FlyDubai នឹង​បង់​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​ធ្លាក់​យន្ត​ហោះ​នៅ​រុស្ស៊ី​​​​​ ក្នុង​មួយ​គ្រួសារ​២​ម៉ឺន​ដុល្លារ​​

  • 2016-03-21 20:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ឧបទ្ទវហេតុ​​​ធ្លាក់​​​ផ្ទុះ​ឆេះ យន្តហោះ​ Boeing 737-800  របស់​ជើង​ហោះ​ហើរ​ Flydubai FZ981 ​​​ពេល​ត្រៀម​​ចុះ​ចត​​នៅ​​​ភាគ​ខាង​ត្បូង​​ទី​ក្រុង​ Rostov-on-Donប្រទេស​រុស្ស៊ី​បាន​កើត​​​ឡើង​។ Flydubai ដែល​ជា​​ជើង​ហោះ​ហើរ​​​គ្រប់​គ្រង​​ដោយ​រដ្ឋាភិបាល​​ប្រទេស​អារ៉ាប់​រួម​​បាន​ប្រកាស​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចុង​ក្រោយ​របស់​ខ្លួន​ថានឹង​បង់​ឲ្យ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក្នុង​មួយ​គ្រួសារ​​ជា​ទឹក​ប្រាក់​ចំនួន​២​ម៉ឺន​ដុល្លារ។​​​

 

​តាម​សារព័ត៌មាន Khaleetimes “ មក​ទល់​ពេល​នេះ​ អ្វី​ដែល​ពួក​យើង​អាច​ធ្វើ​បាន​​គឺ​រក​អត្តសញ្ញាណ​​និង​ទំនាក់​ទំនង​ទៅ​គ្រួសារ​ជន​រង​គ្រោះ​​​​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ហេតុ​ការណ៍​​នោះ​ និង​ផ្ដល់​ជំនួយ​​​ដល់​ពួក​គេ​ដែល​រង​​ផល​ប៉ះ​ពាល់​ពី​​គ្រោះ​ថ្នាក់​។ Flydubai នឹង​​រៀប​ចំ​​​បន្ថែម​កម្មវិធី​​​ជូន​​ប្រាក់​ទៅ​គ្រួសារ​ពួក​គេ​ ក្នុង​មួយ​គ្រួសារ​ ២​ម៉ឺន​ដុល្លារ​​​អាមេរិក​​ ដោយ​យោង​តាម​​​គិត​តាម​ស្ថានភាព​ជាក់​ស្ដែង និង​តម្រូវ​ការ​​ផ្នែក​ហិរញ្ញវត្ថុ​ជា​បន្ទាន់"។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយ​ការណ៍​ចុង​ក្រោយ​របស់ Flydubai កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

 

ចំពោះ​ស្ថាន​ភាព​​​ពី​​ការ​ស៊ើប​​អង្កេត​​​លើ​​​​យន្តហោះ Boeing 737-800 ឯ​​ណោះ​វិញ បើ​តាម​លោក​ Vladimir Markinអ្នក​នាំ​ពាក្យ​នៃ​​គណៈកម្មាធិការ​​ស៊ើប​អង្កេត​ប្រទេស​រុស្ស៊ី​ បាន​ឲ្យ​ដឹង​ថា មក​ទល់​នេះ​អ្នក​ជំនាញ​​បាន​រក​​ឃើញ​​ឧបករណ៍​ថត​សំឡេង​សន្ទនា​និង​​ទិន្នន័យ​ក្នុង​​បន្ទប់​អ្នក​បើក​យន្តហោះ​ ​ព្រម​ទាំង​ប្រអប់​ខ្មៅ​ ដែល​មាន​សភាព​ខូច​ខាត​ច្រើន ប៉ុន្តែ​ជា​​​ទិន្នន័យ​ដ៏​សំខាន់​ និង​កំពុង​ស្វែង​រក​ ឧបករណ៍​ថត​ទិន្នន័យ​​មួយ​​​ផ្សេង​ទៀត​។

 

ប្រអប់ខ្មៅយន្តហោះ Boeing 737-800
 

​តាម​​​ក្រុម​ស៊ើប​អង្កេត​​​កំពុង​ពិចារណា​លើ​ករណី​យន្តហោះ​ធ្លាក់​ខាង​លើ ថា​អាច​កើត​​ឡើង​ដោយ​សារ​បញ្ហា​បច្ចេកទេស​​របស់​ភីឡុត​​​​ពេល​ជួប​នឹង​បញ្ហា​អាកាស​ធាតុ​មិន​អំណោយ​ផល​​ក្នុង​ការ​ចុះ​ចត ឬ​​មក​ពី​បញ្ហា​ម៉ាស៊ីន​យន្តហោះ។​​​​​

 

គួរ​រំលឹក​ផង​ដែរ​ថា យន្តហោះ Boeing 737-800  បាន​ធ្វើ​ដំណើរ​ពី​ទី​ក្រុង​ Dubai ឆ្ពោះ​ទៅ​ព្រលាន​យន្ត​ហោះ​ Rostov-on-Don ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បែរ​ជា​​ជួប​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ពេល​ចុះ​ចត​វេលា​ម៉ោង​៣:៥០​ព្រឹក​ ​កាល​ពី​ថ្ងៃ​សៅរ៍​ (ម៉ោង​នៅ​រុស្ស៊ី) ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​សរុប​៦២​នាក់ ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​អ្នក​ស្លាប់​៦២​នាក់​ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​អ្នកដំណើរ​សរុប​​៥៥​នាក់ ​ភាគ​ច្រើន​ជា​ជន​ជាតិ​រុស្ស៊ី ជន​ជាតិ​អ៊ុយក្រែន​៨​នាក់ ឥណ្ឌា​២​នាក់ អ៊ូបេគីស្ថាន​១​នាក់ ក្នុង​នោះ​មាន​ក្មេង​៤​នាក់ រួម​ទាំង​អាកាសយានិក​៧​នាក់​ផង​ដែរ ​បាន​បាត់​បង់​ជីវិត​​ទាំង​អស់៕ ​​

 

 
 
 

ភីឡុតAristos Sokratous (ឆ្វេង)​និង​ ជំនួយការ​ Alejandro Álava Cruz

  ចុចអាន៖  ពាក្យ​ចុង​ក្រោយ​របស់​ភីឡុត ដែល​បញ្ជា​យន្ត​ហោះ​ធ្លាក់​នៅ​រុស្ស៊ី

​​​​​​​​​ ​​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ khaleejtimes, dailymail

​​​​​​​​​​​

អត្ថបទពេញនិយម