ម្ដាយ​គំរាម​កាត់កាល​កូន​​ស្រី​ចោល​ព្រោះ​​​កែ​មុខ​២០​ដង​ឲ្យ​ដូច​ Fan Bingbing

  • 2016-03-29 15:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ម្ដាយ​ជនជាតិ​ចិន​មួយ​រូប​​​បាន​គំរាម​កាត់​កាល់​កូន​ស្រី​ចោល​ក្រោយ​ពេល​យំ​ឡើង​អស់​ទឹក​ភ្នែក​នៅ​តែ​មិន​អាច​បញ្ឈប់​នាង​ពី​ការ​ញៀន​កែ​សម្ផស្ស​បាន។

 

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន Tencent អ្នក​ម្ដាយ​អាយុ​៦១​ឆ្នាំ​មួយ​រូប​បាន​ព្រួយ​បារម្ភ​ពី​កូន​ស្រី​ដែល​វក់​នឹង​ការ​កែ​សម្ផស្ស​ខ្លាំង​ពេក​ដល់​ថ្នាក់​បាន​គំរាម​កាត់កាល់​នាង​ចោល​នៅ​ចំពោះ​មុខ​ទស្សនិកជន​ជា​ច្រើន​ក្នុង​កម្មវិធី​ទូរទស្សន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នេះ។

 

 

អ្នក​ម្ដាយ​វ័យ​ចំណាស់​​បាន​និយាយ​ទៅ​កាន់​អ្នក​មាន​មុខ​ក្នុង​កម្មវិធី​ថា៖ "រាល់​ពេល​ដែល​ខ្ញុំ​មើល​មុខ​​កូន​​ស្រី នាង​មើល​ទៅ​ប្លែក​ជាង​មុន​រហូត។ ឥលូវ​នេះ សូម្បី​តែ​ខ្ញុំ​ជា​ម្ដាយ​នាង​ទៅ​ហើយ នៅ​មើល​​នាងមិន​ចង់​ស្គាល់​ផង។ ទម្រង់​មុខ​របស់​កូន​ស្រី​ខ្ញុំ​នៅ​ពេល​នេះ គឺ​ខុស​ពី​មុន​ទាំង​ស្រុង។ អ៊ំស្រី​របស់​នាង​ទាំង​អស់​សុទ្ធ​តែ​​​បាន​និយាយ​ថា​នាង​មើល​ទៅ​ដូច​បិសាច។ តើ​មិន​ឲ្យ​ខ្ញុំ​បារម្ភ​យ៉ាង​ម៉េច​ទៅ?”​​​

 

 

ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​​ក្រោយ​នេះ Yu Ning បាន​ចំណាយ​លុយ​ជាង​១៧​ម៉ឺន​ដុល្លារ​ដើម្បី​ការ​វះកាត់​​តូច​ធំ​ចំនួន​២០​ដង។ បំណង​ប្រាថ្នា​របស់​នាង​នៅ​ពេល​ឆ្លង​កាត់​មុខ​កាំបិត​នេះ​ចង់​ឲ្យ​មុខ​ខ្លួន​​ស្អាត​ដូច​តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing ហើយ​មិត្តភ័ក្ដិ​របស់​នាង​បាន​ប្រាប់​ថា​ឥលូវ​នេះ​នាង​ស្អាត​ហើយ​គួរ​តែ​បញ្ឈប់​ទង្វើ​នេះ​ទៅ តែ​នាង​នៅ​តែ​មិន​ស្ដាប់។

 

 

នារី​អាយុ​២៩​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ទៅ​កាន់​ទស្សនិកជន​ថា​ការ​កែ​កុន​​ដែល​នាង​ធ្លាប់​ឆ្លង​កាត់​រួម​មាន​​​អារ​ថ្គាម​ឲ្យ​ស្រួច​ចេញ​​​ទម្រង់ V line ដាក់​ខ្ទង់​ច្រមុះ និង​កាត់​ត្របក​ភ្នែក​២​ជាន់។ យ៉ាងណាក៏ដោយ Yu Ning មិន​ទាន់​ពេញ​ចិត្ត​នឹង​​សម្រស់​ដែល​ខ្លួន​មាន​សព្វ​ថ្ងៃ​នោះ​ទេ​ដោយ​នាង​គិត​ថា​ភ្នែក​របស់​ខ្លួន​នៅ​តូច​ពេក​និង​ថ្គាម​របស់​ខ្លួន​វែង​ពេក។

 

 

នៅ​ពេល​ត្រូវ​សួរ​ថា​ក្នុង​ឆ្នាំ ២០១៦​នេះ នាង​ចង់​កែ​អ្វី​ទៀត Yu Ning បាន​តប​ថា​នាង​ចង់​វះកាត់​ឆ្អឹង​ជើង​ដើម្បី​ឲ្យ​បាន​ខ្ពស់​ជាង​មុន​​២​ទៅ​៣​​សង់ទីម៉ែត្រ​ទៀត។ គ្រាន់​តែ​ឮ​ពាក្យ​ទាំង​នេះ​របស់​កូន​ស្រី​ភ្លាម អ្នក​ម្ដាយ​វ័យ​៦១​ឆ្នាំ បាន​ហូរ​ទឹក​ភ្នែកច្រាវ​។ អ្នក​ស្រី​ប្រាប់​ថា​ខ្លួន​បារម្ភ​មាន​ថ្ងៃ​ណាមួយ​កូន​ស្រី​នឹង​ស្លាប់​ក្នុង​បន្ទប់​វះកាត់​ជាក់​ជា​មិន​ខាន៕

 

ចុចអាន៖Fan Bingbing បន្ត​ធ្វើ​ឲ្យ​គេ​មើល​មិន​ដាក់​ភ្នែក​ពេល​បង្ហាញ​ខ្លួន​ធ្វើ​ជា​គណៈកម្មការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖shanghaiist