រោម​នេះ៖

 

 

១. តើ​អ្នក​និង​គាត់​ឲ្យ​និយមន័យ​ "ជោគជ័យ" ដូច​គ្នា​ដែរ​ឬ​ទេ?

 

អ្នក​អាច​នឹង​មាន​គំនិត​ខុស​គ្នា​ស្រឡះ​អំពី​អ្វី​ដែល​អ្នក​ចង់​បាន​ក្នុង​មុខ​ជំនួញ​ ប្រសិន​បើ​គោលដៅ​រយៈ​ពេល​វែង​របស់​អ្នក​ទាំង​ពីរ​ខុស​គ្នា ហើយ​វា​នឹង​ពិបាក​បំផុត​ក្នុង​ការ​ផ្លាស់​ប្ដូរ​ការ​គិត​របស់​អ្នក​និង​​គាត់​ឲ្យ​ត្រូវ​គ្នា​វិញ។ អ្នក​និង​គាត់​ត្រូវ​ពិភាក្សា​គ្នា​ឲ្យ​ច្បាស់​សិន​ថា​តើ​អ្នក​កំណត់​គោលដៅ​បែប​ណា​សម្រាប់​មុខ​ជំនួញ​នោះ ហើយ​អ្នក​ចង់​បាន​អ្វី​ខ្លះ​ពី​វា ក៏​ដូច​ជា​ថា​តើ​អ្នក​ទាំង​ពីរ​មាន​ឆន្ទៈ​កម្រិត​ណា​ក្នុង​ការ​សម្រេច​គោលដៅ​នោះ។

 

២. ទុក​ចិត្ត​គ្នា​ទេ?

 

ទំនុក​ចិត្ត​គឺ​ជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន មិន​ថា​សម្រាប់​មិត្ត​ភាព ឬ​ការ​ធ្វើ​ជំនួញ។ ការ​ជឿ​ទុក​ចិត្ត​លើ​ដៃ​គូ​ជំនួញ​គឺ​ជា​រឿង​ចាំ​បាច់ ជា​ពិសេស​ដោយ​ការ​ចាប់​ផ្ដើម​ជំនួញ​​ជា​ការ​ប្រថុយប្រថាន​រឿង​លុយ​កាក់ ហើយ​អ្នក​ត្រូវ​ដឹង​ថា​ដៃ​គូ​របស់​អ្នក​នឹង​មាន​ភាព​ស្មោះត្រង់​យ៉ាង​ណា​សម្រាប់​ការ​បែង​ចែក​ផល​ប្រយោជន៍​ទទួល​បាន​ពី​មុខ​ជំនួញ​ទាំង​នោះ។​

 

៣. ​ទទួល​បាន​ទេ​បើ​មិត្តភាព​របស់​អ្នក​ត្រូវ​បាត់បង់​ដោយ​សារ​មុខ​ជំនួញ?

 

ពេល​ជា​មិត្តភ័ក្ដិ តើ​អ្នក​អាច​ដោះ​ស្រាយ​ជម្លោះ​តូច​ៗ​ជាមួយ​គ្នា​ដោយ​រហ័ស​និង​ងាយ​ស្រួល​បាន​ទេ? ប្រសិន​បើ​អត់​ទេ អ្នក​ប្រហែល​ជា​មិន​គួរ​ចាប់​ផ្ដើម​មុខ​ជំនួញ​ជាមួយ​គ្នា​ឡើយ។ អ្នក​នឹង​ជួប​ប្រទះ​ផល​ពិបាក​ជា​ច្រើន​ចៀស​មិន​ផុត​នៅ​ពេល​ចាប់​ផ្ដើម​មុខ​ជំនួញ​ថ្មី ហើយ​នឹង​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ឈ្លោះ​គ្នា​ដោយ​សារ​រឿង​តូច​ៗ​ជា​ច្រើន។ ជា​រឿង​សំខាន់ អ្នក​ត្រូវ​ដឹង​ថា​ចំណង​មិត្តភាព​របស់​អ្នក​អាច​នឹង​រង្គោះរង្គើ​ ប្រសិន​បើ​មាន​អ្វី​មួយ​ដំណើរការ​មិន​ល្អ​ក្នុង​មុខ​ជំនួញ។ ដូច្នេះ​អ្នក​ទាំង​ពីរ​ត្រូវ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​សិន ថា​នេះ​ជា​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​ប្រថុយ​ដែរ​ឬ​ទេ?

 

៤. តើ​អ្នក​ទាំង​ពីរ​នឹង​អាច​ជួយ​អ្វី​ខ្លះ​ក្នុង​មុខ​ជំនួញ​នោះ?

 

កុំ​ចាប់​ផ្ដើម​មុខ​ជំនួញ​ជាមួយ​មិត្ត​របស់​អ្នក​ដោយ​សារ​អ្នក​ចូលចិត្ត​ដើរ​លេង​ជាមួយ​គ្នា ធ្វើ​ការ​ជាមួយ​គ្នា​រាល់​ថ្ងៃ ឬ​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ។ អ្នក​គួរ​ចាប់​ផ្ដើម​មុខ​ជំនួញ​មួយ​ជាមួយ​មិត្តភ័ក្ដិ នៅ​ពេល​អ្នក​ទាំង​ពីរ​មាន​អ្វី​មួយ​អស្ចារ្យ​សម្រាប់​មុខ​ជំនួញ​នោះ គឺ​ថា​ជំនាញ​របស់​អ្នក​គួរ​តែ​អាច​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចំណុច​ខ្សោយ​របស់​អ្នក​គួរ​តែ​ជា​ចំណុច​ខ្លាំង​របស់​គាត់ ៕​​

 

ចុចអាន៖គន្លឹះ​​៧​យ៉ាង​​ ​ដើម្បី​បង្កើត​​​​អាជីវកម្ម​មួយ​ ខណៈ​​កំពុង​ធ្វើ​​ការ​ឲ្យ​គេ

ចុចអាន៖ហេតុផល​​១០យ៉ាង​ ​ធ្វើ​ឲ្យ​​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ careergirldaily